សម រង្ស៊ី សរសេរ​លិខិត​ទៅ បាន គីមូន អគ្គ​លេខា​ធិការ​អ.ស.ប រឿង​ឆ្នោត«បន្លំ»​

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរលិខិតមួយទៅ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ដើម្បីថ្លែងប្រាប់អំពីភាពមិនប្រក្រតី ដែលបានកើតមានឡើង នៅជុំវិញការបោះឆ្នោតជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ២០១៣នេះ។ លិខិតនេះ ត្រូវបានអ្នកតាមដានព្រឹត្តិការណ៍កម្ពុជាមើលឃើញថា លោកកំពុងស្វះស្វែងរកការគាំទ្រ ឲ្យ​កាន់តែមានទម្ងន់ថែមទៀត មិនត្រឹមតែសម្រាប់ការទាមទារឲ្យមានការត្រួតពិនិត្យឡើងវិញ នូវរាល់ដំណើរការបោះឆ្នោត​ទាំងនេះ​ទេ តែក៏សម្រាប់ឲ្យចលនានយោបាយរបស់គណបក្សលោកផងដែរ។

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរលិខិតមួយទៅ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ដើម្បីថ្លែងប្រាប់អំពីភាពមិនប្រក្រតី ដែលបានកើតមានឡើង នៅជុំវិញការបោះឆ្នោតជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ២០១៣នេះ។ លិខិតនេះ ត្រូវបានអ្នកតាមដានព្រឹត្តិការណ៍កម្ពុជាមើលឃើញថា លោកកំពុងស្វះស្វែងរកការគាំទ្រ ឲ្យ​កាន់តែមានទម្ងន់ថែមទៀត មិនត្រឹមតែសម្រាប់ការទាមទារឲ្យមានការត្រួតពិនិត្យឡើងវិញ នូវរាល់ដំណើរការបោះឆ្នោត​ទាំងនេះ​ទេ តែក៏សម្រាប់ឲ្យចលនានយោបាយរបស់គណបក្សលោកផងដែរ។


លោក សម រង្សី រូបថតនៅក្នុងបណ្ដាញហ្វេសប៊ុក របស់លោក។

បន្ទាប់ពីបានចាកចេញប្រកបដោយភាពមន្ទិល ពីប្រទេសកម្ពុជានៅយប់ថ្ងៃទី០៦ ចូលថ្ងៃទី០៧ខែសីហា ដើម្បីធ្វើដំណើរ​ទៅចូលរួមក្នុងពិធីមង្គលការ របស់កូនស្រីរបស់លោកនៅសហរដ្ឋអាមេរិក លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនៅកម្ពុជា បានចេញផ្សាយនៅថ្ងៃទី០៨ខែសីហានេះ នូវលិខិតមួយផ្ញើរទៅលោក បាន គីមូន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បីជម្រាបលោកឲ្យបានដឹងពីភាពមិនប្រក្រតីទាំងឡាយ និងស្នើសុំឲ្យអង្គការ​កំពូល​​របស់​ពិភពលោកនេះ បន្ត«តួនាទី»របស់ខ្លួនជាបន្តទៅទៀត សម្រាប់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

លិខិតជាភាសាអង់គ្លេស ចុះហត្ថលេខាតាំងពីថ្ងៃទី០៥ខែសីហា ដែលម​នោរម្យព័ងអាំងហ្វូបានទទួលមួយច្បាប់ដែរនោះ បានសរសេរជាអាថ៌ថា ការបោះឆ្នោត​ដែលរៀបចំឡើងដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មិនបាន​ប្រព្រឹត្តិទៅដោយ សេរីនិងយុត្តិធម៌​នោះ​ទេ។ «យើងជឿជាក់ថា មានភាពមិនប្រក្រតីជាច្រើនលើសលប់ បានកើតឡើង​ក្នុងអំឡុងពេលបោះឆ្នោត ដើម្បីរៀបចំ​លទ្ធផលមួយ ដែលមិនបានឆ្លុះបញ្ចាំងពីឆន្ទះ របស់ប្រជាជនកម្ពុជាពិតប្រាកដ»។

នៅក្នុងការបោះឆ្នោតថ្ងៃទី២៨ខែកក្កដា លទ្ធផលបឋមបានឲ្យដឹងថា គណបក្សប្រជាជានកម្ពុជារបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន ទទួលបានចំនួនអសនៈ៦៨ ទល់នឹងគណបក្សប្រឆាំងរបស់លោក សម រង្ស៊ី ៥៥អសនៈ នៅក្នុងរដ្ឋសភា ដែលមានចំនួនកៅអីទាំងអស់១២៣អសនៈ។ គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសពីជ័យជំនះរបស់ខ្លួនដែរ ថាបាន​ឈ្នះអសនៈចំនួន៦៣ទល់នឹងគណបក្សប្រជាជន ៦០អសនៈ។

ប៉ុន្តែអង្គការជាតិ និងអន្តរជាតិដែលបានធ្វើការឃ្លាំមើល ការបោះឆ្នោត បានបរិហារពីភាពមិនប្រក្រតីជាច្រើន ថាបាន​កើត​ឡើងនៅអំឡុងពេលបោះឆ្នោតនេះ។ មានរបាយការណ៍ជាច្រើននៅក្រោយថ្ងៃបោះឆ្នោត បាននិយាយថា ការគម្រាម​កំហែង រហូតដល់ទៅវាយសម្លាប់ បានកើតមានទៅលើអ្នកគាំទ្រគណបក្សប្រឆាំង នៅតាមមូលដ្ឋានមួយចំនួន។ អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស ក៏បានអះអាងដែរពីការលួចបន្លំសន្លឹកឆ្នោត រៀបចំឡើងដោយគណបក្សប្រជាជន​កម្ពុជា និងផ្សំ​គំនិត​ដោយគ​.ជ.ប ថាបានកើតមាននៅស្ទើរពាសពេញប្រទេស។

ថ្លែងក្នុងលិខិតដដែលនោះ មេដឹកនាំគណបក្សប្រឆាំង បានបន្តទៀតថា គណបក្សសង្គ្រោះជាតិជឿជាក់ថា អង្គការ​សហ​ប្រជាជាតិ និងបន្តតួនាទីដ៏សំខាន់របស់ខ្លួន ដើម្បីដំណើរការប្រជាធិបតេយ្យដែលនៅផុយស្រួយនៅឡើយ នៅក្នុង​ប្រទេស​កម្ពុជា។ លោក សម រង្ស៊ីក៏បានរំលឹកផងដែរថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស បានកំណត់ឲ្យអង្គការសហប្រជាជាតិ និង​ប្រទេសកម្ពុជា ធ្វើនូវកតព្វកិច្ចរបស់ខ្លួន ដើម្បីប្រគល់ឲ្យប្រទេសនេះវិញ នូវលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាម​រយៈ​ការបោះឆ្នោតដោយ «សេរី និងយុត្តិធម៌»។

«គណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយ ដើម្បីពិនិត្យស៊ើបអង្កេតទៅលើ​ភាព​មិន​ប្រក្រតីទាំងនោះ ដើម្បីបញ្ជៀសនូវភាពជាប់គាំងនៃការប្រកាសលទ្ធផល»។ លោកបន្តថា «គណបក្សសង្គ្រោះ ​ជាតិ សូម​ទាមទារដោយទទូច នូវវត្តមានរបស់អង្គការសហប្រជាជាតិ (...) ដើម្បីឃ្លាំមើលនូវដំណើរការទាំងឡាយ ដើម្បី​លទ្ធផល​ឆ្នោតដែលនឹងប្រកាសដោយគជប ចេញពីការបោះឆ្នោតមួយសេរី និងយុត្តិធម៌»។

ចាកចេញពីកម្ពុជាទាំងមន្ទិល

មុននឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក លោក សម រង្ស៊ី បានឆ្លងកាត់ក្នុងរយៈពេលខ្លីមួយ នៅប្រទេសបារាំង ដើម្បី​ឆ្លៀត​ឱកាសថ្លែងអំណរគុណ ទៅដល់ពលរដ្ឋដែលមានដើមកំណើតខ្មែរនៅប្រទេសបារាំង និងនៅទ្វីបអ៊ឺរ៉ុប ដែលបាន​គាំទ្រជ្រោមជ្រែងគណបក្សរបស់លោក ដែលទើបតែបង្កើតបានជាងមួយឆ្នាំប៉ុណ្ណោះ ពីការបូកបញ្ចូលរវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា។

ទាក់ទងនឹងការចាកចេញពីប្រទេសកម្ពុជា ក្នុងខណៈពេលដែលលោកទើបនឹងប្រកាស អំពាវនាវឲ្យអ្នកគាំទ្រធ្វើ​បាតុកម្ម​នោះ មតិមួយចំនួនបានធ្វើការបកស្រាយថា ជាការបោះបង់ចោលកូនទាហាន របស់មេទ័ពកំពូលមួយរូប។ មតិខ្លះទៀត​ថែមទាំងបានរិះគន់ថា នេះជាវប្បធម៌រត់ចោលស្រុក របស់មេដឹកនាំប្រឆាំងនោះទៀតផង។ តែមតិមួយចំនួនទៀត ដែល​ស្និតនឹងគណបក្សប្រឆាំង បានថ្លែងការពារលោកថា មិនមែនគ្រាន់តែទៅចូលរួម ពិធីមង្គលការរបស់កូនស្រី​លោក​ប៉ុណ្ណោះទេ តែ«លោកចេញទៅនេះ ដើម្បីធ្វើការងារធំ»៕

------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments