បាតុកម្ម​មហាជន​ប្រឆាំង​​លោក កឹម សុខា ដឹកនាំ​ដោយ​លោក ជុំ ម៉ី

ភ្នំពេញ៖ ស្ថិតក្រោមការយកចិត្តទុកដាក់ និងអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន ជាពិសេសសាលារាជធានីភ្នំពេញ និងក្រសួង មហាផ្ទៃ បានធ្វើឲ្យកិច្ចដំណើរការ នៃមហាបាតុកម្មមហាជនប្រឆាំងនឹងលោក កឹម សុខាដែលដឹកនាំដោយលោកជុំ ម៉ី ប្រធានសមាគមក្សេមក្សាន និងជាតំណាងឲ្យអ្នកដែលបានស្លាប់ក្នុងរបបខ្មែរក្រហម នេះបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ នាទីលានប្រជាធិបតេយ្យ។

ភ្នំពេញ៖ ស្ថិតក្រោមការយកចិត្តទុកដាក់ និងអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន ជាពិសេសសាលារាជធានីភ្នំពេញ និងក្រសួង មហាផ្ទៃ បានធ្វើឲ្យកិច្ចដំណើរការ នៃមហាបាតុកម្មមហាជនប្រឆាំងនឹងលោក កឹម សុខាដែលដឹកនាំដោយលោកជុំ ម៉ី ប្រធានសមាគមក្សេមក្សាន និងជាតំណាងឲ្យអ្នកដែលបានស្លាប់ក្នុងរបបខ្មែរក្រហម នេះបានប្រព្រឹត្តទៅដោយរលូន និង​ជោគជ័យ នាទីលានប្រជាធិបតេយ្យ។


បាតុកម្មប្រឆាំងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ (រូបថត MONOROOM.info/ O.Vary)

មហាជនប្រមាណរាប់ពាន់នាក់ បានធ្វើដំណើរដោយថ្មើរជើង ខ្លះជិះម៉ូតូ និងទៀតជិះឡាន ពីទីចំងាយនានា ទាំងក្នុង​និង​ក្រៅក្រុង និងតាមបណ្តាខេត្តដែលជាប់នឹងក្រុង ចូលមកកាន់ទីលានប្រជាធិបតេយ្យ ដែលជាទីកន្លែងធ្វើមហាបាតុកម្ម​ដោយអហិង្សា ក្នុងថ្ងៃអាទិត្យទី០៩ខែមិថុនានេះ។

មហាជនទាំងនោះគេសង្កេតឃើញមានការចូលរួមពីសិស្ស និស្សិត តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ប្រជាជន​ខ្មែរឥស្លាម និងប្រជាជន«វៀតណាម»។ ប្រជាពលរដ្ឋមួយចំនួនកាន់បដាជាច្រើន បញ្ជាក់ពីការប្រឆាំងនឹងលោក កឹម សុខា។ មហាបាតុកម្មមហាជននេះ ពុំឃើញមានវត្តមានព្រះសង្ឃចូលរូមឡើយ។

សង្កេតឃើញមានវត្តមានថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ សាលារាជធានីភ្នំពេញ និងស្នងការនគបាលរាជធានី បានចុះមក​រៀបចំ និងចាត់ចែងកម្លាំងប៉ូលិសជាច្រើននាក់ ដាក់ពង្រាយការពារសន្តិសុខ ក៏ដូចជាសណ្តាប់ធ្នាប់ជូនក្រុមបាតុករ។ មាន​រៀបចំឲ្យមានបង្គន់អនាម័យ និងចែកទឹកសុទ្ធ(ឥតគិតថ្លៃ) មានប្រពន្ធ័ឃោសនសព្ទ័ តាមដើមឈើជុំវិញទីលាន​ប្រជាធិបតេយ្យ មានឡានពេទ្យសម្រាប់សង្គ្រោះបន្ទាន់ ជាច្រើនគ្រឿង និងមានការផ្សាយបន្តរផ្ទាល់ពីបណ្តាទូរទស្សន៍ និងវិទ្យុមួយស្ទើរតែទាំងអស់។ ផ្ទុយមកវិញ គេពុំឃើញមានវត្តមានឡានទឹកសម្រាប់ពន្លត់អគ្គីសភ័យ មិនមានវត្តមាន​ប៉ូលីសប្រឆាំងនឹងបាតុកម្ម និងក៏មិនមានការកាន់ខែល ឈរតម្រៀបជួរគ្នាដូចបាតុកម្មមុនៗឡើយ។

មានការចូលរូមសង្កេតការណ៍ និងយកព័ត៌មានពីបណ្តាអង្គការសង្គមស៊ីវិលជាតិ និងងន្តរជាតិ និងអ្នកសារព័ត៌មាន​ឯករាជ្យជាច្រើនរូប។ និងនៅតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ តាមទីប្រជុំជន នៅមុខវត្ត មុខសាលារៀន ក៏មាន​ការលើកបដា និងចាក់ផ្សាយសម្លេងរបស់លោក កឹម សុខា ដោយក្រុមសិស្ស និស្សិត និងអាជីវករមួយចំនួន។

នៅម៉ោងប្រាំបួនព្រឹក ក្បួនដង្ហែរ«ញ្ញត្តិ»របស់មហាបាតុកម្មនេះ បានចេញដំណើរពីទីលានប្រជាធិបតេយ្យ ដើម្បីឆ្ពោះ​ទៅ​កាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅក្នុងខណ្ឌទួលគោក។ ញ្ញត្តិនោះត្រូវបានទទួលដោយលោកស្រី មួសុខ ហួរ ហើយលោកស្រីក៏មិនបានបញ្ជាក់អ្វីដែរ ពាក់ពន្ធ័នឹងបញ្ហានេះ។

សរុបមកជាមហាបតុកម្មមួយនេះ ត្រូវបានគេចាត់ទុកថា ជាបាតុកម្មមួយដែលមានលក្ខណៈប្រសើរ និងល្អ ដោយមាន​ការ​ផ្តល់សិទ្ធិ និងការគោរពសិទ្ធិបាតុករពីសំណាក់អាជ្ញាធរពាក់ពន្ធ័ ដែលពីមុនមិនធ្លាប់មាន។

ក្រុមអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិមួយចំនួន និងគណបក្សប្រឆាំងបានធ្វើការសន្និដ្ឋានថា បាតុកម្មនេះបើមិនមាន​ការជួយជ្រោមជ្រែង ចាត់ចែង និងរៀបចំដោយគណបក្សកាន់អំណាចទេ នោះមិនអាចនិងប្រព្រត្តិទៅ ដោយគ្រប់​ជ្រុង​ជ្រោយបែបនេះឡើយ។ ការសន្និដ្ឋានទាំងនេះ ត្រូវបានថ្នាក់ដឹកនាំគណបក្សកាន់អំណាច បានធ្វើការបដិសេធ​ចោល​មិន​ទទួលយក ដោយបញ្ជាក់ថាបាតុកម្មនេះ កើតដោយសុឆន្ទះរបស់ប្រជាពលរដ្ឋដែលជាជនរងគ្រោះ និងជាការបង្ហាញនូវ​ឆន្ទៈផ្ទាល់ខ្លួនរបស់គេតែប៉ុណ្ណោះ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៩ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments