ហូរ វ៉ាន់៖ គណបក្ស មិន​អាច​«បំផ្លាញ»​ស្លាក​គណបក្ស ដែល​ជា​«ទ្រព្យ​ខ្លួន​ឯង»

គណបក្សប្រឆាំង មិនដែលមានគំនិត គិតឃើញពីការបំផ្លាញ«ស្លាក»គណបក្សខ្លួនឯងនោះទេ។ ការលើកស្លាកនីមួយៗត្រូវចំណាយ លុយកាក់ ហើយក៏នឹងគ្មានបំណងណាមួយ ដែលត្រូវរៀបចំឲ្យមានការបំផ្លាញវាទៅវិញនោះដែរ។ គណបក្សនីមួយៗ ចង់បានតែសេចក្តីសុខ ចង់ឲ្យតែស្លាកនោះបាន«នឹងន»ទេ។ នេះជាកាលើកឡើងរបស់លោក ហូរ វ៉ាន់ អនុប្រធានគណកម្មការវិន័យនៃគណបក្សសង្គ្រោះជាតិ។

ភ្នំពេញ៖ គណបក្សប្រឆាំង មិនដែលមានគំនិត គិតឃើញពីការបំផ្លាញ«ស្លាក»គណបក្សខ្លួនឯងនោះទេ។ ការលើកស្លាក​នីមួយៗត្រូវចំណាយ លុយកាក់ ហើយក៏នឹងគ្មានបំណងណាមួយ ដែលត្រូវរៀបចំឲ្យមានការបំផ្លាញវាទៅវិញនោះដែរ។ គណបក្សនីមួយៗ ចង់បានតែសេចក្តីសុខ ចង់ឲ្យតែស្លាកនោះបាន«នឹងន»ទេ។ នេះជាកាលើកឡើងរបស់លោក ហូរ វ៉ាន់ អនុប្រធានគណកម្មការវិន័យនៃគណបក្សសង្គ្រោះជាតិ។


សកម្មភាពលើកផ្លាកគណបក្សសង្គ្រោះជាតិ នៅក្នុងខេត្ត សៀមរាប។

តាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៩ ខែមិថុនានេះ បានបង្ហាញថា រាល់សកម្មភាព​បំផ្លាញស្លាកសញ្ញាគណបក្សសង្រ្គោះជាតិ ចំនួនដប់ប្រាំមួយ(១៦)ស្លាក ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខមួយ និងផ្លូវគ្រួសក្រហមក្នុងខេត្តព្រៃវែង និងស្វាយរៀង ជាការធ្វើឡើងតាមការចាត់តាំងជា«ប្រព័ន្ធ» ក្នុងបំណងធ្វើឲ្យខូច​បរិយាកាសល្អនៅមុនថ្ងៃបោះឆ្នោត។ សេចក្តីប្រកាសព័ត៌មាននេះបន្តរថា ទង្វើទាំងអស់នេះជាការបំរើ​ឲ្យ​គោលបំណង​អគតិ ដែលគណបក្សប្រឆាំងធ្លាប់បានលើកឡើងថា នឹងចូលរួមការបោះឆ្នោត តែមិនទទួលលទ្ធផលនៃការបោះឆ្នោត។

លោក ហូរ វ៉ាន់ បានច្រានចោលនូវការចោទប្រកាន់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានចោទប្រកាន់ថា គណបក្ស​សង្គ្រោះជាតិ ជាអ្នករៀបចំឲ្យមានការបំផ្លាញស្លាកគណបក្សខ្លួនឯងនោះ។ លោកបញ្ជាក់ថា «នេះជាការមិនត្រឹមត្រូវទេ ហើយខ្ញុំសូមធ្វើការច្រានចោលទាំងស្រុង នូវការលើកឡើងដែលថាគណបក្សប្រឆាំង​ ជាអ្នករៀបចំឲ្យមាន​ការបំផ្លាញស្លាក​គណបក្សខ្លួនឯងនោះ។ (...) ទាំងនេះជាការមួយមិនពិត ហើយដែលយើងមិនអាចទទួលយកជាការបាន។»

អង្គការសង្គមស៊ីវិលមួយចំនួន បានធ្វើការវិភាគទៅលើ កំលាំងធនធានរបស់គណបក្សថ្មីៗ ដែលមានភាពទប់ខ្សោយ​ទាំង​កំលាំងជម្រុញ និងកំលាំងធនធាន ដែលជាមួលហេតុមួយ មិនអាចធ្វើការបំផ្លាញនូវទ្រព្យសម្បត្តិ​របស់ខ្លួនឯង​នោះទេ។

ចំពោះករណីនេះលោក យ៉ង់ គឹមអេង នាយកនៃមជ្ឈមណ្ឌលអភិវឌ្ឈន៍ប្រជាពលរដ្ឋ ដើម្បីសន្តិភាព(PDP) យល់ថា ការ​បង្កើត​ឲ្យមានស្លាកមួយៗត្រូវចំណាយអស់ច្រើន ជាពិសេសគណបក្សមិននៅក្នុងរដ្ឋាភិបាល ដែលមានធនធានមានកំរិត​មួយ ហើយបើមានការបំផ្លាញរបស់ខ្លួនឯងនោះ អាចធ្វើឲ្យមានការប៉ះពាល់ដល់លទ្ធភាពក្នុងការចូលរួមប្រកួតប្រជែង។

បើតាមការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ថាស្លាកគណបក្សសង្គ្រោះជាតិ ត្រូវបានជនមិនស្គាល់មុខ​បាញ់​ស្ត្រៃ​ចំមុខ លោក សម រង្ស៊ី និង លោក កឹម សុខា ឯស្លាកសញ្ញាដែលគ្មានរូបលោក សម រង្ស៊ី និងលោក កឹម សុខាទេ ជនទាំង​នោះបានបាញ់ស្ព្រាយ លើរូបសញ្ញាព្រះអាទិត្យ ឬពាក្យស្លោក។

លោក ហូរ វ៉ាន បានធ្វើការបង្ហាញថា អាជ្ញាធរមូលដ្ឋាន ក្រសួងពាក់ពន្ធ័ ជាពិសេសក្រសួងមហាផ្ទៃត្រូវតែចាត់វិធានការ ស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ដើម្បីរកខុសត្រូវ នោះទើបជាការសមហេតុផល និងស្របតាមមុខងាររបស់​អាជ្ញាធរផង វាប្រសើរជាងការចោទប្រកាន់ ឬទម្លាក់កំហុសមកលើគណបក្សប្រឆាំងដែលជាអ្នករងគ្រោះនោះ ហើយ​អាជ្ញាធរក៏មិនគួរភ្ជាប់រឿងនេះ ទៅនឹងបញ្ហាដទៃនោះដែរ។

គាំទ្រនឹងការលើកឡើងខាងលើថាអាជ្ញាធរមូលដ្ឋាន ក្រសួងពាក់ពន្ធ័ ដូចជាក្រសួងមហាផ្ទៃជាដើម គួតែស្វែងរកជនល្មើស​មកផ្តន្ទាទោសតាមច្បាប់នោះ លោក យ៉ង់ គឹមអេង បានបន្ថែមថា ក្រសួងបហាផ្ទៃគួរធ្វើការពង្រឹងបន្ថែម លើការទប់​ស្កាត់​នូវការបំផ្លាញស្លាកសញ្ញាគណបក្ស ព្រោះថា បើនៅមានបន្តរនូវការបំផ្លាញស្លាកសញ្ញាគណបក្សនេះ វាបង្ហាញឲ្យឃើញ​នូវ​ការរើសអើង ខាងនយោបាយមួយនៅក្នុងសហគម ហើយអាចឲ្យមានការបែកបាក់សាមគ្គី​នៅក្នុងចំណោម​ប្រជាពលរដ្ឋ និងអាចធ្វើឲ្យមានហិង្សាផ្សេងៗកើតឡើង។ «តួនាទីរបស់រដ្ឋ ពិសេសក្រសួងដែលមានសម្តថកិច្ច ដូចជាក្រសួងមហាផ្ទៃ​ត្រូវតែធ្វើការធានាឲ្យបាន ម៉ត់ចត់ចំពោះបញ្ហាខាងលើនេះ»។

អ្នកនាំពាក្យក្រសួងបហាផ្ទៃ មិនអាចសុំការបំភ្លឺបន្ថែមចំពោះបញ្ហាលើកឡើងខាងលើនេះទេ តែបើតាមសេចក្តីប្រកាស​ព័ត៌មាន បានប្រកាសថាក្រសួងមហាផ្ទៃនឹងបើកការស៊ើបអង្កេត ដើម្បីស្វែងរកចាប់ខ្លួនជនល្មើសមកផ្ទន្ទាទោស​ទៅ​តាម​ច្បាប់។

សូមបញ្ជាក់ថា មកទល់នឹងពេលនេះមិនទានមានប្រតិកម្មណាមួយ តបតរជាផ្លូវការទៅនឹងការលើកឡើង របស់អ្នក​នាំ​ពាក្យក្រសួងមហាផ្ទៃ ពាក់ពន្ទ័នឹងការបំផ្លាញស្លាកគណបក្សសង្គ្រោះជាតិនោះនៅឡើយទេ។ តែនៅម៉ោង២រសៀល ថ្ងៃទី២០ មិថុនានេះ គណបក្សសង្គ្រោះជាតិនឹងធ្វើសន្និសីទកាសែត ស្តីពី«ស្ថានភាពនយោបាយ នៅមុនការបោះឆ្នោត​ថ្ងៃទី២៨ កក្កដា» ដែលនឹងត្រូវរៀបចំឡើង នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតនៅផ្លូវលេខ ៥៩៨ ក្នុង​សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលអាចបង្ហាញពីបញ្ហាចម្រូងចម្រាស ខាងផ្នែកនយោបាយជាច្រើន ដែលបានកើតឡើងពេលកន្លងមក ក៏ដូចជាសម្រាប់ថ្ងៃខាងមុខ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២០ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments