វិភាគ៖ ច្បាប់​ដែល​ជា​បទ​បញ្ជា​ពី​នាយក​រដ្ឋមន្ត្រី ហើយ​រដ្ឋសភា​ជា​អ្នក​ប្រថាប់​ត្រា?

ដើម្បីឲ្យច្បាប់មួយ ដែលជាបំណងរបស់នាយករដ្ឋមន្ត្រីចេញរួច រដ្ឋសភាកម្ពុជាត្រូវការរយៈពេលតែជាង១០ថ្ងៃប៉ុណ្ណោះ ដើម្បីសិក្សា វិភាគ ពិនិត្យពីច្បាប់នេះ។ ការអនុម័តច្បាប់នេះទៀតសោត នឹងមិនចាំបាច់មានការចូលរួម ពីក្រុមតំណាង​រាស្ត្ររបស់គណបក្សប្រឆាំងនោះឡើយ បើទោះជាគេដឹងថាគណបក្សប្រឆាំង បានប្រកាសគាំទ្រច្បាប់នោះក៏ដោយ។

ដើម្បីឲ្យច្បាប់មួយ ដែលជាបំណងរបស់នាយករដ្ឋមន្ត្រីចេញរួច រដ្ឋសភាកម្ពុជាត្រូវការរយៈពេលតែជាង១០ថ្ងៃប៉ុណ្ណោះ ដើម្បីសិក្សា វិភាគ ពិនិត្យពីច្បាប់នេះ។ ការអនុម័តច្បាប់នេះទៀតសោត នឹងមិនចាំបាច់មានការចូលរួម ពីក្រុមតំណាង​រាស្ត្ររបស់គណបក្សប្រឆាំងនោះឡើយ បើទោះជាគេដឹងថាគណបក្សប្រឆាំង បានប្រកាសគាំទ្រច្បាប់នោះក៏ដោយ។


តើយុត្តិធម៌មានទេ បើមនុស្សជាអ្នកកាន់វា ក្នុងដៃយ៉ាងនេះ? (រូបថត Reuters/ Stéphane Mahé)

បន្ទាប់ពីការថ្លែងលើកដំបូង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៧ខែឧសភា ពីបំណងរបស់លោក ក្នុងការ​បង្កើតឲ្យមាននូវច្បាប់ ស្តីពី«ការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តិឡើង ក្នុងរយៈកាលនៃកម្ពុជា​ប្រជាធិបតេយ្យ»នោះមក គេរំពឹងថារដ្ឋសភា ដែលមានតំណាងរាស្ត្រភាគច្រើនពីគណបក្សកាន់អំណាចនោះ នឹងអនុម័ត​ច្បាប់នេះ នៅថ្ងៃសុក្រទី០៧ខែមិថុនា។

ដូច្នេះពីថ្ងៃទី២៧ខែឧសភា មកទល់នឹងថ្ងៃទី០៧ខែមិថុនា មានគម្លាតគ្នាតែ១១ថ្ងៃប៉ុណ្ណោះ ដើម្បីឲ្យច្បាប់នេះ​ចេញឃើញ​ពន្លឺថ្ងៃ។ សេចក្ដីថ្លែងការណ៍មួយទៀត ចុះថ្ងៃទី០៦ខែមិថុនា របស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សសម រង្សី និងគណបក្ស​សិទ្ធិមនុស្ស បានឲ្យដឹងថា ពួកគេនឹងមិនត្រូវអញ្ជើញឲ្យចូលរួម ពិភាក្សាដេញដោលពីច្បាប់នេះ ក្នុងថ្ងៃប្រជុំវិសមញ្ញ​របស់​រដ្ឋសភា​ទេ។

អ្នកសង្កេតតាមដានស្ថានការនយោបាយ និងសង្គមនៅកម្ពុជា បានចោទសួរ ពីមូលហេតុដែលច្បាប់មួយនេះ ត្រូវបាន​បង្កើតយ៉ាងរហ័សបែបនេះ តើវាជាតម្រូវការ នៃបរិបទសង្គមកម្ពុជាសព្វថ្ងៃឬ? ម៉្យាងទៀត ចំណុចសំខាន់ស្ថិតនៅត្រង់ថា ច្បាប់មួយដែលអនុម័តរបៀបនេះ នឹងមានវិសាលភាពបែបណា? ហើយការអនុវត្ត នឹងមានប្រសិទ្ធិភាពឬទេ?

អ្នកវិភាគឯករាជ្យ ពីបញ្ហាសង្គម និងនយោបាយ លោក ឡៅ ម៉ុងហៃ បានបកស្រាយថា ច្បាប់នេះនឹងមិនមានបញ្ហាអ្វី ក្នុងការដាក់ឲ្យអនុវត្តនោះទេ ហើយវានឹងមានការអនុវត្តន៍ដូចច្បាប់ដទៃទៀតដែរ។ តែអ្វីដែលសំខាន់នោះ លោកបាន​វាយតម្លៃច្បាប់នោះថាបានបាត់បង់ នូវ«លក្ខណៈជាច្បាប់»ទៅហើយ។ មានន័យថា ច្បាប់នេះ«វាគ្រាន់តែជាបទបញ្ជា​មួយ របស់នាយករដ្ឋមន្ត្រី ដែលមានការប្រថាប់ត្រាពីរដ្ឋសភាតែប៉ុណ្ណោះ»។

លោកបានលើកហេតុផលចំនួនបី មកពន្យល់៖ ទីមួយការផ្តួចផ្តើមធ្វើច្បាប់ ពីនាយករដ្ឋមន្ត្រីក្នុងកាលៈទេសៈ«ទោសៈ» - ទីពីរប្រញាប់ប្រញាល់ ដោយពុំបានដាក់ចូល គណកម្មាធិការសភាដើម្បីពិគ្រោះទេ - ទីបីស្ថិតនៅក្នុងកាលៈទេសៈ ជិត​នឹង​ការបោះឆ្នោត ខណៈដែលសភាសព្វថ្ងៃ ជិតផុតអណត្តិទៅទៀត។

គេបានដឹងថា សេចក្តីស្នើច្បាប់នេះនឹងមានប្រាំមាត្រា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីប្រាំមួយខែ ទៅពីរឆ្នាំ និងពិន័យ​ជា​ប្រាក់ពីមួយលានរៀល ទៅបួនលានរៀល ទៅលើអ្នកដែលមិនទទួលស្គាល់របបខ្មែរក្រហម។ លោកនយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំឲ្យមានច្បាប់នេះ នៅបន្ទាប់ពីលោកបានចោទមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថាបាន​និយាយជាសាធារណៈ រៀបរាប់ពីគុកទួលស្លែង ជាគុកសិប្បនិមិត្ត រៀបចំឡើងដោយវៀតណាម។

ការស្នើសុំឲ្យមានច្បាប់នេះ បានធ្វើឡើង ក្នុងខណៈពេលដែល ក្រុមមេដឹកនាំខ្មែរក្រហម ដែលជាអ្នកទទួលខុសត្រូវ​ក្នុង​របបវាលពិឃាត បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ កំពុងប្រឈមនឹងការកាត់ទោស ដោយសាលាក្ដីកូនកាត់មួយក្នុងរាជធានីភ្នំពេញ កើត​ពីកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងអង្គការសហប្រជាជាតិ។ លោកហ៊ុន សែនខ្លួនឯង ក៏ធ្លាប់ជាទាហាន​ខ្មែរក្រហមមួយរូបដែរ តែបានងាកមកប្រឆាំងរបបនេះវិញ នៅមុនការលុកលុយចូលប្រទេសកម្ពុជា របស់កងទ័ពនៃ​ប្រទេសវៀតណាម នៅឆ្នាំ១៩៧៩។ តែមិនមែនមានតែលោកហ៊ុន សែន តែម្នាក់នោះទេ មេដឹកនាំមួយចំនួនផ្សេងទៀត ដែលកំពុងតែកាន់តំណែងដ៏ខ្ពស់ៗ នៅក្នុងរដ្ឋាភិបាលសព្វថ្ងៃ ក៏ធ្លាប់ជាអតីតសមមិត្ត របស់ពួកខ្មែរក្រហមដែរ។

ច្បាប់ដែលត្រូវបានអនុម័តរួច នឹងត្រូវដាក់ឲ្យស្ថាប័ននិតិប្រតិបត្តិ និងស្ថាប័នតុលាការជាអ្នកអនុវត្តន៍។ តែកន្លងមក ប្រព័ន្ធ​យុត្តិធម៌នៅកម្ពុជា បានរងនូវការចោទប្រកាន់ជារឿយៗ ពី​ភាពគ្មានឯករាជ្យ មាននិន្នាការ​នយោបាយ និងស្ថិតក្រោម​គំនាប​នៃអ្នកមានអំណាច របស់ខ្លួន។ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ​ ស្តី​ពី​សិទ្ធិមនុស្សនៅកម្ពុជាលោក សុរិយា ប្រាសាទ ស៊ូប៊ែឌី (Surya P. Subedi) ក៏ ធ្លាប់បានលើកឡើងដែរថា កំណែទម្រង់ ទាក់ទងនឹង«ស្ថាប័នតុលាការ»នៅកម្ពុជា មានភាព​យឺតយ៉ាវខ្លាំងនៅឡើយ។ សកម្មជនសង្គមស៊ីវិលមួយចំនួន ដែលធ្វើការស្និតនៅសំនុំរឿង ដែលតែងតែកើតមាន​នៅ​តុលាការនោះ បាននិយាយដែរថាគេគម្បីត្រូវពន្លឿន ច្បាប់គ្រប់គ្រងប្រពន្ធ័តុលាការ ចៅក្រម និងព្រះរាជអាជ្ញា ជាមុន​សិន មុននឹងច្បាប់អ្វីផ្សេងទៀត ត្រូវបានអនុម័ត។

លោកឡៅ ម៉ុងហៃ បានបន្តវាយតម្លៃទៀតថា ការរួសរាន់ឲ្យមានច្បាប់ស្តីពី«ការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តិឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ»នេះ ស្ថិតក្នុងលក្ខណៈមួយ ដែលមិនយល់​ពី«អាទិភាព»​នៃច្បាប់ មិនយល់ពីការ«គ្រប់គ្រង»ប្រទេស តាមបែបផែនលិទ្ធិប្រជាធិបតេយ្យ ដែល«អំណាច»គ្រប់គ្រងត្រូវបានមក​ពី​«ច្បាប់»៕

-------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments