បវរកញ្ញាប៊ែលហ្សិក​ស្រក់​ទឹក​ភ្នែក​ខ្លោច​ចិត្ត​អាណិត​កុមារ​កម្ពុជា (រូបថត)

ប៉ុន្មានសប្ដាហ៍មុននេះ បវរកញ្ញានៃប្រទេសប៊ែលហ្សិក នាងកញ្ញា ណូអេមី ហាប៉ាត៍ (Noémie Happart) បានធ្វើដំណើរ​ទៅ​កាន់ប្រទេសកម្ពុជា ដើម្បីដាក់ឲ្យប្រើប្រាស់ នូវសាលារៀនមួយ ដែលជួយឧបត្ថម្ភដោយបវរកញ្ញា និងអ្នកជាប់ចំណាត់​ថ្នាក់​ខ្ពស់ជាងគេ នៃការប្រលងជ្រើសរើសបវរកញ្ញាកាលពីឆ្នាំកន្លងទៅ។ នាងបានផ្ដល់កិច្ចសម្ភាសមួយ ដោយនិយាយទាំង​ទឹក​ភ្នែកថា នាងខ្លោចចិត្តអាណិតកុមារនៅទីនោះជាទីបំផុត។ ជាព្រឹត្តិការណ៍ ដែលបានធ្វើឲ្យនាង​«ផ្លាស់ប្ដូរ​ជីវិត»។

ប៉ុន្មានសប្ដាហ៍មុននេះ បវរកញ្ញានៃប្រទេសប៊ែលហ្សិក នាងកញ្ញា ណូអេមី ហាប៉ាត៍ (Noémie Happart) បានធ្វើដំណើរ​ទៅ​កាន់ប្រទេសកម្ពុជា ដើម្បីដាក់ឲ្យប្រើប្រាស់ នូវសាលារៀនមួយ ដែលជួយឧបត្ថម្ភដោយបវរកញ្ញា និងអ្នកជាប់ចំណាត់​ថ្នាក់​ខ្ពស់ជាងគេ នៃការប្រលងជ្រើសរើសបវរកញ្ញាកាលពីឆ្នាំកន្លងទៅ។ នាងបានផ្ដល់កិច្ចសម្ភាសមួយ ដោយនិយាយទាំង​ទឹក​ភ្នែកថា នាងខ្លោចចិត្តអាណិតកុមារនៅទីនោះជាទីបំផុត។ ជាព្រឹត្តិការណ៍ ដែលបានធ្វើឲ្យនាង​«ផ្លាស់ប្ដូរ​ជីវិត»។


នាងកញ្ញា ណូអែមី ហាប៉ាត៍ នៅមុនពេលទទួលទានបាយថ្ងៃត្រង់។ (រូបថត Miss Belgique)

នៅក្នុងឱកាសនោះ នាងកញ្ញា ណូអេមី ដែលមានរូបសម្ផស្សស្អាតប្រឹមប្រិយ៍ និងមានសក់ពណ៏មាសមួយរូបនេះ បាន​ធ្វើ​បុណ្យខួបកំណើតរបស់នាងគម្រប់២០ឆ្នាំ ជាមួយនឹងកុមារខ្មែរ និងអ្នកភូមិនៅទីនោះជាច្រើននាក់។ សាលារៀនដែល​នាង​ទៅ​សម្ភោធដាក់ឲ្យប្រើប្រាស់ ស្ថិតនៅក្នុងភូមិ​រង្វាន ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្ត​​បន្ទាយមានជ័យ ដែលមានប្រជាជនរស់​នៅប្រមាណជា ៧៩២នាក់ ក្នុងនោះ១៣៥នាក់ជាកុមារ។ ជាសាលាដែលចេញពីប្រាក់ឧបត្ថម្ភធន់ ចំនួន១៣ពាន់អ៊ឺរ៉ូ ហើយ​ត្រូវបានផ្ដល់តាមរយៈអង្គការអន្តរជាតិមួយ ឈ្មោះថា«ក្ដីសង្ឃឹមនៃកុមារ (Hope for Children)»។

នាងណូអេមី បានពន្យល់ថា «នៅភូមិនោះ មិនមានចរន្ដអគ្គិសនី ហើយក៏គ្មានទឹកស្អាត់ប្រើប្រាសដែរ។ ខ្ញុំមានបំណង ចង់​ជួបប្រជាជនរស់នៅទីនោះណាស់។» នាងបាននិយាយថា នាងបានចែកសម្លៀកបំពាក់ទៅឲ្យកុមារ ដែលជាភាពសប្បាយ​រីករាយមួយ សម្រាប់បណ្ដាជននៅទីនោះ។ «នៅអាស៊ី ឯកសណ្ឋានកូនសិស្សសាលា ជាការចាំបាច់ ហើយគ្រួសារខ្លះ​នៅ​ទីនោះ មិនមានប្រាក់គ្រប់គ្រាន់ និងទិញសម្លៀកបំពាក់សិក្សាទាំងនោះ ឲ្យកូនចៅខ្លួននោះទេ។ រហូតដល់មានគ្រួសារខ្លះ បានបោះបង់ចោល នូវគំនិតដែលត្រូវបញ្ជូនកូនទៅសាលាទៀតផង។»

នាងនិយាយដោយក្ដីរំភើបថា «នាងខ្ញុំ មិនដឹងថា តើនឹងត្រូវពន្យល់យ៉ាងដូចម្ដេច ពីអ្វីដែលនាងខ្ញុំមានអារម្មណ៍ នៅពេល​បានឃើញសំណើចក្អាកក្អាយរបស់ពួកគេនោះទេ។ ខ្ញុំមានមោទនភាព នឹងខ្លួនឯងខ្លាំងណាស់។»

«តើហេតុអ្វីបានយើងនៅប៊ែលហ្សិក ចេះតែទាមទារតវ៉ារហូត?»

ប៉ុន្តែនាងមិនភ្លេចទេ នៅពេលដែលនាងបានទៅឃើញដោយផ្ទាល់ភ្នែក ពីភាពក្រីក្រតោកយ៉ាករបស់ប្រជាជនកម្ពុជា ជា​ពិសេសបណ្ដាជនដែល​រស់នៅតំបន់នោះ។ «នាងខ្ញុំមានភាពក្ដុកក្តួលណាស់ នឹងឃើញភាពក្រីក្ររបស់អ្នកទាំងនោះ។ នាងខ្ញុំពិបាកនឹងថតយករូបភាព នៅពីមុខផ្ទះរបស់ពួកគេ ខណៈពេលដែលបេះដូងរបស់នាងខ្ញុំ គ្រប់ដណ្ដប់ដោយភាព​សង្វេកនោះ។ នាងខ្ញុំមិនចង់ជឿនឹងភ្នែកផង ថាពួកគេនឹងរស់នៅក្នុងសភាពបែបនេះ ពេញមួយជីវិតរបស់ពួកគេ នៅក្នុង​ផ្ទះធ្វើពីឈើ គ្មានអគ្គិសនី គ្មានទឹកស្អាត។»

នាងបានបន្ថែមថា «ត្រូវទៅឃើញផ្ទាល់ ដើម្បីជឿរឿងនេះ» ហើយនាងបានចោទសួរទៅ ជនរួមជាតិរបស់នាងថា «តើ​ហេតុអ្វីបានយើងនៅប៊ែលហ្សិក ចេះតែទាមទារតវ៉ាមិនចេះស្រាកស្រាន្ដ ខណៈពេលដែលមានមនុស្សនៅជើងមេឃម្ខាង បានប្រឹងប្រែងសព្វគ្រប់បែបយ៉ាងទាំងអស់ ដើម្បីចិញ្ចឹមកូនចៅរបស់ពួកគេ?»

ជាមួយនឹងភ្នែកដែលទំនងជាចង់រលីងរលោងផងនោះ នាងបានបញ្ជាក់ថា «អ្វីដែលនាងខ្ញុំបានឃើញបានជួបនេះ បានធ្វើ​ឲ្យខ្ញុំផ្លាស់ប្ដូរជីវិត។ នាងខ្ញុំនឹងមិនភ្លេចទេ ពីទិដ្ឋភាពទាំងនោះ។»  ប៉ុន្តែកញ្ញារូបស្រស់នៅតែមិនអាចទប់ទឹកភ្នែកបាន នៅ​ពេលដែលនាងបានចាកចេញពីកុមារទាំងនោះ ហើយពួកគេបានសរសេរនៅលើកំណាត់មួយផ្ទាំង ដែលជូនពរឲ្យនាង​បាន​ជាប់ជា«បវរកញ្ញាពិភពលោក» ក្នុងពេលខាងមុខ។

«រឿងមួយដែលប្រាកដនោះ គឺនេះជាលើកទីមួយ តែក៏មិនមែនជាលើកចុងក្រោយដែរ ដែលនាងខ្ញុំនឹងត្រឡប់ទៅជួប​ពួក​គេវិញ។ បើនាងខ្ញុំអាច នាងខ្ញុំនឹងបន្តជួយពួកគេ ហើយនាងខ្ញុំនឹងនៅតែធ្វើ បើទោះជានាងខ្ញុំលែងជាបវរកញ្ញាប៊ែលហ្សិក​នោះក៏ដោយ៕»

សូមទស្សនារូបភាព ដែលនាងចុះទៅជួបកុមារនៅភូមិរង្វាន ដូចខាងក្រោម៖

------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments