ក្រសួង​មហាផ្ទៃ​នឹង​ចាប់​សម រង្សី​តាម​ដីកា​តុលាការ បើ​លោក​មាន​វត្តមាន​នៅ​កម្ពុជា

ខណៈមេដឹកនាំគណបក្សប្រឆាំងកាលពីចុងសប្តាហ៍មុន បានប្រកាសថាលោកនឹងវិលត្រឡប់មកប្រទេសកម្ពុជា ឲ្យបានមុនថ្ងៃបោះឆ្នោតនោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក គៀត ច័ន្ទថារិទ្ធ ឯណេះវិញ បានបង្ហាញថាលោកនឹងប្រើ​ដីការបស់តុលាការ ដើម្បីចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងភ្លាម បើវត្តមានរបស់លោកមាននៅលើទឹកដីប្រទេសកម្ពុជា។ ជាចំណាត់ការ ដែលសម្រាប់អ្នកវិភាគនយោបាយនៅកម្ពុជា និយាយថារដ្ឋាភិបាលត្រូវតែធ្វើ ដើម្បីបញ្ជៀសថាខ្លួន«អន់»។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: July 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ ខណៈមេដឹកនាំគណបក្សប្រឆាំងកាលពីចុងសប្តាហ៍មុន បានប្រកាសថាលោកនឹងវិលត្រឡប់មកប្រទេសកម្ពុជា ឲ្យបានមុនថ្ងៃបោះឆ្នោតនោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក គៀត ច័ន្ទថារិទ្ធ ឯណេះវិញ បានបង្ហាញថាលោកនឹងប្រើ​ដីការបស់តុលាការ ដើម្បីចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងភ្លាម បើវត្តមានរបស់លោកមាននៅលើទឹកដីប្រទេសកម្ពុជា។

ជាចំណាត់ការ ដែលសម្រាប់អ្នកវិភាគនយោបាយ និយាយថារដ្ឋាភិបាលត្រូវតែធ្វើ ដើម្បីបញ្ជៀសភាព​«ទន់​ខ្សោយ»របស់​ខ្លួន។


លោក សម រង្សី រូបថតនៅក្នុងបណ្ដាញហ្វេសប៊ុក របស់លោក។

សេចក្ដីប្រកាសរបស់គេហទំព័រក្រសួងមហាផ្ទៃ កាលពីម្សិលម៉ិញ ដែលបានឆ្លើយតបទៅនឹងការវិលត្រឡប់មកវិញ នៃមេ​ដឹកនាំបក្សប្រឆាំង នាមុនថ្ងៃបោះឆ្នោតនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា៖ «លោក សម រង្ស៊ី បាននិរទេសខ្លួនដោយខ្លួនឯង ដើម្បីគេចចេញពីការចាប់ខ្លួនក្នុងបទព្រហ្មទណ្ឌ ដូច្នេះការវិលត្រឡប់ចូលក្នុង​ប្រទេសវិញរបស់លោក សម រង្ស៊ី ជាសិទ្ធិរបស់គាត់»។

មន្រ្តីរូបនេះបន្តថា៖ «មកទល់បច្ចុប្បន្ននេះ មិនដឹងថាគាត់មកឬមិនមកនោះទេ ប៉ុន្តែក្នុងករណីដែលលោក សម រង្ស៊ី ពិត​ជា​មកមែននោះ នគរបាលជាតិ ដែលជាស្ថាប័នប្រតិបត្តិច្បាប់ គ្មានជម្រើសអ្វីក្រៅពីអនុវត្តដីការបស់តុលាកាឡើយ» ។

នេះជាការឆ្លើយតបទៅនឹង ការប្រកាសជាខ្សែវីដេអូ បង្ហោះតាមទំព័រហ្វេសបុក(facebook) កាលពីចុងសប្តាហ៍មុន របស់​លោក សម រង្សី ថានិងត្រឡប់មកចូលរួមការបោះឆ្នោតជាតិនាថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ។

សូមរម្លឹកថាលោក សម រង្សី បានបញ្ជាក់តាមខ្សែវីដេអូបង្ហោះតាមទំព័រហ្វេសបុក(facebook)ថា មុននឹងលោកសម្រេចចិត្ត​ចូលមកកម្ពុជានេះលោក ក៏បានសរសេរលិខិតផ្ញើរទៅក្រសួងការបរទេសចំនួន១៨ ដែលជាប្រទេសហត្ថលេខី​នៃកិច្ច​ព្រម​ព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១រួចរាល់ហើយ។

បន្ថែមលើនេះទៀតកាលពីថ្ងៃទី៧ ខែ កក្កដា នៅទីក្រុងប៉ារីស លោកសម រង្សី បានបញ្ចាក់ចំពោះការសម្រេចចិត្តថ្មី​នៃ​ការ​វិលត្រឡប់មកប្រទេសកម្ពុជា ដោយយោងលើហេតុផលនៃរបាយការណ៍ របស់អ្នករាយការណ៍ពិសេស​អង្គការ​សហ​ប្រជាជាតិលោក សូរិយា ភ. ស៊ូប៊ែឌី (Surya P.Subedi) ពីករណីស្ថានភាពសិទ្ធិមនុស្ស ធានាឲ្យមានការបោះឆ្នោត​ដោយ​សេរី និងយុត្តិធម៌។ ជាពិសេសការមានវត្តមានរបស់លោកមានសារៈសំខាន់ក្នុងការចូលរួមការបោះឆ្នោតនាថ្ងៃទី២៨ ខែ​កក្កដា ខាងមុខនេះ ដើម្បីបានដើរតួពេញលេញក្នុងនយោបាយ។ ក្នុងលិខិតនោះលោកសម រស្សី ក៏បានសរសេរបញ្ជាក់​ថាលោក សូរិយា ភ. ស៊ូប៊ែឌី បានចាត់ទុកថាការសម្រេចកាត់ទោសរូបលោក ឲ្យជាប់ពន្ធនាគារដោយតុលាការកម្ពុជានោះ (វា)ជារឿងនយោបាយ។

ក្នុងលិខិតដដែលនោះបាន បន្តថា លោក(សម រង្ស៊ី)ត្រូវបង្ខំចិត្តនិរទេសខ្លួន ដើម្បីគេចពីកាត់ទោស​ដាក់ពន្ធនាគារយៈពេល​១៥ឆ្នាំ ដែលពាក់ពន្ធនឹងវិបត្តិនយោបាយរវាងរដ្ឋាភិបាល និងគណបក្សប្រឆាំង។ ហើយលោកនឹងនៅតែសម្រចចិត្ត​ត្រឡប់​មកកម្ពុជាវិញនៅមុនថ្ងៃបោះឆ្នោត បើទោះបីជាលោកបានបរាជ័យក្នុងការចរចារជាមួយលោក ហ៊ុន សែន និងបរាជ័យ​ក្នុង​ការស្នើសុំឲ្យមានការលើកលែងទោសពីព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ជាពិសេសទោះជាលោកដឹងថា​ មាន​ការចាប់ខ្លួនលោកដោយអាជ្ញាធរកម្ពុជាក៏ដោយ។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃ ស៊ីផាន បាននិយាយដោយខ្លីថា នេះជាករណីរបស់តុលាការ ឯរដ្ឋាភិបាលវិញ​គ្មានវិធានការណាមួយប្រឆាំងនឹងលោកសម រង្ស៊ីនោះទេ ហើយពេលនេះក៏គ្មានការ​សម្របសម្រួលផ្នែក​នយោបាយ​ណា​មួយ ក្នុងរឿងលោកសម រង្ស៊ីនោះដែរ។

ជុំវិញនៃគម្រោងការចាប់ខ្លួន មេដឹកនាំបក្សប្រឆាំងនេះលោកឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានបញ្ជាក់ថា បើមិនចាប់​ខ្លួន​ទេ អានុភាពរបស់រដ្ឋាភិបាលទន់ខ្សោយ តែបើមានការចាប់ខ្លួន វិញនោះរដ្ឋាភិបាលអាចនឹង​រងនូវគំនាបទាំងក្នុង​និងក្រៅ​ប្រទេស។ «បើមានការចាត់ការមិនស្រួលទេ អាចមានភាពវឹកវរក្នុងប្រទេស។ អាចមានការអាក់ខាន ឬរអាក់រអួល​ដល់​ដំណើរការបោះឆ្នោត ឬការបោះឆ្នោតទាំងមូលអាចត្រូវបានផ្អាកទៅវិញ។ ទាំងនេះជាការមិនល្អសម្រាប់រដ្ឋាភិបាល ដែល​គ្រប់គ្រងប្រទេសមិនបាន»។

លោកគល់ បញ្ញា នាយកប្រត្តិបត្តិអង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយដែលមានឈ្មោះ ថា Comfrel បានបន្ថែមថា ស្ថានភាពក្នុងពេលបច្ចុប្បន្ននេះបញ្ហាច្បាប់ និងបញ្ហានយោបាយត្រូវតែចាំបាច់ឲ្យមានតុល្យភាពគ្នា ព្រោះថា​ករណី​លោ​ក​សម រង្ស៊ីពាក់ព័ន្ធនឹងករណីនយោបាយ។ «អញ្ចឹងគេត្រូវថ្លឹងថ្លែងគ្នា គេមិនអាចមើលតែច្បាប់ម៉្យាងទេ ពីព្រោះករណី​លោក​សម រង្ស៊ី គាត់មេដឹកនាំបក្សប្រឆាំង បញ្ហាដែលកើតឡើងចំពោះលោកភាគច្រើន មើលទៅទាក់ទិននឹងបញ្ហានយោបាយ។ អញ្ចឹងនៅស្រុកគេមួយចំនួន ក៏គេគិតអំពីតុល្យភាពរវាងផលប្រយោជន៍នយោបាយ និងផលប្រយោជន៍​នៃការអនុវត្ត​ច្បាប់»។

គួរ​បញ្ជាក់ថាលោក សម រង្ស៊ី បាននិរទេសខ្លួនពីឆ្នាំ២០០៩ ហើយលោកក៏ធ្លាប់បានប្រកាសជាច្រើន​លើកច្រើនសារ​ថា​នឹង​វិលចូលមកកម្ពុជាវិញ ប៉ុន្តែមិនដែលបានអនុវត្តន៍តាមការប្រកាសនោះឡើយ។ លោកត្រូវបានតុលាការ​ផន្ទាទោស​ឲ្យជាប់​ពន្ធនាគារ១២ឆ្នាំ តាមសាលក្រម កំបាំងមុខ ពីបទក្លែងបន្លំអក្សរ ក្នុងឯកសារសាធារណៈ និងការផ្សាយព័ត៌មានមិនពិត រួមទាំងសកម្មភាពដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម។ សាលក្រម និងការកាត់ទោសនេះ ត្រូវបានគណបក្ស​ប្រឆាំងច្រានចោល និងអះអាងថា តុលាការមិនឯករាជ្យ តុលាការស្ថិតនៅក្រោមឥទ្ធិពលអ្នកនយោបាយ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៩ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...