ភ្លៀង​និង​ខ្យល់​ព្យុះ​នៅ​ស្រីលង្កា៖ ស្លាប់​៥​នាក់ ក្នុង​នោះ​អ្នក​នេសាទ​៤​នាក់

ភ្លៀងនិងខ្យល់ព្យុះម៉ូសុងដ៏ខ្លាំងក្លា បានបង្កឲ្យមនុស្ស៥នាក់ស្លាប់ នៅក្នុងតំបន់អាគ្នេយ៍នៃប្រទេសស្រីលង្កា ខណៈដែល​អ្នកនេសាទចំនួន១៧នាក់ កំពុងតែនៅបាត់ខ្លួននៅឡើយ ក្នុងដែនសមុទ្ររបស់ប្រទេសនេះ។

ភ្លៀងនិងខ្យល់ព្យុះម៉ូសុងដ៏ខ្លាំងក្លា បានបង្កឲ្យមនុស្ស៥នាក់ស្លាប់ នៅក្នុងតំបន់អាគ្នេយ៍នៃប្រទេសស្រីលង្កា ខណៈដែល​អ្នកនេសាទចំនួន១៧នាក់ កំពុងតែនៅបាត់ខ្លួននៅឡើយ ក្នុងដែនសមុទ្ររបស់ប្រទេសនេះ។


ខ្យល់ព្យុះ និងភ្លៀង ក្នុងតំបន់មួយនៃទ្វីបអាស៊ី។ (រូបថតជំនួស)

អ្នកនាំពាក្យរបស់អាជ្ញាធរ លោក ឡាល់ សារ៉ាត កុមារ៉ា (Lal Sarath Kumara) បានរាយការណ៍ពីព្រឹត្តិការណ៍នេះថា​ កងទ័ពដែនអាកាស និងកងទ័ពជើងទឹករបស់ប្រទេសស្រីលង្កា បានជួយអ្នកនេសាទប្រមាណជា២០នាក់រួចហើយ មក​ទល់នឹងបច្ចុប្បន្ននេះ។

លោកកុមារ៉ា បានបញ្ជាក់ថា អ្នកដែលរងការប៉ះពាល់ខ្លាំងជាងគេ ពីឥទ្ធិពលអាកាសធាតុដ៏អាក្រក់នេះ គឺក្រុមអ្នកនេសាទ​សមុទ្រ។ ជនរងគ្រោះដល់ជីវិតទាំងប្រាំនាក់នោះ មានបួននាក់ជាអ្នកនេសាទ ចំណែកឯម្នាក់ទៀត បានរងគ្រោះនឹង​ដើមឈើបាក់ធ្លាក់សង្កត់។

បើតាមអ្នកនាំពាក្យដដែលបានឲ្យដឹងបន្ថែមថា មនុស្ស១៣នាក់ផ្សេងទៀត បានរងរបួសនៅថ្ងៃសៅរ៍នេះ។

នាយកដ្ឋានឧត្តុនិយមស្រីលង្កា បានព្រមាន និងបានដាក់សញ្ញាអាសន្នស្ដីពីអាកាសធាតុ និងខ្យល់ព្យុះដ៏អាក្រក់នេះ ដែល​ជាផ្នែកមួយនៃឥទ្ធិពលម៉ូសុង ថានឹងត្រូវបោកបក់ក្នុងផ្នែកអាគ្នេយ៍នៃប្រទេស។

អាជ្ញាធរបាននិយាយថា នាវាបីគ្រឿង និងឧត្ថ​ម្ភាចក្រពីគ្រឿង ត្រូវបានដាក់ពង្រាយ នៅក្នុងតំបន់ដែលរងការប៉ះពាល់។ កងកម្លាំងដែនអាកាស និងជើងទឹក បានបន្ថែមប្រតិបត្តិការជាច្រើនទៀត ដើម្បីស្វែងរកជួយសង្គ្រោះអ្នកនេសាទ​ទាំង​ឡាយ ដែលនៅបាត់ខ្លួននៅឡើយនោះ៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments