បាញ់​ចូល​ស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ៖ នគរបាល​ក្រុង​ថា​មិន​ឃើញ​មាន​បណ្ដឹង​មក​ខ្លួន

ព្រឹត្តិការណ៍បាញ់បោះ ចូលទីស្នាក់ការកណ្ដាលនៃគណបក្សសង្គ្រោះជាតិ កណ្ដាលរាជធានីភ្នំពេញ នៅថ្ងៃទី២០​ខែកក្កដា រហូតមកដល់ថ្ងៃនេះ មិនទាន់ត្រូវបានបង្ហាញពីពន្លឺនៃការស៊ើបអង្កេត ថាយ៉ាងណានោះនៅឡើយ។ តែផ្ទុយទៅ​វិញ បើសូម្បីតែពាក្យប​ណ្ដឹងដែលគណបក្សសង្គ្រោះជាតិ ដាក់ប្ដឹងទៅកាន់អាជ្ញាធរនោះ ក៏មិនមានភាពច្បាស់លាស់ដែរ។

ភ្នំពេញ៖ ព្រឹត្តិការណ៍បាញ់បោះ ចូលទីស្នាក់ការកណ្ដាលនៃគណបក្សសង្គ្រោះជាតិ កណ្ដាលរាជធានីភ្នំពេញ នៅថ្ងៃទី២០​ខែកក្កដា រហូតមកដល់ថ្ងៃនេះ មិនទាន់ត្រូវបានបង្ហាញពីពន្លឺនៃការស៊ើបអង្កេត ថាយ៉ាងណានោះនៅឡើយ។ តែផ្ទុយទៅ​វិញ បើសូម្បីតែពាក្យប​ណ្ដឹងដែលគណបក្សសង្គ្រោះជាតិ ដាក់ប្ដឹងទៅកាន់អាជ្ញាធរនោះ ក៏មិនមានភាពច្បាស់លាស់ដែរ។


ស្នាមទម្រុះកញ្ចក់ ដោយគ្រាប់កាំភ្លើង នៅជាប់នឹងទ្វាចូលរបស់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ (រូបថតផ្ដិតពីអេក្រង់វីដេអូ RFA)

លោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បាននិយាយថា ចាប់តាំងពីមានការបាញ់ចូលស្នាក់ការគណបក្ស​ក្នុងខ័ណ្ឌទួលគោកមក គណបក្សបានដាក់ពាក្យបណ្តឹង ទៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់ពីរ ទៅស្នងការនគរបាល​រាជធានី និងទៅក្រសួងមហាផ្ធៃ តែមកទល់នឹងពេលនេះ នៅពុំទាន់មានដំណោះស្រាយអ្វីឡើយ។

អ្នកនាំពាក្យរូបនេះបន្តរថា បានចុះមកធ្វើកោសល្យវិច្ច័យ និងអង្កេត ហើយបច្ចុប្បន្ននេះគណបក្សមិនទាន់បាន​ទទួល​ព័ត៌មានអ្វី ពីសមត្ថកិច្ចទាំងនោះទេ។ លោកក៏សូមសំណូមពរឲ្យសមត្ថកិច្ច វែករកមុខជនដៃដល់យកមកផ្តន្ទាទោស​តាម​ច្បាប់ និងរក្សាសន្តិសុខសម្រាប់ការឃោសនា ក៏ដូចជាការត្រៀមសម្រាប់ការបោះឆ្នោត នាថ្ងែទី២៨ ខែកក្កដាខាងមុខនេះ។ លោកបានសង្កត់ធ្ងន់ថា ទោះជាការបាញ់រះនេះ មិនបណ្តាល់ឲ្យនណាម្នាក់ស្លាប់ ឬមានរបួសក៏ដោយ តែនេះជាការគម្រាម​កំហែងមួយ ដែលត្រូវចាត់វិធានការទប់ស្កាត់ និងធ្វើការស្រាវជ្រាវជាបន្ទាន់។

ឯលោក យឹម សុវណ្ណ មន្ត្រីគណបក្សសង្គ្រោះជាតិ ក៏បានបញ្ជាក់បន្ថែមដែរថា លោកមិនទាន់ទទួលចម្លើយបំភ្លឺ ពីសមត្ថកិច្ច​នៅឡើយនោះទេ ចំពោះការបាញ់រះ មកលើទីស្នាក់ការគណបក្សសង្គ្រោះជាតិនោះ។ លោកបានបន្តរថា គណបក្ស​លោក​បានទទួលរបាយការណ៍មួយ ដែលគ្រាន់តែបញ្ជាថា «សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតក្នុងរឿងនេះ»។

ឆ្លើយតបទៅនឹងការលើកឡើងខាងលើ ស្នងការនគរបាលរាជធានីភ្នំពេញលោក ជួន សុវណ្ណ បានបញ្ជាក់ថា បច្ចុប្បន្ននេះ លោកនៅពុំទាន់បានទទួលពាក្យបណ្តឹង ពីគណបក្សសង្គ្រោះជាតិនៅឡើយនោះទេ ហើយលោកក៏កំពុងតែ​ទំនាក់​ទំនង​ជា​មួយគណបក្សមួយនេះ ឲ្យដាក់ពាក្យបណ្តឹងដោយផ្ទាល់មកលោក ដើម្បីអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយ​នូវបញ្ហាខាងលើនេះ។

ស្នងការរូបនេះបញ្ជាក់ថា ក្នុងករណីមានព្រឹត្តិការណ៍អ្វីមួយបានបង្កើតឡើងនោះ ក្រុមការងាររបស់លោក ចាំបាច់ត្រូវបង្កើត​គណៈកម្មការមួយ ដើម្បីធ្វើការស្រាវជ្រាវលើករណីនោះ។ លោកបានបន្តរថា តែទោះជាមិនទាន់មានពាក្យបណ្តឹង ពី​គណបក្សសង្គ្រោះជាតិក៏ដោយ ក្រុមការងារលោកនៅតែធ្វើការ និងកំពុងស៊ើបអង្កេត តាមរកជនដៃដល់ដែល​បានបាញ់​ចូល ស្នាក់ការគណបក្សសង្គ្រោះជាតិនោះផងដែរ។

លោក ជួន សុវណ្ណ បានបង្ហើបពីការអង្កេត ក្នុងរយៈពេលខ្លីនេះថា «ចម្លើយសន្តិសុខពីរនាក់យាម នៅស្នាក់ការ​គណបក្ស​នេះ ដែលយើងទទួលបាន មានភាពមិនស៊ីសង្វាក់គ្នា។ ដូច្នេះយើងត្រូវការចម្លើយជាបន្តទៀត ដើម្បីឲ្យគាត់ផ្តល់​ជាពន្លឺ​បន្ថែម សម្រាប់ការស្រាវជ្រាវរបស់យើង និងដើម្បីពន្លឿនការស្រាវជ្រាវនេះផង។»  លោកបានសំណូមពរទៅគណបក្ស​សង្គ្រោះជាតិ ឲ្យមានការសហការជាមួយអាជ្ញាធរ ដើម្បីឲ្យការអង្កេតមួយ​ អាចទទួលបាននូវលទ្ធផលល្អ។

ចំពោះលោក ខាន់ ខុនទិត្យ មន្ត្រីប៉ូលិសសង្កាត់បឹងកក់២ ខ័ណ្ឌទួលគោក មិនបានបញ្ជាក់អ្វីឲ្យបានច្បាស់ទេ​ ពីបញ្ហា​ខាង​លើនេះ ដោយលោកគ្រាន់តែនិយាយដោយខ្លីថា រឿងនេះកំពុងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវដោយក្រសួងមហាផ្ទៃ។

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចសុំការបំភ្លឺបន្ថែមលើករណីនេះបានទេ ពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួង​មហាផ្ទៃ ដោយលោកពុំទទួលទូរស័ព្ទ។

មន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួន បានចាត់ទុកថា នេះរឿងមិនល្អ និងមិនគួរឲ្យកើតមាននោះទេ។ ក្រុមមន្ត្រីសង្គមស៊ីវិល​ទាំងនោះ បានលើកឡើងថា ករណីបែបនេះ ជាការបំភិតបំភ័យ ជាការបំបាក់ស្មារតី នៃការបញ្ចេញមតិ ក៏ដូចជាការចូលរួម នៃអ្នកគាំទ្រគណបក្សមួយនេះដែរ។ សមត្ថកិច្ចគួរតែពន្លឿនការស៊ើបអង្កេត ពិសេសត្រូវធ្វើយ៉ាងណាគ្រប់គ្រងឲ្យបាន នូវ​ការប្រើប្រាស់អាវុធយុទ្ធភ័ណ្ឌក្នុងពេលឃោសនា ក៏ដូចជាក្នុងពេលបោះឆ្នោត ឬក៏មុននិងក្រោយពេលបោះឆ្នោត ពិសេស​ពង្រឹងច្បាប់នៃការប្រើប្រាស់ និងគ្រប់គ្រងអាវុធជាតិផ្ទុះ។

សូមបញ្ជាក់ថា នៅឯស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក មានជនអនាមិក​បានបាញ់​ចូលក្នុងទីស្នាក់ការបក្ស នាវេលាទៀបភ្លឺថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ មួយថ្ងៃក្រោយពីវត្តមានរបស់លោក សម រង្សី មក​ដល់ប្រទេសកម្ពុជា។ ការបាញ់នេះមិនបណ្តាល ឲ្យនណាម្នាក់មានគ្រោះថ្នាក់នោះទេ ក្រៅពីខូចខាតទ្រព្យសម្បត្តិ​មួយ​ចំនួនប៉ុណ្ណោះ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៣ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments