សង្គម​ស៊ីវិល​បន្ទោស​គ.ជ.ប ជា​អ្នក​ទទួល​ខុស​ត្រូវ ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ខ្វះ​យុត្តិធម៌

ភ្នំពេញៈ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជាដែលហៅកាត់ថា ខុមហ្រ្វែល បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានថា គ.ជ.ប ពុំមានទម្រង់ ១២០២ នៅគ្រប់មណ្ឌលបោះឆ្នោត សម្រាប់ប្រជាជនប្តឹង នៅក្នុងថ្ងៃបោះឆ្នោតតំណាងរាស្ត្រអាណាត្តិទី៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៨ កន្លងមកនេះ រហូតបង្កឲ្យមានអំពើហឹង្សាកើតឡើង។

ភ្នំពេញៈ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជាដែលហៅកាត់ថា ខុមហ្រ្វែល បានថ្លែងនៅ​ក្នុងសន្និសិទសារព័ត៌មានថា គ.ជ.ប ពុំមានទម្រង់ ១២០២ នៅគ្រប់មណ្ឌលបោះឆ្នោត សម្រាប់ប្រជាជនប្តឹង នៅក្នុងថ្ងៃបោះ​ឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៨ កន្លងមកនេះ រហូតបង្កឲ្យមានអំពើហឹង្សាកើតឡើង។


ការបោះឆ្នោតរបស់ពលរដ្ឋកម្ពុជា នៅមណ្ឌលវត្តវង្គត្តបូរី​ ថ្ងៃទី២៨ខែកក្កដា។ (រូបថត MONOROOM.info/ O.Vary)

លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជាដែលហៅកាត់ថា ខុមហ្រ្វែលបានថ្លែងឲ្យដឹងថា លោកមានការសោកស្តាយចំពោះគ.ជ.ប ដោយសារនៅមុនពេលបោះឆ្នោត គ.ជ.បបាន​និយាយ ថាមិនអីទេគេនឹងទុកទូរស័ព្ទ៣ទៅ៤ខ្សែ ដើម្បីឲ្យពលរដ្ឋទូរស័ព្ទមកប្តឹងបើមានបញ្ហាបញ្ជីឈ្មោះ ប៉ុន្តែនៅក្នុងថ្ងៃ​បោះឆ្នោត ហាក់ដូចជាកើតជាប្រព័ន្ធ ដោយសារនៅការរិយាល័យទាំងអស់ អត់មានទម្រង់១២០២។ លោកបានអះអាងថា ៖«ប្រជាពលរដ្ឋមានការអត់ធ្មត់ខ្លាំងណាស់ គាត់ចង់ប្រើប្រាស់សិទ្ធិ ក្នុងការប្តឹងដើម្បីទាមទារសិទ្ធិបោះឆ្នោត​របស់​គាត់ ហើយពលរដ្ឋបានទូរស័ព្ទមកច្រើន សួរនាំខ្ញុំអំពីរឿងនោះ ហើយខ្ញុំក៏បានជម្រុញឲ្យប្តឹង​ ប៉ុន្តែរកពាក្យបណ្តឹងនោះ​អត់​មាន​គ្រប់​ការរិយាល័យ»។

លោកបានថ្លែងឲ្យដឹងទៀតថា ប្រសិនបើគ.ជ.បបានធ្វើទម្រង់១២០២នោះ គឺពិតជាពុំមានរឿងកើតឡើង រហូតដល់មាន​ហឹង្សានោះទេ ហើយគ.ជ.ប គួរតែរៀបចំយន្តការមួយ ឲ្យបានតម្លាភាពនៅក្នុងបញ្ហាប្រជាពលរដ្ឋរកឈ្មោះមិនឃើញនោះ។ លោកបានពន្យល់ថា ៖«ខ្ញុំមានការសោកស្តាយ ហើយមិនដឹងថាគ.ជ.ប មានចេតនាយ៉ាងម៉េច ដោយខ្លួនឯង​និយាយ​ថា​ត្រូវឲ្យមានពលរដ្ឋដាក់ពាក្យបណ្តឹង ប៉ុន្តែនៅថ្ងៃម្សិលម៉ិញនោះ គ្នាយើងខលនោះខលៗ អត់លើកនិងអត់ចូល ដូច្នេះត្រូវ​តែអង្កេតបញ្ហានេះឲ្យបានច្បាស់ បើមិនដូច្នេះទេយើងចោទប្រជាពលរដ្ឋប្រើអំពើហឹង្សា ឃាត់អ្នកនេះឃាត់អ្នកនោះ យើង​មិនអាចចោទប្រជាពលរដ្ឋកើតទេ គឺជាការទទួលខុសត្រូវរបស់គ.ជ.ប»។

លោកធន់ សារាយ ប្រធានសមាគមអាដហុកបានថ្លែងឲ្យដឹងថា ដើម្បីបញ្ចៀសបញ្ហាទាំងអស់នេះបាន គឺអង្គការ​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍ជាតិនិងអន្តរជាតិនាំគ្នាធ្វើយ៉ាងម៉េចឲ្យមានការកែទម្រង នូវសមាសភាពគ.ជ.ប ហើយប្រសិនបើមានការកែទម្រងថ្នាក់ជាតិ ក៏អាចនឹងមានការកែរទម្រងដល់ថ្នាក់ខេត្ត ភូមិ ឃុំ ប្រសិនបើមានតុល្យភាព នៃសមាសភាពយ៉ាងហោចណាស់ អាចនឹងមានតុល្យភាពនៅក្នុងការរៀបចំការបោះឆ្នោត ឲ្យមានលក្ខណៈយុត្តិធម៌​ច្រើន​ជាងនេះ។ លោកបានឲ្យផ្ដល់គំនិតថា ៖ «យើងសុំអំពាវនាវឲ្យគ.ជ.ប សហការជាមួយអង្គការសង្គមស៊ីវិល ដើម្បីផ្តល់​នូវ​ឯកសារនានា ដែលចង់បានពីព្រោះឯកសារទាំងនោះ មិនត្រូវលាកលៀមនោះទេ ហើយប្រសិនបើមិនមានការសហការ​ទេនោះ គឺជាបញ្ហាមួយដ៏ធំ»។

រីឯលោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការ និកហ្វិកបានថ្លែងឲ្យដឹងថា ដើម្បីកុំឲ្យមានវិបត្តិបញ្ជីបោះឆ្នោតនេះ គឺ គ.ជ.ប ត្រូវទទួលស្គាល់បញ្ជីដែលផលិតដោយ គ.ជ.បគឺមិនទាន់ល្អនៅឡើយទេ ហើយត្រូវធ្វើការកែរទម្រង់ ទៅតាមលក្ខណៈ​បច្ចេកទេសត្រឹមត្រូវ ហើយលក្ខណៈបច្ចេកទេសគឺត្រូវទទួលស្គាល់ដោយសារធារណៈជនដែលចូលរួម។ លោកបាន​បញ្ជាក់ថា ៖ «គ.ជ.ប ឈ្មោះដែលត្រូវលប់មិនលប់ ហើយឈ្មោះដែលមិនត្រូវលប់គឺលប់»។

លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប ពុំអាចទំនាក់ទំនងដើម្បីធ្វើការអត្ថាធិប្បាយបានទេ កាលពីថ្ងៃម្សិលម៉ុញ។

ទាក់ទិនទៅនិងភាពមិនប្រក្រតីនោះ កាលពីថ្ងៃទី ២៨ ខែកក្កដា នៅមណ្ឌលបោះឆ្នោតសាលាស្ទឹងមានជ័យ រថយន្ត ២ គ្រឿងប្រភេទ២បាំងកន្លះ របស់កងរាជអាវុធហត្ថ ត្រូវរងការកម្ទេចដោយក្រុមអ្នកតវ៉ា និងត្រូវបាន​ភ្លើងឆេះខូចខាត​ទាំង​ស្រុង បន្ទាប់ពីប្រធានមណ្ឌលបោះឆ្នោត បានព្យាយាមមិនដោះស្រាយការបាត់ឈ្មោះ របស់អ្នកបោះឆ្នោតជាង ៣០០ ដែល​ពួកគេទាមទារឲ្យបង្ហាញភស្តុតាង និងហេតុផលដែលធ្វើឲ្យឈ្មោះទាំងនោះត្រូវបាត់ ខណៈដែលពួកគាត់មាន​ឯកសារផ្លូវ​ច្បាប់គ្រប់គ្រាន់។

សូមបញ្ជាក់ថា សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលបឋម និងមិនផ្លូវការនៃការបោះឆ្នោតជាតិ របស់អង្គការ ខុមហ្វ្រែល បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៧អាសនៈ និងគណបក្សសង្គ្រោះជាតិ ទទួលបាន៥៦អាសនៈ ដោយ​មានកំហុសត្រង់ខេត្តក្រចេះ គណបក្សប្រជាជនទទួលបាន១ អាសនៈ គណបក្សសង្គ្រោះជាតិទទួលបាន២ អាសនៈ ប៉ុន្តែ ការរាយការណ៍របស់ណបក្សប្រជាជនកម្ពុជា បានបង្ហាញថានៅក្នុងខេត្តក្រចេះគណបក្សនេះទទួលបាន២ អសនៈ និង​គណបក្សសង្គ្រោះជាតិទទួលបាន១ អាសនៈ៕

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments