អាមេរិក៖ ជួល​ឃាតករ រៀប​គម្រោង​ធ្វើ​ឃាត​ប្ដី​ខ្លួន​ឯង ទាំង​មិន​មានរឿង (VDO)

បើអស់បេតីហើយ នាងមិនធ្វើការលែងលះពីស្វាមីរបស់ខ្លួននោះទេ តែភរិយាដ៏អស្ចារ្យអាយុ២១ឆ្នាំរូបនេះ បែរជាបាន​ស្វែង​រកមធ្យោបាយ«សមញ្ញៗ» តែពិសេសជាងអ្វីដែលគេនឹកស្មានមិនដល់ ... ជួលនិងពន្យុះឃាតករឲ្យសម្លាប់ប្ដីរបស់ខ្លួន។

បើអស់បេតីហើយ នាងមិនធ្វើការលែងលះពីស្វាមីរបស់ខ្លួននោះទេ តែភរិយាដ៏អស្ចារ្យអាយុ២១ឆ្នាំរូបនេះ បែរជាបាន​ស្វែង​រកមធ្យោបាយ«សមញ្ញៗ» តែពិសេសជាងអ្វីដែលគេនឹកស្មានមិនដល់ ... ជួលនិងពន្យុះឃាតករឲ្យសម្លាប់ប្ដីរបស់ខ្លួន។


ភរិយាវ័យក្មេង នាងជូលៀ មេហ្វៀល នៅក្នុងរថយន្ដរបស់ឃាតករ«សិប្បនិមិត្ត»។ (រូបថត ចម្លងពីអេក្រង់វីដេអូ)

រឿងនេះកើតឡើងតាំងពីខែមេសាកន្លងទៅ តែប្រព័ន្ធផ្សព្វផ្សាយប្រចាំតំបន់ ទើបនឹងទទួលបានវីដេអូនៃដំណើររឿង ដែល​ត្រូវបានអ្នកស៊ើបអង្កេតចេញផ្សាយឲ្យដឹង ពីរឿងដ៏ហួសចិត្តនេះ ក្នុងពេលថ្មីៗនេះ នៅទីក្រុង មឹស្កេហ្គន (Muskegon) នៃ​រដ្ឋមីឈីហ្គែន (Michigan) សហរដ្ឋអាមេរិក។

នាង ជូលៀ មេហ្វៀល (Julia Merfeld) ដែលជាភរិយាចិត្តអាក្រក់នេះ ត្រូវបានតុលាការរកឃើញថាមានទោស ពីបទបាន​ពន្យុះ«ឃាតករម្នាក់»ឲ្យសម្លាប់ប្ដីរបស់ខ្លួន ហើយអាចប្រឈមនឹងទោស ជាប់ពន្ធនាគារអស់មួយជីវិត។

មិនមែនជារឿងចៃដន្យទេ ព្រោះឃាតករដែលនាងបានស្វែងរក និងពន្យុះ​នោះ ជាភ្នាក់ងារ​នគរបាល​សម្ងាត់មួយរូប ដែល​កំពុងធ្វើការទាក់ទងនឹងនឹងសំនុំរឿងបែបនេះ។ នៅក្នុងវីដេអូ គេ​បាន​ឃើញ​ភរិយាវ័យក្មេង បានឲ្យ​តម្លៃ ៥ម៉ឺនដុល្លា ទៅអ្នក​ដែលនាងកំពុងជជែកជាមួយ និងគិតថាជាឃាតករនោះ ដើម្បី​សុំឲ្យឃាតករសម្លាប់ប្ដីអាយុ២៧ឆ្នាំ​ របស់នាង ទាំងមិន​មាន​រឿងហេតុអ្វីឲ្យច្បាស់។

«គួរសម្លាប់គាត់នៅក្រៅផ្ទះ ដើម្បីកុំឲ្យមានបញ្ហាស្មុគ្រស្មាញ»

នាងមេហ្វៀល បានពន្យល់ទៅ«ឃាតករ» ពីជម្រើសរបស់នាងក្នុងការ«កំចាត់»ប្ដីរបស់នាង យ៉ាងដូច្នេះថា៖ «មិនមែន​យើងមិនត្រូវគ្នានោះទេ។ តែវាស្រួលជាងការលែងលះគ្នា។ មួយទៀត វានឹងមិនធ្វើឲ្យខ្ញុំបារម្ភ ទល់នឹងការវិន្និច្ឆ័យរបស់​គ្រួសាររបស់ខ្ញុំ។ ហើយខ្ញុំក៏មិនភ័យ នឹងធ្វើឲ្យប្ដីខ្ញុំខូចចិត្តនោះដែរ។ ជាមូលហេតុ ដើម្បីដំណោះស្រាយច្បាស់មួយ។»

បន្ទាប់មក នាងបានបង្គាប់បញ្ជាទៅ «ឃាតករក្លែងក្លាយ»នោះ ឲ្យប្រើកាំភ្លើងខ្លី ឬកាំបិតក្នុងកិច្ចប្រតិបត្តិការនេះ៖ «បើ​អ្នក​ឯងអាចធ្វើកុំឲ្យគាត់ឈឺចាប់បាន អ្នកឯងគ្រាន់តែវាយបំបែក កញ្ចឹងករគាត់ពីក្រោយទៅ»។ នាងបន្ថែមទៀតថា «ហើយ​បើ​អ្នកឯងអាចធ្វើបានទៀត គួរសម្លាប់គាត់នៅក្រៅផ្ទះ ដើម្បីកុំឲ្យមានបញ្ហាស្មុគ្រស្មាញ»។

ប្រគល់ប្លង់ផ្ទះ និងរូបថតរបស់ប្ដីនាង

នាងមេហ្វៀល ថែមទាំងបានត្រៀមបំរុងទុកនូវអ្វីៗគ្រប់យ៉ាង រួមទាំងហៅមិត្តភ័ក្តិស្រីរបស់នាងម្នាក់ ឲ្យមកនៅជាមួយ​ថែម​ទៀត ហើយរៀបចំឈុតឆាកឃាតកម្មនេះ ឲ្យដូចទៅនឹង ហេតុការណ៍«ចោរគាស់ផ្ទះ»មិនបានសម្រេចមួយ។ ដើម្បីកុំ​ឲ្យ​ពិបាកដល់ឃាតករសិប្បនិមិត្ត ក្នុងការតាមស្វែងរកប្ដីរបស់នាង ភរិយាអស្ចារ្យរូបនេះ បានផ្ដល់ទៅឲ្យឃាតករ នូវរូបថត​មួយសន្លឹករបស់ប្ដីនាង និងប្លង់ផ្ទះរួមនឹងគំនូសព្រៀងនៃផ្លូវជុំវិញនោះផង។

ចំពោះប្រាក់៥ម៉ឺនដុល្លា ដែលជាតម្លៃជួលឃាតករ នាងបានត្រៀមចំណាយតាមរបៀប«ដោះរំលោះ»ជាច្រើនសប្ដាហ៍ ដើម្បីកុំឲ្យខាងធនាគារ មានការសង្ស័យមកលើនាង។ ក្នុងពេលជាមួយគ្នានោះ នាងបានហុចក្រដាសប្រាក់​១០០ដុល្លា​មួយសន្លឹក ទៅឲ្យ«ឃាតករ» ដើម្បីបញ្ជាក់ថានាងមិនកុហកនោះឡើយ។

នគរបាលបានចាប់ខ្លួននាង នៅពេលនាងចេញពីរថយន្ដរបស់ឃាតករ«ប្រែរូប»នោះ ហើយបានរកឃើញថា នាងពិត​ជាមិនបានស្អប់ប្ដីរបស់នាង ដែលបានរស់នៅជាមួយគ្នា រហូតមានកូនពីរនាក់ទៅហើយនោះមែន។ តែអ្វីដែល​ជម្រុញឲ្យ​នាងធ្វើនូវរឿងដ៏ស្មោគរោគនេះ គឺដោយសារតែនាងចង់បានតម្លៃធានារ៉ាប់រងជីវិតប្ដីរបស់នាង ដែលមានកម្រិត​ដល់ទៅ​៤សែនដុល្លាអាមេរិក។ អ្នកស៊ើបអង្កេតបានពន្យល់បន្ថែមថា ពួកខ្លួនត្រូវបានជូនដំណឹងជាមុន ពីគម្រោងការរបស់​ភរិយា​វ័យក្មេងនេះ ដែលចង់«កំចាត់»ប្ដីរបស់ខ្លួន ឲ្យចេញផុតពីពិភពលោក៕

សូមទស្សនាវីដេអូទាំងនេះដូចតទៅ៖

------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments