ភ្នំពេញក្រោន ត្រៀម​បញ្ចប់​សុបិន្ត​របស់​ក្រុម គិរីវង្ស

ក្រុមម្ចាស់ជើងឯក៤សម័យកាល ភ្នំពេញក្រោននឹងត្រូវប្រកួតចុងក្រោយក្នុងជុំទី២ ជាមួយនឹងក្រុមគិរីវង្សសុខសែនជ័យ ក្នុងការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៣ នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក វេលាម៉ោង០៤រសៀល ថ្ងៃសៅរ៏ស្អែកនេះ។

ក្រុមម្ចាស់ជើងឯក៤សម័យកាល ភ្នំពេញក្រោននឹងត្រូវប្រកួតចុងក្រោយក្នុងជុំទី២ ជាមួយនឹងក្រុមគិរីវង្សសុខសែនជ័យ ក្នុងការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៣ នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក វេលាម៉ោង០៤រសៀល ថ្ងៃសៅរ៏ស្អែកនេះ។


ក្រោយបានជ័យជំនះ នៅក្នុងការប្រកួតមួយ របស់ក្រុមកីឡាករភ្នំពេញក្រោន។

បច្ចុប្បន្នភ្នំពេញក្រោន កំពុងតែឈរនៅចំណាត់ថ្នាក់លេខ២ មាន៣២ពិន្ទុ តាមពីក្រោយដោយក្រុមចំណាត់ថ្នាក់លេខ៣ ស្វាយរៀង មាន៣០ពិន្ទុ។ ការប្រកួតនេះ បើក្រោនចាញ់ នោះក្រោននឹងអាចធ្លាក់ទៅលេខ៣វិញ បើសិនជាក្រុមស្វាយរៀង​ទទួលបានជ័យជំនះនោះ។

រីឯក្រុមគិរីវង្សវិញ បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ៥ មាន២៧ពិន្ទុ ចាញ់ក្រុមចំណាត់ថ្នាក់លេខ៤ ណាហ្គាខប ចំនួនតែ១ពិន្ទុគត់។ ដូច្នេះការប្រកួតនេះ អាចនិយាយបានថា ជាការប្រកួតស្លាប់រស់របស់ក្រុមគិរីវង្សហើយ ដែលចាំបាច់​ត្រូវតែយកឈ្នះក្រុមភ្នំពេញក្រោន ដើម្បីចាំអ៊ុតមើលលទ្ធផលរបស់ក្រុមណាហ្គាខមនៅថ្ងៃច័ន្ទ។

គួរបញ្ជាក់ថា ក្របខ័ណ្ឌមិត្តហ្វូនខេមបូឌាលីកឆ្នាំ២០០៣ នឹងបញ្ចប់វគ្គវិលជុំ នៅសប្តាហ៏នេះហើយ ខណៈដែលក្រុម​មួយ​ចំនួនកំពុងប្រជែងគ្នាយ៉ាងខ្លាំងក្លា ដើម្បីយកដំណែងកំពូលទាំង៤ (Top 4) ទៅប្រកួតខ្វែងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

បើក្រលេកទៅមើលទម្រង់លេងរបស់ភ្នំពេញក្រោនវិញ បើក្រោនចង់ឈ្នះមែន ដូចជាមិនពិបាកនោះទេ ខណៈដែលខ្សែ​ប្រយុទ្ធឆ្នើមសញ្ជាតិហូឡង់ អេលរ៉យ វ៉ាន់ដឺហូហ្វល៏ (Elroy Van Der Hoofl), កីឡាករកូរ៉េខាងត្បូង លី ហានឺល (Lee Ha-Neul), ខ្សែបម្រើកូនកាត់ខ្មែរ-បារាំង ធារី ចាន់ថាប៊ីន រួមជាមួយនឹងកីឡាករជម្រើសជាតិ ឃឹម បូរី និងគួច សុគុម្ភៈ សុទ្ធ​តែអាចចូលលេងបានទាំងអស់។

ចំណែកឯក្រុមគិរីវង្សវិញ ពុំសូវមានកីឡាករលេចធ្លោរប៉ុន្មានទេ ពោលគឺពួកគេពឹងផ្អែកទាំងស្រុងទៅលើតែខ្សែប្រយុទ្ធ អិនវ៉ាគូណា ហ្វ្រៃដេ (Nwakuna Friday) តែម្នាក់គត់ ដែលអាចមានឱកាសរកគ្រាប់បាល់បញ្ចូលទីបាន។

ទោះបីជាភ្នំពេញក្រោនចាញ់ ក៏ក្រោនអាចមានកៅអីទៅវគ្គខ្វែងដែរ ប៉ុន្តែគ្រាន់តែធ្លាក់ចំណាត់ថ្នាក់ពីលេខ២ មកលេខ៣​វិញ។ ប៉ុន្តែចំពោះក្រុមគិរីវង្សវិញ បើពួកគេចាញ់ នោះនឹងត្រូវបាត់បង់កៅអីឡើងទៅវគ្គខ្វែងដោយស្វ័យប្រវត្តិ។ ដូច្នេះតើ​ក្រោនអាចបញ្ចប់សុបិន្តរបស់គិរីវង្សមែន ឬក៏ប្រលែងឲ្យគិរីវង្សឈ្នះវិញ ឬយ៉ាងណានោះ សូមរង់ចាំមើលលទ្ធផល​ទាំងអស់​គ្នា។

ចំពោះតារាងប្រកួត នៅសប្តាហ៏បញ្ចប់នេះ មានដូចខាងក្រោម។

ថ្ងៃសៅរ៏ ទី០៦ ខែកក្កដា៖
• ម៉ោង ០១៖៣០ រសៀល៖ អាស៊ីអ៊ឺរ៉ុប ប្រកួត ស្វាយរៀង (ស្តាតចាស់)
• ម៉ោង ០២រសៀល៖ ព្រឹទ្ធសភា ប្រកួត ប៉ូលីស (កីឡាដ្ឋានអូឡាំពិក)
• ម៉ោង ០៤រសៀល៖ គីរីវង្ស ប្រកួត ភ្នំពេញក្រោន (កីឡាដ្ឋានអូឡាំពិក)

ថ្ងៃច័ន្ទ ទី០៨ ខែកក្កដា៖
• ម៉ោង ០២រសៀល៖ បឹងកេត ប្រកួត ណាហ្គាខម (កីឡាដ្ឋានអូឡាំពិក)
• ម៉ោង ០៤រសៀល៖ ការពារជាតិ ប្រកួត បៀលប្រាយ (កីឡាដ្ឋានអូឡាំពិក)៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments