ជំហរ​គណបក្ស​ទាំង​៨ ចំពោះ​លទ្ធផល​ផ្លូវ​ការ​បឋម​នៃ​ការ​បោះឆ្នោត​របស់​​គ.ជ.ប

បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចប្រកាសលទ្ធផលបណ្តោះអាសន្ននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ គេសង្កេតឃើញថាមានប្រតិកម្មពីគ្រប់ទិសទី ជាពិសេសចេញពីគណបក្ស​នយោបាយទាំង៨ ក្នុងនោះមានទាំងប្រតិកម្មគាំទ្រ និងប្រតិកម្មបដិសេធច្រានចោល ចំពោះលទ្ធផលបណ្តោះអាសន្ននេះ។

បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចប្រកាសលទ្ធផលផ្លូវការបឋមនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ គេសង្កេតឃើញថាមានប្រតិកម្មពីគ្រប់ទិសទី ជាពិសេសចេញពីគណបក្ស​នយោបាយទាំង៨ ក្នុងនោះមាន​ទាំង​ប្រតិកម្មគាំទ្រ និងប្រតិកម្មបដិសេធច្រានចោល ចំពោះលទ្ធផលបណ្តោះអាសន្ននេះ។


នៅពេលចាំផ្ដើមរាប់សន្លឹកឆ្នោត ដែលបោះឆ្នោតហើយនៅម៉ោង៣រសៀល ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ នៅមណ្ឌល​វត្ត​វង្គត្តបូរី។ (រូបថត MONOROOM.info/ U.Bory)

តាមរយៈកិច្ចសម្ភាសជាមួយ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ គណបក្សសញ្ជាតិកម្ពុជា បានស្តែងការគាំទ្រចំពោះលទ្ធផល​ផ្លូវការបឋមនេះ។ លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា បានអះអាងថាគណបក្សរបស់លោក គោរព​ទៅ​តាមឆន្ទះប្រជាពលរដ្ឋនិងគោលការច្បាប់បោះឆ្នោត ដែលមាន គ.ជ.ប ជាអ្នកអនុវត្ត។

ចំពោះគណបក្សហ៊្វុនស៊ិនប៉ិចមិនបានសម្តែងការគាំទ្រ ចំពោះលទ្ធផលផ្លូវការបឋមនេះទេ។ តែផ្ទុយមកវិញគណបក្សនេះ តាមរយៈអគ្គលេខាធិការរបស់បក្ស លោក ញឹក ប៊ុនឆៃ បានផ្ញើរលិខិតមួយច្បាប់ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣ ទៅ គ.ជ.ប ដោយច្រានលទ្ធផលបណ្តោះអាសន្ននេះ ហើយបន្តទទូចអោយមាន ការបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើប​អង្កេតពីភាពមិនប្រក្រតី តែលោកបានបញ្ជាក់ថា នឹងមិនបង្កើតឲ្យមានជាបាតុកម្មអ្វីទេ។

លោក ចាន់ យ៉េត អនុប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យពន្យល់ថា ការទទួលយក ឬច្រានចោល​លទ្ធផល​ផ្លូវការបឋមនេះ ចង់មិនចង់ ការមិនទទួលយក ក៏ដូចជាការទទួលយកដែរ។ អនុប្រធានគណបក្សរូបនេះបន្ថែមថា៖ «អ្វី​គ្រប់យ៉ាងអាស្រ័យលើ គ.ជ.ប និងច្បាប់ ហើយគណបក្សយើងក៏តូចដែរ»។

ដោយឡែក គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានបន្ទរសម្លេងសម្តែងការគាំទ្រ ចំពោះលទ្ធផល​ផ្លូវការបឋមប្រកាសដោយ គ.ជ.បនេះ ដោយគ្នានស្ទាក់ស្ទើរ ខណៈលទ្ធផលផ្លូវការបឋម បង្ហាញថាគណបក្ស​នេះបាន​ទទួលជ័យជំនះនៅក្នុងការបោះឆ្នោត។ លោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានថ្លែង​ប្រាប់​វិទ្យុបារាំងផ្សាយជាខេមរភាសា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ នេះថា គណបក្សលោកនៅតែឈ្នះដឹកនាំរដ្ឋសភា និង​ដឹកនាំរដ្ឋាភិបាលដដែល។

បើយោងលើលទ្ធផលផ្លូវការបឋម ដែលប្រកាសឲ្យដឹងដោយ គ.ជ.ប នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ គេអាចសន្និដ្ឋាន​បានថា តួលេខនេះមិនខុសឆ្ងាយប៉ុន្មាន ពីរការអះអាងរបស់គណបក្សប្រជាជនកម្ពុជា កាលពីពេលមុន ដែលថាគណបក្ស​ប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ រីឯគណបក្សសង្រ្គោះជាតិទទួលបាន៥៥អាសនៈ ពីក្នុងចំណោម១២៣អាសនៈ។

ចំពោះគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលឈរនៅលេខរៀងទី៥ ក្នុងចំណោម៨គណបក្សនយោបាយ ដែលបាន​ចូល​រួមការបោះឆ្នោតនៅនីតិកាលទី៥ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចសុំការបំភ្លឺបានទេ ដោយលេខទូរស័ព្ទ​របស់​គណបក្ស ពុំអាចទំនាក់ទំនងបាន។ ស្រង់សម្ដីដោយវិទ្យុអាស៊ីសេរី អនុ​ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ លោក លឹម សំណាង បាន​មាន​ថ្លែងយ៉ាង​ខ្លី​ថា លទ្ធផល​នេះ​គឺ​អាច​ទទួល​យក​បាន​ ដោយ​បាន​ផ្ដល់​ទំនុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។

លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ បានធ្វើការប្រតិកម្មយ៉ាងខ្លាំងចំពោះលទ្ធផលផ្លូវការបឋម ដែលបាន​ប្រកាសឲ្យដឹងដោយ គ.ជ.ប នៅពេលនេះ។ លោកអះអាងថា លោកមិនឃើញមានភាព​យុត្តិធម៌ នៅក្នុងការបោះឆ្នោត​នេះទេ ព្រោះមានលួចបន្លំសន្លឹកឆ្នោត និងការអនុញាតឲ្យជនជាតិវៀតណាម យ៉ាងច្រើនមានសិទ្ធិបោះឆ្នោត។ ប្រធាន​គណបក្សរូបនេះបញ្ជាក់ថា៖ «ការបោះឆ្នោតនេះ គឺជាការរៀបចំឈ្នះរបស់គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប ដែលជា​ដៃគូរត្រូវរូវគ្នា»។

ទន្ទឹមនឹងនេះប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ឃឹម វាសនា បានច្រានចោលលទ្ធផលផ្លូវការបឋមនេះ។ លោក អះអាងថាមានភាពមិនប្រក្រតីជាច្រើន នៅក្នុងដំណើរការបោះឆ្នោតនេះ។ លោក ឃឹម វាសនា បន្ថែមថាដោយ​គណបក្សរបស់លោកតូច មានសម្លេងគាំទ្រតិច ដូចច្នេះលោកមិនអាចធ្វើអ្វីលើសពី ការបដិសេធមិនទទួលស្គាល់នេះទេ។

ផ្ទុយទៅវិញ សម្រាប់គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ហើយក៏ជាគូរប្រជែងដ៏​គ្រោះថ្នាក់ របស់គណបក្សកាន់អំណាចនោះ បានធ្វើការបដិសេធដាច់ខាត ចំពោះលទ្ធផលផ្លូវការបឋមនេះ ហើយអះអាង​ថាគណបក្សខ្លួនទើបជាអ្នកឈ្នះពិតប្រាកដ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១២ ខែសីហាឆ្នាំ២០១៣ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានចាត់ទុកការប្រកាសលទ្ធផលផ្លូវការបឋម ក្នុងពេលនេះបានបង្ក​ផល​ប៉ះពាល់ ដល់ដំណើរការចរចារបង្កើតគណៈកម្មការចម្រុះ។ ទោះយ៉ាងណាប្រធានគណបក្សប្រឆាំងរូបនេះ នៅតែទទូច​ឲ្យ​មានការចរចារបន្ត ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។ តែលោកបានទម្លាក់ការទទួលខុសត្រូវ ទៅលើ គ.ជ.ប ប្រសិន​បើមានបាតុភាពអ្វីមួយកើតឡើង។

សូមរម្លឹកថា ក្រោយការប្រកាសលទ្ធផលផ្លូវការបឋមដោយ គ.ជ.ប បានជម្រុញឲ្យក្រុមអង្គការសង្គមស៊ីវិលចំនួន៤០ បាន​សម្តែងការសោកស្តាយ ដែល គ.ជ.ប ប្រកាសលទ្ធផលនៅពេលនេះ។ ពួកគេអះអាងថាសកម្មភាពនេះ នឹងអាចបង្កឲ្យ​មានភាពតានតឹង ផ្នែកនយោបាយមួយកម្រិតទៀត ខណៈគណៈកម្មការចម្រុះមិនទាន់បានបង្កើត និងស៊ើបអង្កេតពីភាព​មិនប្រក្រតី៕

--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments