សាលា​ឧទ្ធរណ៍​មិន​ទទួល​បណ្ដឹង​សួង សុភ័ណ្ឌ​ប្ដឹង​ហ៊ុន សែន រឿង​ធ្វើ​ឯកសារ​ឲ្យ​យួន?

សាលាឧទ្ធរណ៍បានបដិសេធមិនទទួលបណ្ដឹងរបស់ លោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិ និងជាបេក្ខជនតំណាងរាស្ត្រប្រចាំខេត្តប៉ៃលិន ដែលប្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទក្លែងបន្លំឯកសារសាធារណៈ ដោយបានអនុញ្ញាតឲ្យជនអន្តោប្រវេសន៍វៀតណាម រស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។

ភ្នំពេញ៖ សាលាឧទ្ធរណ៍បានបដិសេធមិនទទួលបណ្ដឹងរបស់ លោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជនរបស់​គណបក្ស​សង្គ្រោះជាតិ និងជាបេក្ខជនតំណាងរាស្ត្រប្រចាំខេត្តប៉ៃលិន ដែលប្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទក្លែង​បន្លំឯកសារសាធារណៈ ដោយបានអនុញ្ញាតឲ្យជនអន្តោប្រវេសន៍វៀតណាម រស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។

លោក សួង សុភ័ណ្ឌ បានថ្លែង ថា លោកបានដាក់ពាក្យប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅសាលាឧទ្ធរណ៍​កាលពីថ្ងៃ​ទី១០ កក្កដា ប៉ុន្តែសាលាឧទ្ធរណ៍មិនបានទទួលជាផ្លូវការនោះទេ។ លោកបានពន្យល់ទៀតថា ៖ «ការបដិសេធរបស់​សាលាឧទ្ធរណ៍ មិនទទួលបណ្ដឹងរបស់ខ្ញុំប្តឹង លោក ហ៊ុន សែន បានបង្ហាញពីប្រព័ន្ធតុលាការនៅកម្ពុជា មានភាពលម្អៀង មិនឯករាជ្យ និងកំពុងស្ថិតក្រោមឥទ្ធិពលរបស់អ្នកនយោបាយ»។

លោកបានឲ្យដឹងទៀតថា សាលាឧទ្ធរណ៍បានអះអាងថា សំណុំរឿងមិនទាន់បញ្ជូនពីសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែ​ពេលដែលលោកទាក់ទងទៅសាលាដំបូង គេថាក្រឡាបញ្ជីទទួលពាក្យអត់នៅ។ លោកបានឲ្យដឹងទៀតថា ៖«កំហុស​របស់លោក ហ៊ុន សែន ទាក់ទងនឹងរឿងយួនដែលមានលើទឹកដីខ្មែរនេះ គឺមិនអាចប្រកែកបានទេ ហើយយើងមាន​ភស្តុតាង​មួយពិតប្រាកដ ប៉ុន្តែតុលាការនៅប្រទេសកម្ពុជាមិនគោរពច្បាប់»។

សុំបញ្ជាក់ថា កាលពីថ្ងៃទី៤ កក្កដា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចតម្កល់មិនចាត់ការបណ្ដឹងរបស់លោក សួង សុភ័ណ្ឌ ដែលប្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទផ្ដើមគំនិតក្លែងបន្លំឯកសារសាធារណៈ ដោយមិនបញ្ជាក់​មូលហេតុ។ ការសម្រេចតម្កល់មិនចាត់ការនេះ ក្រោយពេលដែល លោក សួង សុភ័ណ្ឌ បានដាក់ពាក្យបណ្តឹង កាលពីថ្ងៃទី ២០ខែមិថុនា ទៅសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងនាយករដ្ឋមន្ត្រី ពីបទក្លែងបន្លំឯកសារសាធារណៈ មួយថ្ងៃបន្ទាប់ពី​លោកនាយករដ្ឋមន្ត្រី បានច្រានចោលរបាយការណ៍ និងការលើកឡើងមួយចំនួន របស់គណបក្សប្រឆាំង និងសង្គមស៊ីវិល ដែលអះអាងថា វៀតណាមនៅកម្ពុជាមានចំនួនជាង៤លាននាក់។

សាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលមិនចាត់ការបណ្ដឹងរបស់ លោក សួង សុភ័ណ្ឌ ចំនួនពីរលើករួចមកហើយ។ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២កន្លងមក ប្រធានចលនាយុវជនរបស់​គណបក្ស​សង្គ្រោះជាតិរូបនេះ បានប្ដឹងលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន  ដោយចោទប្រកាន់ ថាបានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន ទាក់ទងនឹងការជាន់គ្នាស្លាប់​នៅលើ​ស្ពានកោះពេជ្រ នៅថ្ងៃបង្ហើយក្នុងពិធីបុណ្យអុំទូក កាលពីឆ្នាំ២០១០។

ក្រឡាបញ្ជីសាលាឧទ្ធរណ៍ ដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងថា ពាក្យបណ្តឹងនោះបានទទួលយូរហើយ ប៉ុន្តែលោក​តុលាការពុំទាន់ចាត់ការនៅឡើយទេ ហើយរហូតមកដល់ពេលនេះ ក៏ពុំដឹងថាព្រះរាជអាជ្ញារូបណា​កាន់សុំណុំរឿងនេះ​នៅឡើយដែរ។ ក្រឡាបញ្ជីរូបនោះ បានថ្លែងថា ៖ «ខ្ញុំមិនដឹងថាតើថ្នាក់លើនឹងចាត់ការយ៉ាងណាទេ ចំពោះបណ្តឹងនេះ ពីព្រោះសាលាដំបូង បានច្រានចោលមិនចាត់ការួចទៅហើយ»។

លោក កែម ឡី អ្នកវិភាគសង្គមឯករាជ្យបានថ្លែងឲ្យដឹងថា រាល់ពាក្យបណ្តឹង គឺតុលាការត្រូវតែយកមកដោះស្រាយ គឺត្រូវ​តែហៅភាគីទាំងសងខាងមកសាកសួរ បើទោះបីជាអ្នកនោះមានអំណាចប៉ុណ្ណាក៏ដោយ ពីព្រោះមនុស្សនៅក្រោមច្បាប់​ទាំងអស់គ្នា។ ប្រសិនបើតុលាការមិនចាត់ការ ក៏ត្រូវតែពន្យល់ភាគីទាំងពីរ ឬបើពាក្យបណ្តឹងគ្មានភស្តុតាងច្បាស់លាស់ ក៏ត្រូវពន្យល់ទៅដើមបណ្តឹងវិញ ថាចុងចោទគេអាចប្តឹងបកវិញបាន មិនចេះតែចោទគេដូច្នេះទេ។ លោកបានបញ្ជាក់ថា ៖ «ខ្ញុំគិតថារឿងនេះគឺជារឿងនយោបាយសុទ្ធសាត ហើយនេះពុំមែនជាលើកទី១ទេ ដែលតុលាការមិនចាត់ការពាក្យបណ្តឹង ទៅលើអ្នកមានអំណាច ដែលធ្វើឲ្យស្ថាប័នឯករាជ្យ (តុលាការ) មួយនេះ កាន់តែធ្លាក់ចុះថែមទៀត»៕

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments