បទ​យក​ការណ៍៖ ​អង្គការ​សង្គមស៊ីវិល​បួង​សួង​ សុំ​សន្តិភាព​ក្រោយ​ការ​បោះឆ្នោត

«សូមកុំឲ្យកើតមានអំពើហិង្សានៅលើទឹកដីកម្ពុជា និងសូមឲ្យគណបក្សនយោបាយ ដែលឈ្នះឆ្នោត ហើយមាន​អាសនៈក្នុងរដ្ឋសភាធ្វើការជជែកពិភាក្សាគ្នា ស្វែងរកដំណោះស្រាយមួយដោយសន្តិវិធី ដើម្បីប្រយោជន៍ជាតិ ក៏ដូចជា​ប្រយោជន៍ប្រជាពលរដ្ឋទាំងមូល»។ នេះជាការលើកឡើង របស់ក្រុមអង្គការសង្គមស៊ីវិលចំនួនម្ភៃ ដែលបានបែងចែក​ជា​ពីក្រុម ដែលមានសមាជិកសរុបជាងពីររយហាសិបនាក់ មួយក្រុមនៅមុខវាំង និងមួយក្រុមទៀត​នៅវត្តភ្នំ ដើម្បីបួងសួងសុំ​សន្តិភាព ភាពយុត្តិធ៌ម។

ភ្នំពេញ៖ «សូមកុំឲ្យកើតមានអំពើហិង្សានៅលើទឹកដីកម្ពុជា និងសូមឲ្យគណបក្សនយោបាយ ដែលឈ្នះឆ្នោត ហើយមាន​អាសនៈក្នុងរដ្ឋសភាធ្វើការជជែកពិភាក្សាគ្នា ស្វែងរកដំណោះស្រាយមួយដោយសន្តិវិធី ដើម្បីប្រយោជន៍ជាតិ ក៏ដូចជា​ប្រយោជន៍ប្រជាពលរដ្ឋទាំងមូល»។ នេះជាការលើកឡើង របស់ក្រុមអង្គការសង្គមស៊ីវិលចំនួនម្ភៃ ដែលបានបែងចែក​ជា​ពីក្រុម ដែលមានសមាជិកសរុបជាងពីររយហាសិបនាក់ មួយក្រុមនៅមុខវាំង និងមួយក្រុមទៀត​នៅវត្តភ្នំ ដើម្បីបួងសួងសុំ​សន្តិភាព ភាពយុត្តិធ៌ម។


ក្រុមអ្នកបួងសួង នៅមុខព្រះបរមរាជវាំង។ (រូបថត MONOROOM.info/ O. Vary)

ដោយពេលវេលានេះត្រូវនឹងថ្ងៃសិលផងនោះ នៅឯព្រះអង្គដងកើ មុខព្រះបរមរាជវាំង ក៏មានការចូលរួមក្នុងយុទ្ធនាការនេះ ពីប្រជាពលរដ្ឋប្រមាណជិតមួយរយនាក់ និងព្រះសង្ឃជាងហាសិបអង្គផងដែរ។ ការជួបជុំគ្នានារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣នេះ នៅព្រះអង្គដងកើ មុខព្រះបរមរាជវាំង របស់អង្គការសង្គមស៊ីវិល ក្នុងគោលបំណងធ្វើសមាធិតាម​បែប​ពុទ្ធសាសនា គ្រឹះសាសនា និងមុស្លីមសាសនា។ បន្ទាប់មកពួកគេនិងពិធីធម្មយាត្រា ដង្ហែរជាក្បួនឆ្ពោះទៅ​រមណីយដ្ឋាន​វត្តភ្នំ ដើម្បីបន្តរធ្វើការបួសសួងសុំសុខសន្តិភាពជាបន្តរ។

ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន និងជាសមាជិកក្រុមការងារដើម្បីសន្តិភាពលោក ជាង សុខា បានបញ្ចាក់ថា ការជួបជុំនេះ មានគោលបំណងបួងសួង សុំឲ្យការដោះស្រាយផ្នែកនយោបាយ ក្រោយការបោះឆ្នោត ដោយសន្តិវិធី គ្មាន អំពើហិង្សា។ លោកបន្តរថា ការចាប់ផ្តើមឲ្យមានពិធីនេះឡើង ដោយសារតែមានការចល័តកងទ័ពច្រើន ដោយពុំព្រម​ទទួលយកការចចារចាដំណោះស្រាយ «ការជួបជុំគ្នានេះ អាចផ្ញើសារទៅគណបក្សនយោបាយ ឲ្យអង្គុយជជែកគ្នា ដោយ​សន្តិវិធី ដោយតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាសំខាន់»។

លោក បូ ពៅ ជាសមាជិកក្រុមការងារកសាងសន្តិភាព បានលើកឡើងថា ដោយសារតែមានការចល័តទ័ព ការជញ្ជូននូវ​លួសបន្លា របស់រាជរដ្ឋាភិបាល គួបផ្សំនិងការប្រកាសធ្វើមហាបាតុកម្មផងនោះ យើងដឹងថា និងមានអ្វីកើតឡើង។ ការជួប​ជុំនេះជាសារមួយ ផ្ញើរទៅអ្ននយោបាយ សូមឲ្យមានការចាប់ដៃគ្នា រវាងគណបក្សឈ្នះឆ្នោតទាំងអស់ ស្វែងរកដំណោះ​ស្រាយដោយសន្តិវិធី។

ក្នុងសម្លៀកបំពាក់ពណ៌បៃតង នាយកប្រតិបត្តិអង្គការគណកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា លោក សឿង សារឿន បានសម្តែងនូវក្តីបារម្មណ៍ចំពោះកាភ័យខ្លាចរបស់ប្រជាពលរដ្ឋ ក្រោយពេលបោះឆ្នោតនេះ។ លោកថា កម្ពុជាធ្លាប់​មាន​វិបត្តិដោយសារសង្គ្រាម ដូច្នេះមិនចង់ឲ្យមានសង្គ្រាមកើតឡើងនោះទេ។ «យើងត្រូវការសន្តិភាព ត្រូវការការអភិវឌ្ឍន៍ យើងត្រូវការរដ្ឋាភិបាល ដែលដឹកនាំប្រទេសប្រកបដោយនិរន្តរភាព»។

ចំណែកលោក ណុប សុខា មកពីអង្គការស្ពានសន្តិភាព បានមានចំណាប់អារម្មណ៍ថា ការបង្កើតឲ្យមានការជួបជុំគ្នានេះ ជាការបង្ហាញពីឆន្ទៈចង់បានសន្តិភាព ពិសេសចង់បានការជំនួបនៃប្រជុំគ្នា រវាងគណបក្សដែលមានឈ្មោះ​ក្នុងសភា​ធ្វើ​ការដោះស្រាយដោយសន្តិវិធី។ «អ្វីគ្រប់យ៉ាងត្រូវដោះស្រាយដោយសន្តិវិធី ការដោះស្រាយបែបហិង្សា និងទទួលបាន​មកវិញតាមបែបហិង្សា»។

កញ្ញា ឃន សុភី ជាបុគ្គលិករបស់អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ បានបង្ហាញនូវភាពភ័យខ្លាច​ជួស​ពលរដ្ឋ ដែលបានឃើញនូវការចល័តទ័ព និងរថក្រោះពីមូលដ្ឋានទ័ពមកកាន់រាជធានីភ្នំពេញ។ ប្អូនស្រីគិតថាស្ថានភាពចល័តទ័ព និងរថក្រោះនេះ ទំនងជាអាចនាំឲ្យមានការប្រើនូវអំពើហិង្សានាពេលខាងមុខ។

យុវជន ផង់ ពិណន់ បានសម្តែងចំពោះការចូលរួមថា ការចូលរួមនេះដើម្បីបួងសួងជាសវាង​នូវការធ្វើបាតុកម្មដោយ​អហិង្សាមួយ ដែលត្រូវបានបំបែកដោយការប្រើប្រាស់នូវហិង្សា។ ប្អូនបន្តរថា ប្អូនចង់បាននូវបាតុកម្មអហិង្សាមួយ ដែល​មានការគ្រប់គ្រងត្រឹមត្រូវ។ «សូមឲ្យេរូបភាពដែលគ្រោងនឹងកើតមានឡើង ជារូបភាពតាមបែបអហិង្សា»។

ព្រះភិក្ខុ លួន សាវាត ព្រះអង្គជាអ្នកស្វែងរកសិទ្ឌិសេរីភាព ដែលមានវត្តមានចូលរួមដែរនោះ ក៏បាន​អំពាវនាវឲ្យមាន​យុត្តិធម៌សង្គមក្រោយការបោះឆ្នោត និងសូមឲ្យកម្ពុជាគោរពសិទ្ធិមនុស្ស បញ្ឈប់អំពើហិង្សា ការគំរាមកំហែង ការបំភិត​បំភ័យ ដោយប្រើកំលាំងប្រដាប់អាវុធ ឬកំលាំងទ័ព។ «ការបំភិតបំភ័យ ការគម្រាមកំហែង ការប្រើកម្លាំងប្រដាប់អាវុធ មិន​មែនជាដំណោះស្រាយទេ ដំណោះស្រាយកើតចេញពីកាយ វាចារចិត្តដែលមានសុក្រិតយុត្តិធម៌។ (…) សូមឲ្យកាយ​សន្តិភាព វាចារសន្តិភាព ចិត្តសន្តិភាព ពោលគឺ មានសន្តិភាពជាមុន (…) យើងត្រូវការអ្នកដឹកនាំដែលមានសន្តិភាព។»

អ្នកវិភាគឯករាជលោក ឡៅ ម៉ុងហៃ បានសម្តែងនូវការគាំទ្រចំពោះការស្នើរសុំឲ្យមានសន្តិភាព ក្រោយការបោះឆ្នោតនេះ។ លោកពេញចិត្តនូវកំលាំងយុវជនដែលស្រលាញ់សន្តិភាព ហើយចង់បាននូវដំណោះស្រាយមួយដោយសន្តិវិធី តាមរយៈ​ការជួបចចារគ្នា។ លោកបានបង្ហាញនូវសុទិថិនិយមថា«ការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ និងអហិង្សា រឿងអ្វីការ​ចចារគ្នាស្វែងរកដំណោះស្រាយនៃវិបត្តិ ក្រោយការបោះឆ្នោតមិនអាចទៅរួចនោះ»។

គួកត់សម្គាល់ថា ក្រោយការបោះឆ្នោត គេសង្កេតឃើញមានការចល័តកងទ័ព និងរថក្រោះរាប់សិបគ្រឿង ចេញពីបណ្ដា​ខេត្តនានា ឆ្ពោះមកកាន់រាជធានីភ្នំពេញ។ ការដាក់ពង្រាយកម្លាំងប្រដាប់អាវុធ ស្ទើរគ្រប់កន្លែងក្នុងរាជធានីភ្នំពេញ ដោយ​បានបង្ហាញថាក្នុងបំណងការពារ ទប់ស្កាត់ការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត។

រហូតមកទល់ពេលនេះលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍សម្រាប់​ការបោះឆ្នោត បានចេញលិខិតចំនួនបីលើក (លើកចុងក្រោយពីថ្ងៃទី១២ ខែសីហា) ស្នើសុំ ដោយមានទម្រង់ជាការព្រមាន​ផងដល់ប្រជាពលរដ្ឋណា ដែលឆ្លៀតឱកាសក្នុងស្ថានភាពដែលតានតឹងរួចស្រាប់នេះ បង្កអស្ថិរភាពសង្គម ។ ការព្រមាន​នេះបានធ្វើឡើង ស្របពេលជាមួយនឹងការបញ្ជូនទ័ព មកដាក់ពង្រាយក្នុងរាជធានីនេះ ហាក់បីដូចជា​បាន​បង្ហាញនូវឃើញ​នូវចេតនា ឬគោលបំណងអ្វីមួយជា«អវិជ្ជមាន» សម្រាប់ការទាមទារ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ។ តែ​ទោះជាយ៉ាងណា​នេះក្តីក៏អត្ថន័យក្នុងលិខិតទាំងនោះបានស្នើរសុំឲ្យគណបក្សនយោបាយទាំងអស់ ប្រជាពលរដ្ឋដែល​ជា​ម្ចាស់ឆ្នោត ព្រម​ទាំងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច បន្តរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និង​សន្តិភាពសម្រាប់​ប្រទេសជាតិទាំងមូល ដោយធ្វើការដោះស្រាយតាមបែបសន្តិភាព ដោយសន្តិវិធី៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៤ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments