២គ្រាប់​របស់​ដ្រក់បា ជួយ​ឲ្យ​កាឡា​តា​សា​រ៉ៃ លើក​ពាន​អេមីរ៉េត

អតីតខ្សែប្រយុទ្ធក្រុមឆែលស៊ី (Chelsea) ឌីឌីយើ ដ្រក់បា (Didier Drogba) បានចុះពីកៅអីកីឡាករបម្រុងនៅពាក់កណ្តាល​វគ្គទី២ និងបានទាត់បញ្ចូលទី២គ្រាប់ លើក្រុមកាំភ្លើងធំអាសិណល (Arsenal) ហើយបានជួយឲ្យក្រុមកាឡាតាសារ៉ៃ (Galatasaray) លើកពាន អេមីរ៉េត (Emirates Cup) បន្ទាប់ពីក្រុមរបស់ទួរគីមួយនេះ យកឈ្នះដោយលទ្ធផល ២-១។

អតីតខ្សែប្រយុទ្ធក្រុមឆែលស៊ី (Chelsea) ឌីឌីយើ ដ្រក់បា (Didier Drogba) បានចុះពីកៅអីកីឡាករបម្រុងនៅពាក់កណ្តាល​វគ្គទី២ និងបានទាត់បញ្ចូលទី២គ្រាប់ លើក្រុមកាំភ្លើងធំអាសិណល (Arsenal) ហើយបានជួយឲ្យក្រុមកាឡាតាសារ៉ៃ (Galatasaray) លើកពាន អេមីរ៉េត (Emirates Cup) បន្ទាប់ពីក្រុមរបស់ទួរគីមួយនេះ យកឈ្នះដោយលទ្ធផល ២-១។


កីឡាករ ឌីឌីយើ ដ្រក់បា នៅពេលលើកពានរង្វាន់ អេមីរ៉េត។ (រូបថត AP/Scanpix)

កីឡាករអន្តរជាតិកូឌឺវ័រ វ័យ៣៥ឆ្នាំ ដែលបានចាកចេញពីឆែលស៊ី បន្ទាប់ពីជួយឲ្យតោខៀវឈ្នះឆែមពានលីក (Champions League) កាលពីឆ្នាំ២០១២ និងផ្ទេរទៅកាន់ក្រុមសៀងហៃ សៀនហួរ (Shanghai Shenhua) នៅក្នុងប្រទេសចិនបាន​មួយ​រយះពេលខ្លី នៅតែមានទម្រង់លេងល្អដដែល បន្ទាប់ពីទាត់បញ្ចូលទីចុងម៉ោងទៅលើក្រុមជើងខ្លាំងរបស់អង់គ្លេស។

ខ្សែបម្រើប្រយុទ្ធរបស់អង់គ្លេស ថេអូ វ៉ាលខត (Theo Walcott) បានរកគ្រាប់បាល់បើកឆាកឲ្យម្ចាស់ផ្ទះនាំមុខមុន នៅចុង​ម៉ោងវគ្គទី១ នៅនាទីទី៣៩។ នៅវគ្គទី២ ខ្សែប្រយុទ្ធក្រុមកាឡាតាសារ៉ៃ ឌីឌីយើ ដ្រក់បា បានប្តូរចូល ហើយក៏បានបញ្ចេញ​ថ្វីជើងគ្រាប់ទី១ នៅនាទីទី៧៨ ដោយបាល់ប៉េណាល់ទី និងបន្ថែម១គ្រាប់ទៀត នៅចុងម៉ោងនាទីទី៨៨ ជួយឲ្យក្រុម​ជើង​ឯករបស់ទួរគីលើកពានអេមីរ៉េតយ៉ាងរីករាយ។

ខ្សែប្រយុទ្ធបារាំង វ័យ២០ឆ្នាំ យ៉ាយ៉ា សាណូហ្គូ (Yaya Sanogo) ដែលអាសឺណល ទើបតែទិញចូលនៅក្នុងរដូវក្តៅនេះ ក៏​បានបង្ហាញខ្លួនឲ្យក្រុមដែរ ខណៈដែលខ្សែបម្រើអេស្ប៉ាញ សាន់ទី កាស្សូឡា (Santi Cazorla) ក៏បានត្រឡប់​មកជួយ​ក្រុម​ដូចគ្នា បន្ទាប់ពីសម្រាកមួយរយះ ក្រោយប្រកួតពានរង្វាន់ ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup)។

អាសឺណល បានប្តូរកីឡាករចូលយ៉ាងច្រើន ហើយបានគ្របដណ្តប់យ៉ាងខ្លាំង ខណៈដែលខ្សែបម្រើ អាឡិច អ៊ុកឡែដ​ឆាំបឺឡិន (Alex Oxlade-Chamberlain) មានឱកាសនៅក្នុងប្រអប់ទី២ ទៅ៣លើក ប៉ុន្តែធ្វើពុំបានសម្រេច។ ខ្សែប្រយុទ្ធ អូលីវីយើ ចឺរ៉ូដ (Olivier Giroud) ក៏មានឱកាសលោតតែតបានមួយដែរ ប៉ុន្តែត្រូវអ្នកចាំទីជួយសង្គ្រោះបាន។

អាសឺណល នឹងត្រូវត្រៀមជើងប្រកួតមិត្តភាពចុងក្រោយ នៅចុងសប្តាហ៏នេះ ដែលនឹងត្រូវប៉ះជាមួយក្រុមជើងឯករង ម៉ែនឆេស្ទើ ស៊ីធី (Manchester City) មុនពេលដែលត្រូវប្រកួតបើកឆាករដូវកាលដំបូង ជាមួយនឹងក្រុមអាស្តុន វីឡា (Aston Villa) នៅថ្ងៃទី១៧ ខែសីហាខាងមុខ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments