ទេព នីថា៖ គណៈកម្មការ​ចម្រុះ​មិន​អាច​បង្កើត​បាន​ទេ

ការបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងតំណើរការបោះឆ្នោត ទំនងជាមិនអាចបង្កើតទៅរួចនោះទេ នេះបើយោងលើការអះអាងរបស់លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។

ការបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងដំណើរការបោះឆ្នោត ទំនងជាមិនអាចបង្កើតទៅ​រួចនោះទេ នេះបើយោងលើការអះអាងរបស់លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។


លោកទេព នីថា អគ្គលេខាធិការ របស់គ.ជ.ប.។ (រូបថត O.Vary/ MONOROOM.info)

លោក ទេព នីថា បានបញ្ជាក់អះអាង ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ជាថ្មីឡើងវិញនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣​នេះថា៖ «គណៈកម្មការចម្រុះមិនអាចង្កើតបានទេ ព្រោះការទាមសមាសភាព ក្នុងគណៈកម្មការចម្រុះនៅក្រៅ​សមត្ថកិច្ច​របស់ គ.ជ.ប»។ អគ្គលេខាធិការរូបនេះ បានពន្យល់ថា គ.ជ.ប បានព្យាយាមជម្រុញ ការបង្កើតគណៈកម្មការចម្រុះនេះ ចំនួនពីរលើកមកហើយ តែមិនទទួលបានជោគជ័យនោះទេ។

លោកបន្តថា ដូចច្នេះ គ.ជ.ប មិនអាចពន្យាពេលទៀតបានទេ ចាំបាច់ត្រូវប្រកាសលទ្ធផលបណ្តោះអាសន្ននៅពេលនេះ ព្រោះជាគោលការណ៍ច្បាប់បោះឆ្នោត។ ទន្ទឹមនឹងនេះលោក ទេព នីថា បញ្ជាក់ថា៖ «គណបក្សនយោបាយ ដែលជំទាស់​ទៅនឹងលទ្ធផលបោះឆ្នោតទាំងមូល ឬផ្នែកណាមួយ អាចប្តឹងមក គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ ក្នុងរយៈពេល៧២​ម៉ោង»។

តែទោះជាយ៉ាងណាក្តី ការប្រកាសលទ្ធផលបណ្តោះអាសន្ននៅពេលនេះ ត្រូវបានក្រុមអង្គការសង្គមស៊ីវិល​ជាង៤០អង្គការ​សមាគម សម្បែងការខកចិត្ត និងហៅសកម្មភាពនេះថាជាការផ្តាច់ផ្លូវចរចារ​ហើយក៏បណ្តាលឲ្យមានភាព​មានតានតឹង​ បន្ថែមទៀត។

សូមរម្លឹកថាគណៈកម្មការចម្រុះ និងមានភាពឯករាជ្យត្រូវបានស្មើរឲ្យបង្កើត ដោយគណបក្សសង្រ្គោះជាតិ ដើម្បីស៊ើប​អង្កេតរួមគ្នា ពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត។ ប៉ុន្តែគណៈកម្មការចម្រុះនេះ បានជួបភាពចម្រូង​ចម្រាសក្នុង​ការបង្កើត ដោយហេតុថាការចរចារមិនត្រូវគ្នា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ អំពីតួនាទី​និង​សមាសភាពក្នុងគណៈកម្មការចម្រុះ។

បើទោះជាលទ្ធផលបណ្តោះអាសន្នបានប្រកាសហើយក្តីក៏លោក គល់ បញ្ញានាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បី​ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល (COMFREL) បានពន្យល់ថា វាមិនជាការចាំ​បាច់ចំពោះវត្តមានរបស់ គ.ជ.ប នៅក្នុងគណៈកម្មការចម្រុះនោះទេ។ ព្រោះគណបក្សនយោបាយទាំងពីរ បន្ទាប់ពីការ​ចរចារគ្នា​មានចំណុចត្រូវគ្នាច្រើនហើយ អំពីការបង្កើតគណៈកម្មការចម្រុះ។

លោក គល់ បញ្ញា បន្ថែមថាគណបក្សទាំងពីរ អាចចរចារជាមួយគ្នាបន្តទៀត អំពីចំណុចទាំងឡាយណាដែលមិនទាន់ត្រូវ ដើម្បីឈានទៅបង្កើតគណៈកម្មការចម្រុះនេះ ឲ្យលេចចេញជារូបរៀង។

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះ នៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ បាន​បដិសេធមិនទទួលស្គាល់ លទ្ធផលបណ្តោះអាសន្ន ដែលចេញផ្សាយដោយ គ.ជ.ប និងចាត់ទុកការប្រកាស​លទ្ធផល​បណ្តោះអាសន្ន ក្នុងពេលនេះបានបង្កផលប៉ះពាល់ដល់ដំណើរការចរចារ។ អនុប្រធានគណបក្សប្រឆាំងរូបនេះ នៅតែ​ទទូចឲ្យមានការចរចារបន្ត ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។ តែលោកបានទម្លាក់ការទទួលខុសត្រូវ ទៅលើ គ.ជ.ប ប្រសិនបើមានបាតុភាពអ្វីមួយកើតឡើង។

--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments