ប្រេស៊ីល និងអ៊ីតាលី ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

ក្រុមស៊ាំបាប្រេស៊ីល និងក្រុមជម្រើសជាតិអ៊ីតាលី បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួត​ពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) ហើយ បន្ទាប់ពួកគេបានទទួលជ័យជំនះទាំង២ប្រកួត និងមាន​ពិន្ទុ​ម្នាក់ៗ ៦ពិន្ទុពេញនៅក្នុងពូលអេ (A)។

ក្រុមស៊ាំបាប្រេស៊ីល និងក្រុមជម្រើសជាតិអ៊ីតាលី បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួត​ពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) ហើយ បន្ទាប់ពួកគេបានទទួលជ័យជំនះទាំង២ប្រកួត និងមាន​ពិន្ទុ​ម្នាក់ៗ ៦ពិន្ទុពេញនៅក្នុងពូលអេ (A)។


ណីម៉ា កីឡាករប្រេស៊ីល ដែលនាំក្រុមជម្រើសជាតិរបស់ខ្លួន ទៅពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ក្នុងការប្រកួតលើកទី២ កាលពីយប់មិញ ក្រុមម្ចាស់ផ្ទះប្រេស៊ីលបានបំបាក់ក្រុមម៉ិកស៊ីកូ ដោយលទ្ធផល ២-០ ហើយក៏​ជា​ការរកគ្រាប់បាល់បញ្ចូលទីរបស់កីឡាករចំណូលថ្មីក្រុមបាសេឡូណា ណីម៉ា (Neymar) មួយគ្រាប់ផងដែរ នៅនាទីទី៩ បន្ទាប់ពីខ្សែប្រយុទ្ធចូ (Jo) បានបន្ថែមមួយគ្រាប់ទៀត នៅម៉ោងជិតចប់ នាទីទី៩០។

ប្រេស៊ីល បានឈ្នះជប៉ុន ៣-០ កាលពីប្រកួតបើកឆាកលើកទី១ ហើយបន្ទាប់ពីឈ្នះ១ប្រកួតនេះទៀត ពួកគេមាន៦ពិន្ទុ​ពេញ ហើយអាចឡើងទៅកាន់វគ្គជាបន្ត ខណៈដែលក្រុមម៉ិកស៊ីកូត្រូវហាលអាវត្រឹមវគ្គចែកពូលនេះ បន្ទាប់ពីការប្រកួត​លើកដំបូងចាញ់អ៊ីតាលីដែរនោះ។

ចំណែកឯក្រុមអ៊ីតាលី ក៏បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ បន្ទាប់យកឈ្នះក្រុមស៊ាំមួរៃខៀវ​ជប៉ុន​ទាំង​ត្រដាបត្រដួសកាលពីយប់មិញ ដោយលទ្ធផល ៤-៣ ខណៈដែលម្ចាស់ជើងឯកអាស៊ី (ជប៉ុន) ក៏ត្រូវហាលអាវដូចគ្នា បើ​ទោះបីជាសល់ការប្រកួត១លើកទៀតក៏ដោយនោះ។

ជប៉ុនបាននាំមុខអ៊ីតាលី ២-០ មុន បន្ទាប់ពីកីឡាករកេស៊ូកេ ហុងដា (Keisuke Honda) ទាត់បាល់ពិន័យ​ប៉េណាល់ទី​បញ្ចូល​ទី​បានសម្រេចនៅនាទីទី២១ ខណៈដែលខ្សែបម្រើប្រយុទ្ធរបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ស្សីនជី កាហ្គាវ៉ា (Shinji Kagawa) ទាត់កាប់មួយជើងបញ្ចូលទីបាន១គ្រាប់ទៀត នៅនាទីទី៣៣។

បន្ទាប់ពីសប្បាយរីករាយ មិនទាន់បានប៉ុន្មានផង ក៏ត្រូវបានក្រុមអ៊ីតាលីលត់៣គ្រាប់វិញ ដែលធ្វើឲ្យជប៉ុនហួសចិត្ត​គាំង​និយាយស្ទើរមិនចេញ បន្ទាប់ពីកីឡាករខ្សែបម្រើរូស្សី (Rossi) ជួយឲ្យអ៊ីតាលី មានគ្រាប់បាល់ទី១ នៅនាទីទី៤១ ហើយ​កីឡាករខ្សែការពារជប៉ុនជ្រុលជើងទៅទាត់បាល់បញ្ចូលទីខ្លួនឯងនៅនាទីទី៥០ ខណៈដែលខ្សែប្រយុទ្ធម៉ារីយ៉ូ បាឡូតេលី (Mario Balotelli) ទាត់បាល់ប៉េណាល់ទីបាន១គ្រាប់ទៀត ជួយឲ្យអ៊ីតាលីនាំមុខបណ្តោះអាសន្ន ៣-២ នៅនាទី៥២។

កីឡាករស្សីនជី អូកាស្សាគី (Shinji Okazaki) បានជួយឲ្យជប៉ុនតាមបានស្មើ ៣-៣ មកវិញនៅនាទីទី៦៩។ ប៉ុន្តែខ្សែប្រយុទ្ធសេសបាស្ទែន ជីយ៉ូវីនកូ (Sebastian Giovinco) ដែលលេងឲ្យក្រុមម្ចាស់ជើងឯកអ៊ីតាលីជូវីនទូស (Juventus) បានបញ្ចប់ក្តីសុបិន្តរបស់ជប៉ុនទាំងស្រុង បន្ទាប់ពីកីឡាកររូបនេះ ទាត់បាល់បញ្ចូលទីនៅនាទីទី៨៦ ហើយជួយឲ្យអ៊ីតាលីឈ្នះជប៉ុនសរុប ៤-៣៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments