កឹម មនោវិទ្យា៖ ចូល​ហាង​ញ៉ាំ​បាយ​ទំនើប​មិន​មាន​ន័យ​ថា មិន​តស៊ូ​ដើម្បី​អ្នក​ក្រ​ទេ

នៅនឹងចំណងជើងខាងលើនេះ ជាការលើកឡើងរបស់ កញ្ញាកឹម មនោវិទ្យា កូនស្រីអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅពេលដែលកញ្ញាបានឆ្លើយតប នឹងការផ្ដល់យោបល់រីះគន់ របស់ប្រិយមិត្តមួយចំនួន ក្នុងទំព័រផ្លូវការរបស់កញ្ញា លើបណ្ដាញសង្គមហ្វេសប៊ុក។

នៅនឹងចំណងជើងខាងលើនេះ ជាការលើកឡើងរបស់ កញ្ញាកឹម មនោវិទ្យា កូនស្រីអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅពេលដែលកញ្ញាបានឆ្លើយតប នឹងការផ្ដល់យោបល់រិះគន់ របស់ប្រិយមិត្តមួយចំនួន ក្នុងទំព័រផ្លូវការ​របស់កញ្ញា លើបណ្ដាញសង្គមហ្វេសប៊ុក។


រូបចម្លងពីអេក្រង់ទំព័រហ្វេសប៊ុក របស់កញ្ញា កឹម មនោវិទ្យា។

ការជជែកផ្ដល់យោបល់ និងការរិះគន់នោះត្រូវបានធ្វើឡើង នៅពេលកញ្ញាបានបង្ហោះរូបថតមួយសន្លឹក កាលពីថ្ងៃអាទិត្យ​ទី២១ខែកក្កដា ដែលកញ្ញាបានថតពេលទទួលទានអាហារថ្ងៃត្រង់ នៅក្នុងភោជនីយដ្ឋានមួយ ដែលត្រូវបានគេមើលឃើញ ទំនងជាភោជនីយដ្ឋានដ៏ល្អ ប្រកបដោយផាលសុភាពនិងប្រណិតនោះ។

ប្រិយមិត្តជាច្រើនរបស់កញ្ញា ដែលសុទ្ធសឹងជាអ្នក​គាំទ្រ​គណបក្សសង្គ្រោះជាតិ បានដាក់វាចានិងយោបល់ជាបន្តបន្ទាប់ សរសើរជូនពរ សួថានៅឯណា ឬនិយាយរបៀប​ជាសារ​នយោបាយ ដូចជា «ហូបសម្លរម្ជូយួនយូរហើយ ទ្រលាន់ណាស់ ឥឡូវនេះដូរយកសម្លកកូរខ្មែរបនែ្ល៧មុខវិញ» នោះ​ជា​ដើម។

ប៉ុន្តែទន្ទឹមនឹងវាចាយោបល់ទាំងនោះ មានអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិមួយរូប បានសម្ដែងការចាប់អារម្មណ៍ ពី​ការមិនយល់របស់ខ្លួន លើអត្ថន័យរបស់រូបថតនេះ ដែលបានបង្ហាញពីភាពសុខដុមរម្យនា នៃបរិយាកាសជុំវិញ និងការ​រៀបចំនៃ​ភោជនីយដ្ឋាន សម្រាប់កូនស្រីលោកកឹម សុខារូបនេះ ខណៈពេលដែលឪពុករបស់កញ្ញា និងសកម្មជនគណបក្ស​ដទៃទៀត​កំពុង​ដុត​ដៃ​ដុតជើង ចុះធ្វើការឃោសនាបោះឆ្នោត ហើយទទួលទានអាហារនៅក្រោមដើមឈើនោះ។ ​អ្នក​គាំទ្រ​រូបនោះ បានសរសេរជាភាសាអង់គ្លេសថា «ហេតុអ្វីក៏កញ្ញាបង្ហាញរូបនេះ ក្នុងខណៈអ្នកដទៃកំពុងធ្វើការយ៉ាង​មមាញឹក ក្នុងការ​ឃោសនានោះ? វាមិនមែនជាពេលដែលត្រូវបង្ហាញ ពីភាពទំនេរបែបនេះទេ។ ខ្ញុំដឹងថាកញ្ញាមាន​លុយ​ហើយ។»

ប្រិយមិត្តម្នាក់ទៀត ក៏បានចូលខ្លួនមកនិយាយអោយយោបល់ដែរថា «បើអ្នកសម្រេចចិត្ត ថាអ្នកក្លាយជា​អ្នក​នយោបាយ ជីវិតរបស់អ្នក នឹងក្លាយជាជីវិតសាធារណៈ ហើយអ្នកត្រូវគិតពីអ្វី ដែលសាធារណជនចាំមើលអ្នក និងចង់បានពីអ្នក»។ ប្រិយមិត្តនោះបានលើកយកឧទាហរណ៍ ពីលោកកឹម សុខា ដែលទទួលទានបាយនៅលើស្មៅ តាមចិញ្ចើមថ្នល់ ដែលផ្ទុយ​នឹងកូនស្រី ដែលទទួលទានអាហារ ក្នុងភោជនីយដ្ឋានមួយដ៏ប្រណិតទៅវិញ។ ប្រិយមិត្តនោះបន្ថែមថា «នេះខ្ញុំមិនទាន់​និយាយទៅដល់ ប្រជាជនខ្មែររាប់លាននាក់ ដែលគ្នារកតែអង្ករមួយគ្រាប់ ដាក់ចូលមាត់មិនបាននោះផង។»

ជាការឆ្លើយតបវិញ កញ្ញា កឹម មនោវិទ្យា បានចាត់ទុកថាពាក្យសម្ដីទាំងនេះ ជាការមិនយល់ពី«ពិធីការ (protocols)» ហើយ​ការពារជំហររបស់ខ្លួនថា នរណាៗ ក៏មានចូលទទួលទានអាហារ ក្នុងភោជនីយដ្ឋានល្អៗនោះដែរ។ កញ្ញាបញ្ជាក់ថា «ទទួល​ទានបាយថ្ងៃត្រង់ នៅកន្លែងដែលល្អ មិនមានន័យថា យើង (គណបក្សសង្គ្រោះជាតិ) មិនសូវតស៊ូប្រយុទ្ធ សម្រាប់អ្នកក្រីក្រ​នោះទេ»។

សូមបញ្ជាក់ថា អ្នកនយោបាយស្រីវ័យក្មេងឈ្មោះ កឹម មនោវិទ្យា រូបនេះ ជាអគ្គនាយករងផ្នែកទំនាក់ទំនងសាធារណៈ នៃ​គណបក្ស​សង្គ្រោះជាតិ ដែលតែងតែចេញមុខជារឿយៗ នៅតាមកញ្ចក់ទូរទស្សន៍ ដើម្បីនិយាយផ្សាយ ពីគោល​នយោបាយ​របស់​គណបក្ស។ ទន្ទឺមនឹងការរិះគន់ និងយោបល់ទាំងនេះ កញ្ញាបានត្អូញខ្លួនឯង ត្រឡប់ទៅកាន់ប្រិយមិត្តរបស់ខ្លួនវិញថា វាមិន​បានជួយកញ្ញាទេ តែអាចជាន់ពន្លិចកញ្ញាវិញ ប្រសិនប្រើគណបក្សគូប្រជែងមើលឃើញ។

នៅក្នុងការឃោសនាបោះឆ្នោតសព្វថ្ងៃ គេសង្កេតឃើញថា គណបក្សសង្គ្រោះជាតិបានខិតខំពន្យល់ ពីគោលនយោបាយ​ទាំងប្រាំពីរចំណុចរបស់ខ្លួន។ តែគណបក្សដែលចេញពីការរួបរួមរវាងគណបក្ស សម រង្សី និងសិទ្ធិមនុស្សនេះ ក៏ធ្លាប់បាន​ល្បីឈ្មោះផងដែរ ក្នុងការជួយទៅដល់ជនរងគ្រោះ ឬជនក្រីក្រទុរគតកម្ពុជាទាំងឡាយ។ ប៉ុន្តៃរាល់ការអនុវត្តផ្ទាល់ នៃអ្នក​នយោបាយគ្រប់រូប បើទោះ​ជាមានលក្ខណៈឯកជន​ ឬសាធារណៈក៏ដោយ វានឹងឆ្លុះបញ្ចាំងពីទង្វើ និងប្រសិទ្ធិភាព នៃចរិក​ឬកពារ របស់ខ្លួន ជាពិសេសនៅ​ពេល ដែលអ្នកនយោបាយនោះ​ឡើង​កាន់អំណាច។ ហើយអ្នកនយោបាយ ក៏ត្រូវតែ​ស្ដាប់​យោបល់ ឬការវិះគន់នានាដែរ ដើម្បីជាការកែលំអរ និងប្រកាន់ឲ្យបាន​ខ្ជាប់ខ្ជួន នូវលិទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ជាង​នេះ​ទៅទៀត អ្នកនយោបាយពិត គេមិនត្រូវសប្បាយ តែនឹងការលើកតំកើន តាមរបៀប«ហៃអីៗ ធញ្ជ័យធ្លាក់ទឹកនោះទេ»៕

--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments