ហ្គឺរ៉ាដូ ម៉ាទីណូ៖ ខ្ញុំ​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​បាសេឡូណា ដោយ​សារ​ម៉េស៊ី

លោកហ្គឺរ៉ាដូ ម៉ាទីណូ (Gerardo Martino) មានជំនឿថា ដោយសារតែបានកាណែនាំពីសំណាក់កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ទើបធ្វើឲ្យគាត់ត្រូវបានក្រុមអ្នកមានបុណ្យបាសេឡូណា (Barcelona) ធ្វើការតែងតាំងជាគ្រូបង្វឹកថ្មី យ៉ាងភ្ញាក់ផ្អើល កាលពីថ្ងៃច័ន្ទកន្លងទៅ។

លោកហ្គឺរ៉ាដូ ម៉ាទីណូ (Gerardo Martino) មានជំនឿថា ដោយសារតែបានកាណែនាំពីសំណាក់កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ទើបធ្វើឲ្យគាត់ត្រូវបានក្រុមអ្នកមានបុណ្យបាសេឡូណា (Barcelona) ធ្វើការតែងតាំងជាគ្រូបង្វឹកថ្មី យ៉ាងភ្ញាក់ផ្អើល កាលពីថ្ងៃច័ន្ទកន្លងទៅ។


កំពូលកីឡាករ លីយ៉ូនែល ម៉េស៊ី របស់ក្រុម បាសឺឡូណា។ (រូបថត Marcelo del Pozo)

បុរសសញ្ជាតិអាស្សង់ទីន វ័យ៥០ឆ្នាំ បាននិយាយនៅក្នុងសន្និសីតសារពត៌មានថា៖ «គេដឹងពត៌មានលំអិតរបស់ខ្ញុំ​យ៉ាង​ណានោះ ខ្ញុំមិនដឹងទេ ប៉ុន្តែខ្ញុំយល់ថាឳពុករបស់ម៉េស៊ី និងខ្សែប្រយុទ្ធលីយ៉ូនែល ម៉េស៊ី ជាអ្នកជួយផ្តល់ជា​អនុសាសន៏ទៅ​ក្រុមបាសេឡូណា អំពីរូបខ្ញុំ។ ខ្ញុំជឿជាក់ថាពួកគេជាអ្នកជួយខ្ញុំ ព្រោះកន្លងមកយើងមានទំនាក់ទំនងល្អជាមួយគ្នា។»

គ្រូបង្វឹកដែលដឹកនាំក្រុមញ៉ូវែល អូលប៊យ (Newell’s Old Boys) ឲ្យឡើងដល់វគ្គផ្តាច់ព្រ័ត្រ និងឈ្នះពានរង្វាន់កំពូលក្នុង​លីកអាស្សង់ទីន រដូវកាល២០១២-២០១៣ បានបន្តថា៖  «ខ្ញុំរំពឹងថា នឹងបានការងារសមល្មម ហើយមិននឹកស្មានថា នឹង​ទទួលបានការងារដ៏ធំមួយនេះ នោះទេ។ កាលៈទេសៈនេះ ពិតជាធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលខ្លាំង។»

ក្រុមយក្សរបស់អេស្ប៉ាញ បាសេឡូណា បានខិតខំស្វែងរកគ្រូបង្វឹកថ្មីយ៉ាងប្រញ៉ាប់ប្រញ៉ាល់បំផុត បន្ទាប់ពីគ្រូបង្វឹក​ចាស់​លោក ទីតូ វីឡាណូវ៉ា (Tito Vilanova) បានចុះចេញពីដំណែង ដោយសារតែជំងឺមហារីកបំពង់កររបស់គាត់លាប់ឡើងវិញ និងត្រូវសម្រាក់ព្យាបាល ក្នុងរយះពេលមួយយូរអង្វែង។

អតីតគ្រូបង្វឹកជម្រើសជាតិប៉ារ៉ាហ្គាយ (ម៉ាទីណូ) បានបន្តថា៖ «នេះជាឱកាសការងារដ៏សំខាន់បំផុតមួយ សម្រាប់ខ្ញុំ។ ខ្ញុំពិតជារំភើប និងរីករាយខ្លាំងណាស់ ដែលពួកគេបានជ្រើសរើសរូបខ្ញុំ និងក្រុមការងាររបស់ខ្ញុំ។ ជាមួយនឹងសមត្ថភាព​កីឡាករក្នុងក្រុមបាសេឡូណា និងកេរ្ត៏ឈ្មោះដ៏ល្បីល្បាញ គឺជាអ្វីៗដែលគ្រូបង្វឹកគ្រប់រូប តែងតែស្រម៉ៃចង់ដឹកនាំ។»

លោកម៉ាទីណូ ដែលត្រូវធ្វើដំណើរទៅកាន់ក្លិបបាសេឡូណា នៅថ្ងៃព្រហស្បតិ៏បានបន្ថែមថា៖ «ខ្ញុំនឹងព្យាយាមសម្របខ្លួន​ឲ្យបានលឿនបំផុត។ បាសេឡូណា ជាស្ថាប័នមួយ ដែលហាក់ដូចជាវិថីនៃជីវិត និងជាកន្លែងកំពូលនៃពិភពបាល់ទាត់។ ជាពិសេស យើងជាក្រុមមួយ ដែលល្បីល្បាញទូទាំងសកលលោក។»

គួរបញ្ជាក់ថាក្រុមការងាររបស់លោកម៉ាទីណូម្នាក់ ឈ្មោះអេដ្រែន កូរៀ (Adrian Coria) គឺជាបុរសម្នាក់ ដែលជួយហ្វឹកហាត់ និងបណ្តុះបណ្តាលម៉េស៊ី កាលពីខ្សែប្រយុទ្ធឆ្នើមរបស់ពិភពលោកម្នាក់នេះ នៅវ័យ១១ឆ្នាំ ដល់វ័យ១៣ឆ្នាំ នៅក្នុង​ក្រុម​អូលប៊យ ប្រទេសអាស្សង់ទីន។

គ្រូបង្វឹកថ្មីក្រុមបាសេឡូណា លោកម៉ាទីណូ នឹងអវត្តមានក្នុងការប្រកួតមិត្តភាពរបស់ក្រុមនៅថ្ងៃពុធនេះ ខណៈដែល​បាសេឡូណា ត្រូវប៉ះក្រុមខ្លាំង ម្ចាស់ជើងឯកកំពូលរបស់អ៊ឺរ៉ុប បាយឺន ម៉ូនិជ (Bayern Munich) ដែលស្ថិតក្រោម​ការដឹកនាំរបស់អតីតគ្រូបង្វឹកបាសេឡូណាដែរ ពោលគឺលោកប៉ិប ហ្គាឌីអូឡា (Pep Guardiola)៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments