សម រង្ស៊ី-កឹម សុខា៖ គណបក្ស​​សង្គ្រោះ​​ជាតិ​​ឈ្នះ និង​ទទួល​បាន​យ៉ាង​តិច​៦៣​កៅអី

ថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងពេលចុងក្រោយនេះ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុង​ប្រទេសកម្ពុជា បានអះអាងឡើងវិញ ពីជ័យជំនះរបស់ខ្លួន លើគណបក្សប្រជាជនកម្ពុជា របស់នាយករដ្ឋមន្ត្រីចាំផ្ទះលោក ហ៊ុន សែន ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៥ឆ្នាំ២០១៣នេះ។

ថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងពេលចុងក្រោយនេះ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុង​ប្រទេសកម្ពុជា បានអះអាងឡើងវិញ ពីជ័យជំនះរបស់ខ្លួន លើគណបក្សប្រជាជនកម្ពុជា របស់នាយករដ្ឋមន្ត្រីចាំផ្ទះលោក ហ៊ុន សែន ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៥ឆ្នាំ២០១៣នេះ។


លោក សម រង្ស៊ី និងកឹម សុខា ធ្វើសន្និសិទរួមគ្នា នៅទីស្នាក់ការកណ្ដាលគណបក្ស។ (រូបថត MONOROOM.info/ O.Vary)

ប្រធានគណបក្សលោក សម រង្សី បានប្រកាសថា គណបក្សសង្គ្រោះជាតិរបស់លោក បានឈ្នះយ៉ាងហោចណាស់ ៦៣​កៅអី ពីក្នុងចំណោមអសនៈទាំង១២៣កៅអី នៅក្នុងរដ្ឋសភា ហើយថាលោក និងគណបក្សរបស់លោក កំពុងត្រៀម​ខ្លួន​ដឹកនាំរដ្ឋាភិបាលថ្មី ដែលមានរូបលោកជានាយករដ្ឋមន្ត្រី។ លោកថែមទាំងនិយាយថា អ្វីដែលលោកបាននិយាយក្នុងពេល​នេះ ជា​ការបញ្ជាក់ឡើងវិញជាមួយនឹងតួលេខច្បាស់លាស់ នូវអ្វីដែលគណបក្សរបស់លោក បានចេញសេចក្ដីថ្លែងការណ៍​ភ្លាមមួយ ក្រោយពីការបោះឆ្នោតនៅថ្ងៃអាទិត្យទី២៨ ខែកក្កដា។

ប្រភពដែលឈានទៅដល់ការអះអាងនេះ លោក សម រង្សី បានបញ្ជាក់តាមកិច្ចសម្ភាសមួយ ក្នុងវិទ្យុអាស៊ីសេរីថា ដោយ​សារភ្នាក់ងារគណបក្សរបស់លោក បានផ្ដល់ពីតាមខេត្តមកជាបណ្ដើរៗ។ ប្រធានគណបក្សប្រឆាំងរូបនេះថ្លែងថា «យើង​បានទទួលតួលេខជាបណ្ដើរៗ ពីគ្រប់ខេត្តក្រុមទាំងអស់ ជាពិសេសទម្រង់ ១១០៤ យើងបូកសរុបបញ្ចូលទៅ មកទល់​នឹង​ម៉ោងនេះ យើងបាន៦៣កៅអី។ ហើយខ្ញុំជឿថា នឹងឡើងបានច្រើនជាងនេះ។ (...) គណបក្សប្រជាជនបាន៦០ យើង (គណបក្សសង្គ្រោះជាតិ) បាន៦៣។»

ទាក់ទងនឹងតួលេខដែលផ្ដល់ដោយអង្គការសង្គមស៊ីវិល ដែលមានជំនាញខាងការឃ្លាំមើលការបោះឆ្នោត ខមហ្វ្រែល លោក សម រង្ស៊ី បានពន្យល់ថា នឹងធ្វើការផ្ទៀងផ្ទាត់គ្នា នៅពេលបានតួលេខមករួមគ្នាទាំងអស់។ អង្គការនេះ បានប្រកាស​កាលពីថ្ងៃច័ន្ទទី២៩ខែកក្កដា ថាគណបក្សសង្គ្រោះជាតិបានទទួល៥៦កៅអី ទល់នឹងគណបក្សប្រជាជន៦៧អសនៈ ដែល​ខុសបន្ដិចពីការផ្សាយរបស់គ.ជ.ប ដែលថា គណបក្សសង្គ្រោះជាតិបានតែ ៥៥កៅអី។

ចំណែកលោកកឹម សុខា វិញ បានសង្កត់ធ្ងន់ពីការលួចបន្លំ បានកើតមានយ៉ាងខ្លាំង ក្នុងដំណើរការនៃការបោះឆ្នោត ទាក់​ទងនឹងឈ្មោះស្ទួន បាត់ឈ្មោះ បោះឆ្នោតជំនួស និងបញ្ហាទឹកខ្មៅជ្រលក់ដៃនោះជាដើម ដោយទាមទារអោយបង្កើត​ជា​គណៈកម្មការចម្រុះ និងឯករាជ្យមួយ ដែលមានការចូលរួមពីអង្គការសហប្រជាជាតិផង ដើម្បីធ្វើការអង្កេតលើ​ករណី​ទាំង​នេះ។ អនុប្រធានគណ​បក្សប្រឆាំងរូបនេះ បានអះអាងថា រវាងគណបក្សទាំងពីរ (ប្រជាជន និងសង្គ្រោះជាតិ) មានគម្លាត​គ្នាតែជាង២សែនសម្លេងប៉ុណ្ណោះ។ ដូច្នេះជាងពីរសែនសម្លេងនេះ បានបាត់បង់ដោយសារការលួចបន្លំ និងភាពមិន​ប្រក្រតី​ទាំងឡាយក្នុងពេលបោះឆ្នោត ដែលបើតាមលោក អាចមានសម្លេងរាប់សិបលាន ច្រើនជាងឆ្ងាយពីភាពខុសគ្នាតែ២សែន​សម្លេងនេះទៅទៀត ដែលសុទ្ធតែជាសម្លេងគាំទ្ររបស់គណបក្សសង្គ្រោះជាតិ។

ជាមួយនឹងប្រធានគណបក្ស ដែលជាដៃគូរ«ស្លាប់រស់មួយជីវិត»របស់លោក លោក កឹម សុខា បានអំពាវនាវឲ្យ​គណបក្ស​ប្រជាជន ទទួលស្គាល់ជ័យជំនះរបស់គណបក្សសង្គ្រោះជាតិ ដើម្បីដោះស្រាយបញ្ហាជាតិទៅមុខទាំងអស់គ្នា។ លោកបាន​បកស្រាយថា «ទោះបីមានការលួចបន្លំសន្លឹកឆ្នោតប៉ុណ្ណេះហើយ មណ្ឌលដែលមេដឹកនាំគណបក្ស​ប្រជាជនទាំងបីនាក់​ឈរឈ្មោះ សុទ្ធតែចាញ់គណបក្សសង្គ្រោះជាតិទាំងអស់។ មេបក្សប្រជាជន (លោក ជា ស៊ីម) ឈរនៅភ្នំពេញ ចាញ់​គណបក្សសង្គ្រោះជាតិ។ មេមួយទៀត (លោក ហ៊ុន សែន) នៅខេត្តកណ្ដាល ចាញ់សង្គ្រោះជាតិ និងមេមួយទៀតនៅ​ខេត្តកំពង់ចាម (លោក ហេង សំរិន) ចាញ់សង្គ្រោះជាតិ។ ចាញ់មេទាំងបី ដូចជាចាញ់ទៅហើយ។»

ការចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោតខាងលើ ត្រូវបានច្រានចោលដោយរដ្ឋាភិបាលនៅថ្ងៃអង្គារទី៣០ខែកក្កដានេះ ហើយ​ក៏​បាន​បដិសេធផងដែរ ការស្នើសុំរបស់គណបក្សប្រឆាំង ទាក់ទងនឹងការបង្កើតគណៈកម្មការចម្រុះ ដើម្បីអង្កេត​លើភាព​មិន​ប្រក្រតីទាំងនេះ។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ លោក អ៊ុច បូរិទ្ធ បានអះអាងថា «មានអ្នកសង្កេតការណ៍ជាតិច្រើនជាង ១០ ពាន់នាក់ និងអន្តរជាតិ ច្រើនជាង១០០នាក់ បាន​ចាត់​ទុក​ការបោះឆ្នោតរបស់យើង ថាបានប្រព្រឹត្តិទៅដោយអហឹង្សា បញ្ជៀសបានពីគ្រប់ហឹង្សា សេរី និងយុត្តិធម៌»។ លោក អ៊ុច បូរិទ្ធ​ បានបន្ថែមថា «យើងនឹងសុំឲ្យគណបក្សប្រឆាំង ផ្ដល់មកឲ្យយើងនូវភស្ដុតាង ពីការលើកឡើងទាក់ទង​នឹងភាព​មិន​ប្រក្រតីទាំងនោះ»។

ផ្ទុយពីការអះអាងរបស់រដ្ឋាភិបាល ទាក់ទងនឹងអ្នកសង្កេតការណ៍អន្តរជាតិនោះ សហរដ្ឋអាមេរិក និងសហគមន៍​អ៊ឺរ៉ុប​ដែល​តំណាងឲ្យប្រទេសទាំង២៧នៅទ្វីបអ៊ឺរ៉ុប បាន​ចេញសេចក្ដីថ្លែងការណ៍ សម្តែង​ការ​ព្រួយ​បារម្ភរបស់ផងខ្លួន ​ពី​របាយការណ៍​ទាំងឡាយ ស្ដីពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន​នៅ​ពេល​បោះឆ្នោត។ ក្រុមប្រទេសលោកខាងលិចទាំងនេះ បាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ ដោយ​ពេញ​លេញ​និង​តម្លាភាព​មួយ​ លើ​​ភាព​មិន​ប្រក្រតី​ទាំង​នោះ៕

--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments