គ.ជ.ប រង​ការ​ចោទ​ប្រកាន់​ថា ជា​អ្នក​បច្ចេកទេស «ខ្វះ​ជំនាញ»

រាល់សំណើររបស់លោក សម រង្សី ត្រូវបានបដិសេធជាបន្តបន្ទាប់ ពីប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ពីប្រធានរដ្ឋសភា ក៏ដូចជា ពីគ.ជ.ប ដែលបានបិទផ្លូវទាំងស្រុង សម្រាប់ការចុះឈ្មោះ មេដឹកនាំគណបក្សប្រឆាំងរូបនេះ ក្នុងការបោះឆ្នោត​អាណត្តិ​ទី៥នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ខាងមុខនេះ។ មតិមួយចំនួន បានទម្លាក់ការទទួលខុសត្រូវ ទៅលើ​គណកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត ហៅកាត់ថាគ.ជ.ប ថាមិនបានបំពេញតួនាទីខ្លួនឲ្យបានត្រឹមត្រូវ ជា«អ្នកបច្ចេកទេស»។

រាល់សំណើររបស់លោក សម រង្សី ត្រូវបានបដិសេធជាបន្តបន្ទាប់ ពីប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ពីប្រធានរដ្ឋសភា ក៏ដូចជា ពីគ.ជ.ប ដែលបានបិទផ្លូវទាំងស្រុង សម្រាប់ការចុះឈ្មោះ មេដឹកនាំគណបក្សប្រឆាំងរូបនេះ ក្នុងការបោះឆ្នោត​អាណត្តិ​ទី៥នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ខាងមុខនេះ។ មតិមួយចំនួន បានទម្លាក់ការទទួលខុសត្រូវ ទៅលើ​គណកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត ហៅកាត់ថាគ.ជ.ប ថាមិនបានបំពេញតួនាទីខ្លួនឲ្យបានត្រឹមត្រូវ ជា«អ្នកបច្ចេកទេស»។


លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់លោក។ (រូបថត គណបក្សសង្គ្រោះជាតិ)

ទន្ទឹមនឹងការរៀបចំបោះឆ្នោតជាច្រើនអាណត្តិកន្លងមក ស្ថាប័នជាតិរៀបចំការបោះឆ្នោត របស់ប្រទេសកម្ពុជាមួយនេះ នៅ​តែរងការរិះគន់ថា មិនទាន់បានបំពេញតួនាទីប្រកបដោយ សុចរិតភាព និងយុត្តិធម៌ត្រឹមត្រូវនោះនៅឡើយ។ ជាពិសេស នៅពេលមានការស្នើសុំសិទ្ធិឲ្យបានពេញលេញ សម្រាប់ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីបានចូលរួមប្រកួតប្រជែង​ដោយស្មើភាព ក្នុងពេលបោះឆ្នោតសកលអាណត្តិទី៥ថ្ងៃទី២៨ខែកក្កដាខាងមុខនេះ។ ស្ថាប័ន«អាជ្ញាកណ្ដាល»នេះ ត្រូវ​បានគេមើលឃើញថា អង្គុយចាំតែទទួល ឬចាំតែបដិសេធប៉ុណ្ណោះទៅវិញ។

លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានថ្លែងប្រាប់មនោរម្យព័ងអាំងហ្វូ​ថា នៅពេលបុគ្គលណាម្នាក់ ត្រូវបានប្រកាសថាមានទោស ដោយសាលក្រមមួយ ក្នុងនោះបើ(វា)មានបញ្ជាក់ពីទោសបន្ថែម ដូចជាការដកសិទ្ធិបោះឆ្នោតជាដើម នោះទើបគេអាចលប់ឈ្មោះចេញពីបញ្ជីបោះឆ្នោតបាន។ តើគាត់ (គ.ជ.ប) សំអាង​ទៅ​លើអ្វី បានជាហ៊ាន លប់ឈ្មោះគេ បើសាលក្រមមិនបង្ហាញពីការលប់ឈ្មោះផងនោះ? ចុះហេតុអ្វីបានជា គ.ជ.ប ទទួល​ស្គាល់ថាត្រឹមត្រូវទៅកើត?

ឆ្លើយតបនឹងការរិះគន់ខាងលើ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប នៅតែបានបញ្ជាក់ដោយខ្លីថា «គ.ជ.ប បានប្រាប់​គាត់ហើយ គ.ជ.ប បានអនុវត្តតាមច្បាប់ហើយ ផ្អែកតាមច្បាប់បោះឆ្នោតមិនអាចធ្វើអ្វីបានទេ ឲ្យគ.ជ.ប ប្រាប់អ្វីទៀតបើថា​មិន​បាន​ហើយនោះ»។

លោកអគ្គលេខាធិការបន្តរថា ការស្នើសុំចុះឈ្មោះរបស់លោក សម រង្ស៊ី បានដាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយក្រុមប្រឹក្សា​ធម្មនុញ្ញក៏បានបដិសេធដែរ៖ «គ.ជ.ប មិនអាចធំជាង ក្រុមប្រឹក្សាធម្មនុញ្ញនោះទេ។ គ.ជ.ប គ្រាប់តែអនុវត្តតាម​សេចក្តី​សម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញ។ មិនមែនជាសមត្ថកិច្ចគ.ជ.បទេ ឯក្រុមប្រឹក្សាធម្មនុញ្ញ ក៏ថាមិនមែនជាសបត្ថកិច្ច​របស់​គាត់ដែរ ព្រោះរឿងនេះបានចប់អស់ហើយ។»

ឯលោក យ៉ង់ គឹមអេង បានបង្ហាញទៀតថា សម្រាប់គ.ជ.ប នៅប្រទេសកាន់ប្រជាធិបតេយ្យផ្សេងទៀត មិនអាចជ្រើសរើស​ផ្លូវតែមួយ យ៉ាងដូច្នេះទេ ព្រោះគាត់ជាអ្នកជំនាញ ជាអ្នកបច្ចេកទេស។ លោកបកស្រាយថា «អ្នកជំនាញ មិនអាច​និយាយ​ថា “មិនអាចឆ្លើយតប” បាននោះទេ ត្រូវតែបង្ហាញលទ្ធភាពដល់គេថា តើត្រូវធ្វើអ្វីខ្លះ? ដើម្បីអាចចុះឈ្មោះបាន ត្រូវធ្វើ​យ៉ាង​ម៉េច? ហើយក៏មិនអាចនិយាយាយត្រឹមតែ “ខ្ញុំធ្វើទៅតាមច្បាប់ទេ ឬខ្ញុំអនុវត្តទៅតាមច្បាប់ទេ” ពាក្យនេះនណាក៏ចេះ​និយាយបានដែរ។ (…) អ្នកបច្ចេកទេស មិនអាចនិយាយដោយបិទផ្លូវដូច្នេះនោះទេ និងក៏មិនអាចបង្ហាញ នូវចម្លើយមួយ​ដែលគ្មានដោះណោះស្រាយនោះដែរ។» លោកបន្តរថា គ.ជ.ប គាត់ត្រូវបង្ហាញពីលទ្ធភាពនៃការដោះស្រាយ នោះទើគេ​ហៅថា«ចំ»ជាអ្នកជំនាញ។

ចំពោះលោក យ៉ែម ប៉ុញ្ញារិទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ក៏បានរិះគន់ផងដែរ នូវរាល់ចំណាត់ការរបស់ គ.ជ.ប ទាំង​ការបិទទ្វាប្រជុំ មិនឲ្យអ្នកស្នើរសុំចូលធ្វើការជជែកពិភាក្សា។ ពិសេសជាងនេះទៀតនោះ គ.ជ.ប មិនដែលបានបក​ស្រាយ ឬពន្យល់ថាត្រូវធ្វើយ៉ាងណា ដើម្បីបានចុះឈ្មោះនៅមុនការបោះឆ្នោរនោះទេ គ្រាន់តែនិយាយថាចាំបោះឆ្នោត​ហើយ​ទៅ​វិញ។

ទាក់ទងនឹងការច្រានចោលនូវសំណើររបស់ប្រធានគណបក្សរបស់លោកនោះ អ្នកនាំពាក្យរូបនេះបន្តរថា គណបក្សបាន​ធ្វើតាមនីតិវិធីគ្រប់ផ្នែកហើយ។ ឯការច្រានចោលនៃសំណើររបស់ស្ថាប័នទាំងនោះ យើងមិនទាន់បានជួបពិភាក្សាគ្នា​ជា​បន្តរនៅឡើយនោះទេ ព្រោះតែជាប់រវល់ក្នុងការឃោសនា។

លោក យ៉ែម ប៉ុញ្ញារិទ្ធិ បានបញ្ជាក់ថា ទោះជាកៀកទៅនឹងការបោះឆ្នោតក៏ដោយ តែគណបក្សសង្គ្រោះជាតិ​នៅមានវិធី​ដោះស្រាយផ្សេងទៀត បើមុនបោះឆ្នោតមិនបាន អាចក្រោយការបោះឆ្នោត ឬមួយចាំការពិភាក្សានៅល្ងាចនេះ ឬក៏ស្អែក​សិន។ តែលោកបានបង្ហាញថា «គ្មានជំនួបណាមួយរវាង លោកសម រង្ស៊ី និងលោក ហ៊ុនសែន មុនការបោះឆ្នោត​នោះ​ទេ»៕

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments