អ្នក​ច្បាប់​បារាំង៖ បង្កើត​សភា​​ឯក​​បក្ស ជា​​ការ​​មើល​​ងាយ​​ម្ចាស់​ឆ្នោត និង​ជំហាន​ទៅ​រក​ភាព​ផ្ដាច់​ការ

ការបកស្រាយយ៉ាងប្រទាំងប្រទើស ពីច្បាប់រដ្ឋធម្មនុញ្ញ ដោយមន្ត្រីរបស់គណបក្សនយោបាយជាប់ឆ្នោតទាំងពីរ ដើម្បី​ឲ្យ​រដ្ឋសភាអាចបើក សម័យប្រជុំរបស់ខ្លួនជាលើកដំបូងបាន ស្ថិតនៅជាបច្ចុប្បន្នភាពនៅឡើយ។ តែអ្វី ដែលអ្នកតាមដាន​ស្ថានការណ៍នយោបាយមិនយល់ និងផ្ទុះសំណើចទប់មិនបាននោះ គឺក្រុមអ្នកបកស្រាយដែលតាំងខ្លួនជាបណ្ឌិត ឬអ្នក​ច្បាប់ធំៗនោះផង ដូចជាចង់និយាយអោយតែខ្លួនឯងត្រូវ និងបានបកស្រាយរដ្ឋធម្មនុញ្ញ ទៅតាមតែឆន្ទះដែល​គណបក្ស​ខ្លួនឯងគាំទ្រចង់បានទៅវិញ ហើយភ្លេចគិត និងលែងយល់ថា តើរដ្ឋសភាជាអ្វីឲ្យពិតប្រាកដ។

ការបកស្រាយយ៉ាងប្រទាំងប្រទើស ពីច្បាប់រដ្ឋធម្មនុញ្ញ ដោយមន្ត្រីរបស់គណបក្សនយោបាយជាប់ឆ្នោតទាំងពីរ ដើម្បី​ឲ្យ​រដ្ឋសភាអាចបើក សម័យប្រជុំរបស់ខ្លួនជាលើកដំបូងបាន ស្ថិតនៅជាបច្ចុប្បន្នភាពនៅឡើយ។ តែអ្វី ដែលអ្នកតាមដាន​ស្ថានការណ៍នយោបាយមិនយល់ និងផ្ទុះសំណើចទប់មិនបាននោះ គឺក្រុមអ្នកបកស្រាយដែលតាំងខ្លួនជាបណ្ឌិត ឬអ្នក​ច្បាប់ធំៗនោះផង ដូចជាចង់និយាយអោយតែខ្លួនឯងត្រូវ និងបានបកស្រាយរដ្ឋធម្មនុញ្ញ ទៅតាមតែឆន្ទះដែល​គណបក្ស​ខ្លួនឯងគាំទ្រចង់បានទៅវិញ ហើយភ្លេចគិត និងលែងយល់ថា តើរដ្ឋសភាជាអ្វីឲ្យពិតប្រាកដ។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)

មនោរម្យព័ងអាំងហ្វូធ្លាប់បានសរសេរ ក្នុងអត្ថបទរបស់ខ្លួនយ៉ាងហោចណាស់ ក៏មានចំនួនពីរអត្ថបទរួចហើយ ពីការបក​ស្រាយរដ្ឋធម្មនុញ្ញ ទាក់ទងនឹងការបើកសម័យប្រជុំ របស់រដ្ឋសភានៃនិតិកាលនីមួយៗ។ នៅក្នុងអត្ថបទនេះ ទស្សនាវដ្ដី​បានជួបជាមួយនឹងអ្នកច្បាប់ជនជាតិបារាំងមួយរូប រស់នៅទីក្រុងប៉ារីសប្រទេសបារាំង ដែលរូបលោកផ្ទាល់ ធ្លាប់បាន​ចូលរួមពង្រាងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា នៅឆ្នាំ១៩៩៣ ជាមួយនឹងអ្នកច្បាប់ដទៃទៀត។ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ លោកនឹងបង្ហាញជម្រាប ពីមូលហេតុសមញ្ញៗ «ស្រួលយល់»មួយចំនួន ដែលរដ្ឋសភាចាំបាច់ ត្រូវមានសមាជិក​យ៉ាង​តិច​១២០រូប ដើម្បីធ្វើជា​រដ្ឋសភារបស់រាស្ត្រ និងរបស់ជាតិទាំងមូល តែមិនមែនជារដ្ឋសភារបស់គណបក្សខ្លាំងមួយ ដែលចង់​បានតែអំណាច​នោះ​ឡើយ។

មាត្រា៧៦ ក្នុងជំពូក៧ស្ដីអំពីរដ្ឋសភា នៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា បានចែងថា «រដ្ឋសភាមានសមាជិក​ជា​តំណាងរាស្ត្រយ៉ាងតិច១២០រូប»។ សួរថា ហេតុអ្វីក៏១២០រូប? ហេតុអ្វីការកំណត់ចំនួនសមាជិកនៅក្នុងមាត្រានេះ មាន​ភាពចាំបាច់ដោយខានមិនបាន សម្រាប់បង្កើតរដ្ឋសភា? ដូច្នេះ គេត្រូវស្វែងយល់ឲ្យច្បាស់ជាមុន ពីមូលដ្ឋានគ្រឹះរបស់វា។

រដ្ឋសភារបស់«ប្រជាជាតិទាំងមូល» មិនមែនប្រជាជាតិមួយចំហៀងទេ

ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាដែលបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិ បាន​យកគំរូតាមបទដ្ឋានអន្តរជាតិបែបបារាំង។ ហេតុដូច្នេះហើយ គេតោងយល់ថា តំណាងរាស្ត្រមួយរូបត្រូវតំណាង​ឲ្យរាស្ត្រ​មានចំនួនយ៉ាងតិចណាស់១១ម៉ឺននាក់ គិតជាមធ្យមក្នុងមណ្ឌលមួយ។ តាមន័យនេះ និងបើគិតយោងទៅតាមចំនួន​ប្រជា​ពលរដ្ឋម្ចាស់ឆ្នោត នៅតាមមណ្ឌលនានានៅទូទាំងប្រទេស ចំនួនតំណាងរាស្ត្រដែលត្រូវបានគេគណនានៅឆ្នាំ១៩៩៣​នោះ មានចំនួន១២០រូប ដែលជាចំនួនមួយតិចបំផុត។ ចំនួន«តិចបំផុត» ឬ«យ៉ាងតិច» ដោយសារតែចំនួននេះអាចនឹង​កើនឡើង នៅនិតិកាលក្រោយៗមកទៀត បើគេយោងទៅលើកំណើនប្រជាជន នៅតាមមណ្ឌលនីមួយៗ​ជារៀងរាល់​ឆ្នាំ​នោះ។

ដូច្នេះ រដ្ឋសភាត្រូវមានតំណាងរាស្ត្រយ៉ាងតិច១២០នាក់ ដើម្បីអាចជារដ្ឋសភារបស់«ប្រជាជាតិទាំងមូល» មកពីគ្រប់​និន្នាការ​នយោបាយ ដែលនាំឲ្យមានការឲ្យឈ្មោះថា ជារដ្ឋសភាពហុបក្ស នៃប្រទេសដែលកាន់​របបប្រជាធិបតេយ្យ​សេរី​និយម។ គេមិនអាច​និយាយ​ថា គ្មានសមាជិក១រូបដែលមកពីគណបក្សមួយ ដែលធ្វើឲ្យរដ្ឋសភាមាន​សមាជិកថយមកត្រឹម​តែ១១៩រូប ហើយ​វានឹងនៅតែជារដ្ឋសភាគ្រប់លក្ខណៈ ដែលតំណាងឲ្យជាតិទាំងមូលនោះបានទេ ព្រោះវាបាត់​តំណាង​រាស្ត្រម្នាក់ ដែល​តំណាងឲ្យរាស្ត្រចំនួន១១ម៉ឺននាក់។ ក្នុងរបបប្រជាធិបតេយ្យពិត សម្លេងរាស្ត្រសូម្បីតែម្នាក់ ក៏គេត្រូវគិត​នៅក្នុងនោះដែរ។ គេមិន​ត្រូវ​គិតថា មួយសម្លេងរបស់ប្រជាពលរដ្ឋ គ្រាន់តែជាសម្លេង«ភាគតិច» ដែលអាចបំបាត់ចោល ហើយខាង«អញ»ជាសម្លេងភាគច្រើន ចង់ធ្វើម៉េចក៏បាននោះឡើយ។

ករណី«ប្លន់»អសនៈតំណាងរាស្ត្រ

ចំណុចមួយទៀត បង្ហាញពីភាពចាំបាច់របស់មាត្រានេះ ដែលបានកំណត់មក ថាឲ្យរដ្ឋសភាត្រូវតែមានសមាជិក​យ៉ាងតិច​១២០រូប។ អ្នកច្បាប់បារាំងរូបនេះ បានលើកឧទាហរណ៍មួយមកបញ្ជាក់ថា៖ ក្រោយការបោះឆ្នោត គណបក្ស«ក»នោះ មានសមាជិកសភាជាប់ឆ្នោត២០រូប តែ​គណបក្ស«ក»នេះ មានអំណាចទ័ពមានកាំភ្លើង ក៏ស្រាប់តែប្រើប្រាស់អំណាចនេះ ទៅភ្ជង់គម្រាមតំណាងរាស្ត្រ​១០០រូប​ផ្សេងទៀត កុំឲ្យចូលប្រជុំ។

ដូច្នេះ បើគ្មានមាត្រាដែលចែងពីសមាជិកភាពយ៉ាងតិច១២០រូបនេះទេ តំណាងរាស្ត្រតែ២០រូប​របស់គណបក្ស«ក» ក៏អាច​បង្កើតជារដ្ឋសភាមួយបានដែរ។ បន្ទាប់មកទៀត គណបក្ស«ក»អាចនឹងចោទតំណាងរាស្ត្រ នៃ​គណបក្សដទៃទៀតថាបាន​បោះបង់ចោលអសនៈរបស់ពួកគេ ហើយនឹងអាលយកអាសនៈទាំងនោះ មកចែកឲ្យក្រុម​តំណាងរាស្ត្រគណបក្ស«ក»​ទាំង​អស់។ ករណីនេះ គេហៅថា ជាការ«ប្លន់»កៅអីតំណាងរាស្ត្រ របស់រាស្ត្រ។

នេះគ្រាន់តែជាឧទាហរណ៍មួយសមញ្ញប៉ុណ្ណោះ ដែលអាចយកមកបញ្ជាក់ ពីភាពចាំបាច់ជា«មូលដ្ឋានគ្រឹះ» ធ្វើឲ្យ​មាត្រា​៧៦នៃ​ច្បាប់​រដ្ឋធម្មនុញ្ញមានសារសំខាន់ ដោយខានមិនបាន ក្នុងការបង្កើតឲ្យមានជារដ្ឋសភាពេញរូបរាង ហើយ​មិនអាច​ឲ្យនរណាម្នាក់រំលង ឬចង់បកស្រាយទៅតាមខ្លួននឹកឃើញនោះបានឡើយ។

សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ថ្ងៃទី២២ខែកក្កដាឆ្នាំ២០០៣

បើគេក្រឡេកទៅមើលសេចក្ដីសម្រេចមួយ របស់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ចុះថ្ងៃទី២២ខែកក្កដាឆ្នាំ២០០៣ ក៏បានបក​ស្រាយយ៉ាងច្បាស់ដែរ ទាក់ទងនឹងសុពលភាពរបស់រដ្ឋសភានៅគ្រប់និតិកាល ដោយលើកយកភាព​ចាំបាច់នៃ​មាត្រា​៧៦ ​មកបញ្ហាក់។ សេចក្ដី​សម្រេចនេះ លោកអ្នកអាចទាញយកបាន ពីគេហទំព័រនៃក្រុមប្រឹក្សាធម្មនុញ្ញចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីពង្រីកអាន

រហូតមកដល់ពេលនេះ បើមិនទាន់មានសេចក្ដីសម្រេចណាមួយផ្សេង របស់ក្រុមប្រឹក្សាធម្មនុញ្ញ ចេញប្រកាសពីមោឃភាព ឬ​លប់ពីលើសេចក្ដីសម្រេចចាស់ទេ សេចក្ដីសម្រេចថ្ងៃទី២២ខែកក្កដាឆ្នាំ២០០៣ នឹងនៅរក្សាសុពលភាពរបស់វាជាដរាប។

ការប្រើប្រាស់ព្រះមហាក្សត្រ ជាខែលដើម្បីស្វែងរកភាពស្របច្បាប់ឲ្យក្រុមមួយ

ចំពោះការលើកឡើងនូវមាត្រា ៨២ថ្មី ដែលសរសេរថា «រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយ​ពេល​បោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ» យកមកបកស្រាយថា «បើព្រះមហាក្សត្រទ្រង់កោះហៅហើយ រដ្ឋសភា​ត្រូវតែបើកសម័យប្រជុំ ហើយសមាជិកទាំង១២០រូបត្រូវតែចូលរួម»នោះ ជាការប្រើប្រាស់ព្រះមហាក្សត្រ (ឬជាការបង្ខំ​ព្រះមហាក្សត្រ) ដោយរំលោភទៅលើរដ្ឋធម្មនុញ្ញ និងគោលការណ៍«រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ»។

ព្រះមហាក្សត្រទ្រង់គង់នៅកណ្ដាល និងជាម្លប់ដល់ប្រជារាស្ត្រគ្រប់និន្នាការនយោបាយ ហើយវាក្យខ័ណ្ឌខាងលើនេះ មិន​បានបញ្ជាក់ថាថាព្រះមហាក្សត្រ«ត្រូវតែកោះប្រជុំ»នោះទេ។ រាល់ការសម្រេចកោះប្រជុំ​ណា​មួយរបស់ព្រះមហាក្សត្រ ត្រូវ​តែស្របតាមគ្រប់មាត្រានៃរដ្ឋធម្មនុញ្ញ ដែលបានចែងជាច្បាប់ដ៏កំពូលរបស់ប្រទេស បើទោះជាទ្រង់ជាអង្គព្រះ​មហាក្សត្រ​នៃព្រះរាជាណាចក្រក៏ដោយ។ ដូច្នេះ មុននឹងទ្រង់ធ្វើការកោះប្រជុំ ព្រះមហាក្សត្រ​ព្រះអង្គអាចយោងទៅលើ​មូលហេតុពីរ​យ៉ាង៖ ការស្រុះស្រួលគ្នារវាងក្រុមគណបក្សនយោបាយ ដែលទើបនឹងជាប់ឆ្នោត​នៅ​ក្នុងរដ្ឋសភា ឬការបក​ស្រាយ​អំពី​ធម្មនុញ្ញភាពនៃការកោះប្រជុំនេះ ពីក្រុមប្រឹក្សាធម្មនុញ្ញ។

«សុពលភាពនៃអាណត្តិរបស់សមាជិក»នីមួយៗ មិនមែនជាសុពលភាពនៃរដ្ឋសភាទាំងមូល

មួយវិញទៀត មូលដ្ឋានគ្រឹះនៃ«រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ» មានន័យថាស្ថាប័នរដ្ឋសភាជាតិ មិនត្រូវអាស្រ័យ ឬដាក់​ស្ថិតនៅ​ក្រោមស្ថាប័នព្រះមហាក្សត្រនោះទេ។ ​ទ្រង់​អាចកោះប្រជុំឲ្យតំណាងរាស្ត្រជាប់ឆ្នោតទាំងនោះ មកស្បថនិង​ទទួល​អភ័យឯកសិទ្ធិ ដូចមានចែងនៅក្នុង​រដ្ឋធម្មនុញ្ញ ប៉ុន្តែទ្រង់មិនមានរាជភារកិច្ច ក្នុងការបង្កើតឲ្យមានជា​រដ្ឋសភា​ជាតិនោះ​ឡើយ។

ដូចក្នុងវាក្យខ័ណ្ឌបន្តនៃមាត្រា ៨២ថ្មីនេះ ដែលបាននិយាយបញ្ជាក់ ពីការប្រកាស«សុពលភាពនៃអាណត្តិរបស់​សមាជិក»​នីមួយៗ និងបង្គាប់ត្រូវឲ្យជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកនៃគណកម្មាធិការរបស់រដ្ឋសភានោះ អ្នកច្បាប់បារាំង​បាននិយាយថា ពាក្យថាប្រកាសពីសុពលភាពនៃ«សមាជិក»នីមួយៗ មិនមែនជាសុពលភាព​របស់«រដ្ឋសភា»​ទាំងមូល​នោះ​ទេ។ អ្វីដែលវាក្យខ័ណ្ឌនេះចែងឡើង សុទ្ធសឹងជា«និតិវិធី»បន្តបន្ទាប់នៃដំណើរប្រព្រឹត្តិទៅរបស់រដ្ឋសភា នៅក្រោយពេល​ដែល​រដ្ឋសភាមានរូបរាងរួចហើយតែប៉ុណ្ណោះ។

ដូច្នេះ មុននឹងអនុវត្តន៍នូវការកោះប្រជុំ និងនិតិវិធីអ្វីផ្សេងៗនោះ សុពលភាពឬរូបរាងរបស់រដ្ឋសភាជាតិ ត្រូវបានគេប្រកាស​ជាមុនសិន ដោយ​មាន​ការចូល​រួមបំពេញលក្ខណៈ ​ពី​គ្រប់សមាជិកអ្នក​តំណាងរាស្ត្រ(យ៉ាងតិច)ទាំង ១២០រូប ដូចដែល​ស្មារតីរបស់រដ្ឋធម្មនុញ្ញចាត់ទុកថា វាជាការតំណាង«ឲ្យរាស្ត្រនៃប្រទេស»ទាំងមូល។ ឬបើនិយាយមកឲ្យខ្លី គេត្រូវកាត់​អាវ​តម្រូវខ្លួន តែមិន​មែនកាត់ខ្លួនមកតម្រូវអាវនោះទេ។

អ្នកច្បាប់ជនជាតិបារាំងបានបញ្ចប់សេចក្ដីថា រាល់ការប៉ុនប៉ងទាំងកំហឹងទល់កំហល់ទាំងឡាយ យកមាត្រាច្បាប់​នៃ​រដ្ឋ​ធម្មនុញ្ញ មកបក​ស្រាយឬយកមកអនុវត្តផ្ទុយ ពីមូលដ្ឋានគ្រឹះដូចបានរៀបរាប់ខាងលើ ហើយស្រេចតែនឹងចិត្តនឹកឃើញ វានឹងនាំទៅដល់ការ«យល់ច្រឡំ»របស់សាធារណជន ហើយក៏ជា«ជំហានអវិជ្ជមាន»ដែរ ក្នុងការនាំប្រទេសកម្ពុជា​ឲ្យ​ក្លាយជានិតិរដ្ឋ។ រីឯការប៉ុនប៉ុនបង្កើតរដ្ឋសភា ដោយមានគណបក្សតែមួយចូលរួម ហើយផាត់គណបក្សជាប់ឆ្នោត​ដទៃ​ទៀតឲ្យនៅខាងក្រៅ វាជាការម៉ាក់ងាយទៅដល់ម្ចាស់ឆ្នោត ហើយវានឹងជម្រុញឲ្យរបប«ផ្ដាច់ការ» អាចនឹងកើតមានវិញ​នៅកម្ពុជា៕

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments