ហ្គាឌីអូឡា បង្ហាញ​មុខ​ជា​គ្រូ​បង្វឹក​ផ្លូវ​ការ​ថ្មី របស់​ក្រុម​បាយឺនម៉ូនិជ

បន្ទាប់ពីបាត់មុខជាង១ឆ្នាំ ពីពិភពបាល់ទាត់ ទីបំផុតគ្រូបង្វឹកដ៏ល្បីល្បាញ ប៉ិប ហ្គាឌីអូឡា (Pep Guardiola) ត្រូវបាន​ក្លឹបជើងខ្លាំងអាឡឺម៉ង់ បាយឺន ម៉ូនិជ (Bayern Munich) ប្រកាសតែងតាំងជាគ្រូបង្វឹកថ្មី ជាផ្លូវការហើយ កាលពីថ្ងៃច័ន្ទ​ម្សិលមិញ។

បន្ទាប់ពីបាត់មុខជាង១ឆ្នាំ ពីពិភពបាល់ទាត់ ទីបំផុតគ្រូបង្វឹកដ៏ល្បីល្បាញ ប៉ិប ហ្គាឌីអូឡា (Pep Guardiola) ត្រូវបាន​ក្លឹបជើងខ្លាំងអាឡឺម៉ង់ បាយឺន ម៉ូនិជ (Bayern Munich) ប្រកាសតែងតាំងជាគ្រូបង្វឹកថ្មី ជាផ្លូវការហើយ កាលពីថ្ងៃច័ន្ទ​ម្សិលមិញ។


លោក ប៉ិប ហ្គាឌីអូឡា នៅក្នុងសន្និសិតសារព័ត៌មានជាមួយក្រុមបាយឺន។ (រូបថត ffh.de)

បុរសវ័យ៤២ឆ្នាំ សញ្ជាតិអេស្ប៉ាញ ដែលធ្លាប់ឈ្នះពានរង្វាន់ចំនួន១៤ ក្នុងរយះពេល៤ឆ្នាំ នៅក្នុងក្លឹបបាសេឡូណា (Barcelona) ជាក្តីសង្ឃឹមដ៏ធំបំផុតសម្រាប់ក្រុមបាយឺន ខណៈដែលក្រុមមួយនេះ រំពឹងថានឹងអាចលើកពានរង្វាន់​ជា​ច្រើនទៀត នៅរដូវកាលថ្មី។

ហ្គាឌីអូឡា ចូលមកជំនួសដំណែងលោក ជឺប ហៃណ័កស៏ (Jupp Heynckes) ដែលធ្លាប់ដឹងនាំបាយឺន ឲ្យលើកពាន​៣ក្នុងមួយរដូវកាល ពោលគឺឈ្នះពានរង្វាន់ក្នុងស្រុកទាំង២ និងឈ្នះពានរង្វាន់កំពូលអ៊ឺរ៉ុបឆែមពានលីក (Champions League) ថែមទៀត។ លោកហ្គាឌីយ៉ូឡា បានលើកឡើងថា គាត់មិនខ្លាចនិងទទួលនូវសម្ពាធមួយនេះនោះទេ ហើយ​គាត់នឹងជួយដឹកនាំក្លឹបឲ្យបានល្អបំផុត ដូចដែលលោកហៃណ័កស៏ ធ្លាប់បានធ្វើ។

អតីតគ្រូបង្វឹកក្រុមបាសេឡូណា បាននិយាយនៅក្នុងសន្និសីទកាសែតលើកដំបូងថា៖ «ខ្ញុំត្រូវតែទទួលយកនូវការ​ប្រៀបធៀបនេះ។ ខ្ញុំដឹងច្បាស់ណាស់ថា ខ្ញុំប្រាកដជាស្ថិតនៅក្រោមសម្ពាធមួយដ៏ធំ ប៉ុន្តែខ្ញុំពេញចិត្តនឹងទទួលយក​ការប្រជែងនេះ ដោយគ្មានការភ័យខ្លាចអ្វីឡើយ។ ខ្ញុំសង្ឃឹមថា នឹងអាចដើរតាមគន្លងរបស់ក្រុម ដែលធ្លាប់ធ្វើបានល្អ​កាលពីរដូវកាលមុន។»

ក្លឹបម្ចាសជើងឯកអ៊ឺរ៉ុបឆ្នាំ២០១៣ បានយល់ព្រមចុះកិច្ចសន្យាជាមួយនឹងលោកហ្គាឌីអូឡា ក្នុងរយះពេល៣ឆ្នាំ។

ម្ចាស់ក្លឹបបាយឺនម៉ូនិជ លោកកាលហេន រាំម៉ិននែក (Karl-Heinz Rummenigge) បាននិយាយថា៖ «យើងបានខិតខំ​ធ្វើការជាយូរណាស់មកហើយ ដើម្បីបញ្ចុះបញ្ចូលឲ្យលោកហ្គាឌីអូឡា ឲ្យមកកាន់ក្លឹបយើងនេះ។»

ប៉ិប ហ្គាឌីអូឡា បានដឹកនាំបាសេឡូណា ឲ្យក្លាយជាក្រុមមួយ ដែលមានឥទ្ធពលបំផុតនៅលើពិភពលោក។ គាត់ជួយ​ឲ្យ​បាសេ លើកពានឆែមពានលីក២សម័យកាល និងឡាលីកា (La Liga) ចំនួន៣លើក ក្នុងចំណោមពានរង្វាន់​សំខាន់ៗ ជាច្រើនទៀត។

គ្រូបង្វឹកថ្មីរូបនេះ បានបន្ថែមថា៖ «ខ្ញុំត្រៀមខ្លួនរួចហើយ។ ពេលវេលារបស់ខ្ញុំនៅជាមួយក្រុមបាសេឡូណា ជា​ពេល​វេលាដ៏អស្ចារ្យបំផុត។ ប៉ុន្តែខ្ញុំត្រូវការការប្រកួតប្រជែងថ្មី ហើយក្លឹបបាយឺនម៉ូនិជ បានផ្តល់ឱកាសនេះឲ្យខ្ញុំ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments