ព្រះសង្ឃ និង​​ការ​​បោះឆ្នោត៖ ការ​គាំទ្រ​ឬ​ធ្វើ​សកម្មភាព​ឲ្យ​គណបក្ស? ត្រូវ​ឬ​ខុស?

តើការសម្រេចចិត្តបង្ហាញពីការគាំទ្រ និងជ្រើសរើសគណបក្សនយោបាយណាមួយនោះ ចំពោះ​ព្រះសង្ឃ​អាច​អនុវត្ត​ទៅ ​បាន​​ដល់​​កំរិត​​ណា? អាចចូលរួមក្នុងយុទ្ធនាការឃោសនា ឬចូលរួមក្នុងការបោះឆ្នោតបានឬទេ? តើ​ខុស​​នឹង​​ពុទ្ធ​ឱវាទ ឬ​ព្រះ​​វិន័យ​ធម៌​​ដែរ​​ឬ​​ទេ?

ក្នុងរយៈពេល១២ថ្ងៃនេះកន្លងមកនេះ គេសង្កេតឃើញថា ការឃោសនារបស់គណបក្សនីមួយៗ មានការចូលរួម​ជាច្រើន​ពីបណ្តាសកម្មជនគាំទ្ររបស់ខ្លួន ក្នុងនោះ ក៏មានការចូលរួមដោយផ្ទាល់ ពីសំណាក់ព្រះសង្ឃមួយចំនួន និងមួយចំនួន ទៀតបានគាំទ្រតាមរយៈការលើកដៃជាសញ្ញា ទៅតាមព្រះទ័យនៃព្រះសង្ឃទាំងនោះ នៅពេល​មាន​វត្តមាន​គណបក្សណា​មួយ បានដង្ហែរតាមផ្លូវក្បែរវត្តជាដើម។

ដើម្បីបានយល់ដឹងបន្ថែមពីបញ្ហាទាក់ទងនឹងព្រះសង្ឃ ជុំវិញការបោះឆ្នោតនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បាន​ជួប​ធ្វើបទសម្ភាសជាមួយព្រះសង្ឃ មន្រ្តីជំនាញទាំងរដ្ឋភិបាល និងសង្គមស៊ីវិលមួយចំនួន ព្រមទាំង​លើកយក​មូលដ្ឋាន​ច្បាប់ ដែលនៅជាធរមាន មកធ្វើការបកស្រាយ ដូចខាងក្រោម។

ព្រះឥន្ទមុនី លឹម ឡុង គង់នៅវត្តឧណ្ណាឡោម មានសង្ឃដីកាថា ព្រះសង្ឃមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតបាន ព្រោះតែ​ព្រះសង្ឃក៏ជាពលរដ្ឋម្នាក់ដែរ ច្បាប់ក៏មិនបានហាមឃាត់ទៀត ជាហេតុអាចឲ្យព្រះសង្ឃមានសិទ្ធិ សម្រេច​ព្រះទ័យ​ចូលរួម​ក្នុងកិច្ចការនានា រួមទាំងកិច្ចអភិវឌ្ឍន៍របស់សង្គមជាតិផងដែរ ពិសេសចូលរួមក្នងការ​សម្រេច​ជោគវាសនាប្រទេសជាតិ​ តាមការបោះឆ្នោតនេះឯង។

តែព្រះភិក្ខុ សៀង សុវណ្ណារ៉ា ប្រធានស្តីទីសមាគមន៍ខ្មែរកម្ពុជាក្រោម បានមានសង្ឃដីកាថា បើយោងតាម​«ច្បាប់​ព្រះពុទ្ធ​សាសនា» ព្រះសង្ឃមិនមានសិទ្ធិចូលរួម ក្នុងការបោះឆ្នោតនោះទេ។ តែព្រះភិក្ខុអង្គនេះ បានគាំទ្រ​ចំពោះ​វត្តមាន​នៃព្រះ​សង្ឃ ក្នុងការចូលរួមការបោះឆ្នោត ដោយព្រះភិក្ខុយល់ឃើញថា មិនមានអ្វីប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ និងក៏មិនប៉ះពាល់ដល់​ព្រះវិន័យធម៌ដែរ។ ព្រះភិក្ខុ មានសង្ឃដីការដូច្នេះថា ព្រះសង្ឃអាចគាំទ្រគណបក្ស ដែល​ខ្លួន​ពេញចិត្ត។

ព្រះភិក្ខុ សៀង សុវណ្ណារ៉ា បានមានសង្ឃដីការបន្ថែមថា ក្នុងព្រះពុទ្ធសាសនា ព្រះសង្ឃអាចចូលរួមគិតពី​ប្រយោជន៍​​សាធារណៈ ឬសង្គមដែលជាប្រយោជន៍របស់ប្រជាជននឹងដើម្បីប្រជាជន។ ព្រះភិក្ខុ អង្គនេះបាន​ផ្តល់​ជាគំនិតផ្ទាល់​ព្រះអង្គថា៖ «ព្រះសង្ឃគួរចូលរួមការបោះឆ្នោត ព្រោះព្រះសង្ឃអាចចូលរួមលើកស្ទួយជាតិ និង​ចង់​បានជាតិមួយដែល​រុងរឿង។ ការអវត្តមាន នៃការចូលរួមបោះឆ្នោតរបស់ព្រះសង្ឃ អាចចាត់ទុក​ថា ​ជាបុគ្គល​ម្នាក់​គ្មានតម្លៃក្នុងសង្គម»។

ដូច្នេះ ការលើកឡើងខាងលើ ព្រះសង្ឃត្រូវតែធ្វើជម្រើសរបស់ព្រះអង្គ ដើម្បីបោះយកគណបក្សណាមួយ ដែល​សង្ឃ​លោកចង់គាំទ្រ និងជៀសពុំផុតពីភាពលំអៀង ដែលធម៌វិន័យតម្រូងឲ្យប្រកាន់នូវចិត្តស្ងប់ មិនខឹងមិន​សប្បាយ មិនស្អប់​នោះឡើយ។ ដោយហេតុនេះ លោក គល់ បញ្ញា ប្រធានគណៈកម្មាធិការដើម្បី​ការបោះឆ្នោត​ដោយសេរី និង​យុត្តិធម៌នៅ​កម្ពុជា បានពន្យល់បន្ថែមថា ព្រះសង្ឃអាចទៅបោះឆ្នោតបាន តែលោក​អាចរក្សា​«ការសម្ងាត់» ពីគោលជំហរ​ប្រកាន់​គណបក្ស របស់ព្រះអង្គ។

ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជារូបនេះ បានបន្តរថា តែមិន​អាច​ធ្វើសកម្មភាព​ឃោសនា ឬឈរឈ្មោះតំណាងគណបក្សណាមួយបានឡើយ ព្រោះតែព្រះសង្ឃ​មានលក្ខណៈ​ពិសេស ក្នុងការផ្តល់​នូវ​ឱវាទសម្រាប់ប្រជាពលរដ្ឋទូទៅ។ លោកបញ្ជាក់យ៉ាងដូច្នេះថា «ច្បាប់យើង មិនឲ្យ​ព្រះសង្ឃចូលរួម ក្នុងកិច្ចការ​នយោបាយ​ស៊ីជំរៅនោះទេ ដូចជាឈរឈ្មោះឲ្យគណបក្សនយោបាយណាមួយ ទៅប្រឆាំងនឹងគណបក្សនយោបាយមួយផ្សេងទៀត ដែលអាចមានរួបភាពមិនល្អ»។

ជាមួយគ្នានេះលោក ទេព នីថា អគ្គលេខាធិការគ.ជ.ប ដែលទំនងជាមិនភ្លេចពីក្រិត្យក្រម ដែលបានកំណត់ក្នុង​ច្បាប់​បោះ​ឆ្នោតនោះ ក៏បានបញ្ជាក់បន្ថែមដូចគ្នានេះដែរថា៖ «ព្រះសង្ឃអាចទៅបោះឆ្នោតបាន បើព្រះសង្ឃ​ទាំង​នោះបាន​ចុះឈ្មោះ ​ក្នុងបញ្ជីឈ្មោះបោះឆ្នោត។ កុំឲ្យតែព្រះសង្ឃទាំងនោះ ទៅចូលរួមក្នុងការឃោសនា ឬ​ចូល​រួម​ធ្វើនយោបាយជាមួយបក្ស​ណាមួយ ព្រោះខុសនឹងច្បាប់»។

បើតាមព្រះតេជគុណ ហុក សាវណ្ណ បានធ្វើការកត់ត្រាមួយតាំងពីឆ្នាំ២០០៨ ចំពោះ«ព្រះសង្ឃនិងការ​បោះ​ឆ្នោត»​​ ថាមាន​ភាពវិជ្ជមាន និងអវិជ្ជមាន៖

- ផ្នែកវិជ្ជមាន : ការចូលរួមបោះឆ្នោតរបស់ព្រះសង្ឃ ជាការ«កេងចំណេញ»នយោបាយពីព្រះសង្ឃ ដោយ​គណបក្ស ព្រោះ​គេយល់ថាព្រះសង្ឃនឹងបោះឆ្នោតឲ្យខ្លួន។ នេះក៏ដោយសារព្រះសង្ឃមានសិទ្ធិស្មើគ្នា ដូច​ពលរដ្ឋធម្មតាដែរ ពិសេសការ​បំពេញនូវកាតព្វកិច្ចជាពលរដ្ឋ ក្នុងការជ្រើសរើសអ្នកដឹកនាំ។

- ផ្នែកអវិជ្ជមាន : ការកត់សម្គាល់លើគុណធម៌នៃព្រះសង្ឃ ដែលធ្លាប់តែពលរដ្ឋគោរពប្រតិបត្តិនោះ នឹង​អាច​ធ្លាក់ចុះ ព្រះសង្ឃគង់ជាភាព«កណ្តាល» នឹងត្រូវបាត់បង់។ កំណត់ត្រាដដែលនេះ សរសេរបកស្រាយលើ​បញ្ហានេះថា ការគាំទ្រ​គណបក្សផ្សេងគ្នា អាចជាមូលហេតុធ្វើឲ្យព្រះសង្ឃ និងព្រះសង្ឃបែកបាក់គ្នា។ ចំណែក​ព្រះសង្ឃ និងពលរដ្ឋ ក៏អាចមាន​និន្នាការទៅគណបក្សនយោបាយរៀងៗខ្លួនដែរ រីឯវត្តអារាមវិញ ក៏នឹង​អាច​បែង​ចែកទៅតាម​គោលជំហរនៃ​ការប្រកាន់​បក្សផ្សេងគ្នា។

ទាក់ទងនឹងការចូលរួមបោះឆ្នោតរបស់ព្រះសង្ឃនេះ គេនៅចាំបានថាក្នុងឆ្នាំ២០០៣ ព្រះសង្ឃរាជគណ​មហា​និកាយ បាន​ចេញសារាចរណ៍«មិនឲ្យព្រះសង្ឃចូលរួមការបោះឆ្នោត»។ លុះឆ្នាំ២០០៦ ព្រះសង្ឃរាជគណ​មហា​និកាយដដែល ក៏បាន​ចេញសារាចរណ៍ថ្មី អនុញ្ញាតឲ្យព្រះសង្ឃចូលរួមការបោះឆ្នោត ក្នុងអាណត្តិទីបួនឆ្នាំ​២០០៨​វិញ។ តែក្នុង​របាយការណ៍​មួយ ​របស់ព្រះតេជគុណ ហុក សាវណ្ណ និងតាមសង្ឃដីការរបស់ព្រះភិក្ខុ សៀង សុវណ្ណារ៉ា បានចាត់ទុកករណីចេញ សារាចរណ៍ថាជារឿង«នយោបាយ» មិនមែនជាព្រះវិន័យធម៌​នោះឡើយ។

សូមបញ្ជាក់ថា យោងតាមរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៣៤ ចែងថា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិ​បោះ​ឆ្នោត និងអាច​ឈរឈ្មោះឱ្យគេបោះឆ្នោត»។ និងមាត្រា៣៥ ក៏ចែងបន្ថែមថា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មាន​សិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេសជាតិ»។

តាមច្បាប់គណបក្សនយោបាយ មាត្រា១៥ ចែងថា «បុព្វជិត មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ និង​កង​កំលាំង​នគរបាលជាតិ អាចចូលរួមជាសមាជិកបក្សនយោបាយបាន តែមិនអាចធ្វើសកម្មភាពគាំទ្រ ឬប្រឆាំង​គណបក្ស​ណាមួយ​ឡើយ»។

សរុបជារួមតាមច្បាប់ជាធរមាន «ព្រះសង្ឃអាចចូលរួមក្នុងការបោះឆ្នោតបាន» នេះជាសិទ្ធិស្មើគ្នា ក្នុងនាម​ជា​ពលរដ្ឋ​ដែល​ច្បាប់បានផ្តល់ឲ្យ។ បើអវត្តមានរបស់ព្រះសង្ឃ ក្នុងការចូលរួមបោះឆ្នោតនោះ មានន័យថា​ព្រះសង្ឃ​បានបាត់បង​នូវសិទ្ធិ ដែលមានតាំងពីកំណើតជាពលរដ្ឋ បាត់បង់នូវកាតព្វកិច្ច និងឱកាសក្នុងការស្វែង​រក​ថ្នាក់​ដឹកនាំល្អ​ សម្រាប់ជាតិ​របស់ខ្លួន៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់