រ៉ិកគី ឡាំបឺត៖ គ្រាប់​បាល់​១​គ្រាប់ ធ្វើ​ឲ្យ​សុបិន្ត​ខ្ញុំ​ក្លាយ​ជា​ការ​ពិត

ខ្សែប្រយុទ្ធ រ៉ិកគី ឡាំបឺត (Rickie Lambert) បាននិយាយថា គាត់បានសម្រេចក្តីសុបិន្តរបស់គាត់ បន្ទាប់ពីគាត់រកគ្រាប់បាល់បញ្ចូលទីបាន១គ្រាប់ ដោយការប្រើក្បាលតែតបញ្ចូលទី ឲ្យក្រុមជម្រើសជាតិអង់គ្លេស ក្នុងការបង្ហាញខ្លួនលើកដំបូង ក្នុងឆាកជីវិតរបស់គាត់។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 15, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធ រ៉ិកគី ឡាំបឺត (Rickie Lambert) បាននិយាយថា គាត់បានសម្រេចក្តីសុបិន្តរបស់គាត់ បន្ទាប់ពីគាត់រកគ្រាប់​បាល់បញ្ចូលទីបាន១គ្រាប់ ដោយការប្រើក្បាលតែតបញ្ចូលទី ឲ្យក្រុមជម្រើសជាតិអង់គ្លេស ក្នុងការបង្ហាញខ្លួនលើកដំបូង ក្នុងឆាកជីវិតរបស់គាត់។


កីឡាករខ្សែប្រយុទ្ធ រ៉ិកគី ឡាំបឺត របស់ក្រុមសៅហាំតុន។ (រូបថត http://efcfeelinblue.com)

ខ្សែប្រយុទ្ធក្រុម សៅហាំតុន (Southampton) វ័យ៣១ឆ្នាំ ដែលទើបតែត្រូវបានកោះហៅ ឲ្យចូលក្រុមជម្រើសជាតិអង់គ្លេស​លើកដំបូងនេះ បានប្រើបច្ចេកទេសតែតបញ្ចូលទីបានយ៉ាងល្អ បន្ទាប់ពីទទួលបានបាល់ជ្រុងពីកីឡាករ ឡៃតុន បែន (Leighton Baines) ហើយបានជួយឲ្យក្រុមតោកំណាចអង់គ្លេស យកឈ្នះក្រុមជម្រើសជាតិស្កុតឡែន ដោយលទ្ធផល ៣-២ នាកីឡាដ្ឋាន វែមប្លី (Wembley) កាលពីយប់ថ្ងៃពុធ។

ឡាំបឺត បាននិយាយថា៖ «វាជាគ្រាប់បាល់ទី១របស់ខ្ញុំ សម្រាប់ក្រុមជម្រើសជាតិ ហើយវាប្រហែលជាការប្រើ​ក្បាល់បញ្ជូន​បាល់​បញ្ចូលទីយ៉ាងល្អបំផុត ក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំបានទទួលវា (បាល់) ក្នុងពេលមួយដ៏ត្រឹមត្រូវ។ វាជាបាល់គួរឲ្យរន្ធត់មួយ​របស់បែន។ ខ្ញុំបានត្រៀមខ្លួនយ៉ាងល្អ ហើយគាត់ (បែន) បានទាត់បំប្លោងមកចំកន្លែងដែលខ្ញុំចង់បាន។»

គាត់បន្តថា៖ «នោះជាគ្រាប់បាល់១គ្រាប់គត់ ដែលខ្ញុំពាក់អាវជម្រើសជាតិអង់គ្លេស ហើយខ្ញុំមិនដែលនឹកស្មានថា នឹងមាន​ថ្ងៃនេះទេ។ ខ្ញុំមានក្តីសុបិន្តមួយ ចង់ធ្វើឲ្យបានដូចនេះ ជាយូរណាស់មកហើយ ហើយពេលនេះសុបិន្តរបស់ខ្ញុំ បានក្លាយមក​ជាការពិត។ ខ្ញុំបានព្យាយាមធ្វើឲ្យបានល្អ និងផ្តោតអារម្មណ៏យ៉ាងខ្លាំងបំផុត។ ខ្ញុំសូមអរគុណ សម្រាប់អ្វីៗគ្រប់យ៉ាង ដែល​ធ្វើឲ្យខ្ញុំសម្រេចក្តីសុបិន្តនេះ។»

ការរកគ្រាប់បាល់ជ័យជំនះ ក្នុងការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិអង់គ្លេស និងក្រុមស្តុតឡែនលើកដំបូង ក្នុង​រយៈពេល១៤ឆ្នាំនេះ បានធ្វើឲ្យឡាំបឺត រត់អបអរយ៉ាងសប្បាយរីករាយបំផុត ខណៈដែលគាត់អបអរមានគោលបំណង​២យ៉ាង ពោលគឺរីករាយចំពោះក្រុមជម្រើសជាតិ អង់គ្លេស និងទី២ រីករាយសម្រាប់កំណើតកូនស្រីរបស់គាត់ កាលពី​ពេល​ថ្មីៗនេះ។

គាត់បាននិយាយថា៖ «បរិយាកាស ពិតជាល្អបំផុត។ សម្រាប់ការប្រកួតលើកដំបូងរបស់ខ្ញុំ សម្រាប់ក្រុមជម្រើសជាតិ វាពិតជាមិនគួរឲ្យជឿ។»

ឡាំបឺត នឹងត្រឡប់ទៅហ្វឹកហាត់ជាមួយនឹងក្លិបរបស់គាត់វិញ ខណៈដែលក្រុមសៅហាំតុន នឹងប៉ះក្រុម វែសប្រូម (West Brom) នៅចុងសប្តាហ៏នេះ ក្នុងការប្រកួតបើកឆាកសប្តាហ៏ទី១ ក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League)។

ខ្សែប្រយុទ្ធឆ្នើមប្រចាំក្លិបរូបនេះ បានបន្ថែមថា៖ «ពេលនេះ ខ្ញុំផ្តោតអារម្មណ៏ធំបំផុត ធ្វើយ៉ាងណាឲ្យបានល្អនៅក្រុម​សៅហាំតុន ហើយនោះជាគោលដៅទី១។ ហើយខ្ញុំនឹងធ្វើវា ឲ្យកាន់តែប្រសើរជាងនោះទៀត នៅពេលអនាគត៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...