សង្គ្រោះ​ទារក​ម្នាក់ ដែល​រក​ឃើញ​ជាប់​គាំង​​ក្នុង​«បំពង់​លូ​បង្គន់»

ទារកចិនមួយរូប ដែលគេបានរកឃើញជាប់គាំង នៅក្នុងបំពង់លូបង្គន់ បានទទួល​ការព្យាបាល​ពីគ្រូពេទ្យ ហើយ​កំពុង​ស្ថិត​​ក្នុង​មន្ទីរពេទ្យ​នៅ​ឡើយ នៅថ្ងៃអង្គារទី២៨ខែឧសភានេះ។ ទារកដ៏កំសត់ត្រូវបានក្រុមអ្នកជួយសង្គ្រោះ យក​ចេញ​ទាន់​ពេល​ ពីបំពង់លូបង្គន់មួយ នៃអាគារ​ស្នាក់នៅ កាល​ពីថ្ងៃ​ច័ន្ទ។
សង្គ្រោះ​ទារក​ម្នាក់ ដែល​រក​ឃើញ​ជាប់​គាំង​​ក្នុង​«បំពង់​លូ​បង្គន់»
ទារកជាប់គាំងខ្លួន នៅក្នុងបំពង់លូបង្គន់។ (រូបថតផ្តិតពីវីដេអូ)

ក្រុមអ្នកជួយសង្គ្រោះបានកាត់ កែងបំពង់លូ ទីកន្លែងដែលទារកនេះជាប់ ដើម្បីសង្គ្រោះទារកដ៏កំសត់។ អ្នក​ដែល​បាន​សង្ស័យដឹងរឿងដ៏រន្ធត់នេះមុនគេ ជាអ្នកជួលផ្ទះម្នាក់នៅក្នុងអាគារស្នាក់នៅនេះ ដែលបានជូន​ដំណឹង​ភ្លាមទៅអាជ្ញាធរ នៅក្រោយពេលដែលគាត់បានលឺសម្លេងក្មេងយំ យ៉ាងចម្លែងចេញពីក្នុងបំពង់លូ។

រូបភាពជួយសង្គ្រោះជាង២ម៉ោងជាវីដេអូ  ត្រូវបានផ្សព្វផ្សាយយ៉ាងច្រើន នៅតាមបណ្ដាញទូរទស្សន៍ និង​តាម​អាំងធើណែត ជាពិសេសនៅក្នុងខេត្តជេជៀន (Zhejiang) ផ្នែកខាងកើតនៃប្រទេសចិន កាលពី​ថ្ងៃច័ន្ទ​និង​ថ្ងៃ​អង្គារ។

ទារកដែលទើបនឹងកើតតូចនេះ ត្រូវបានបញ្ជូនជាបន្ទាន់ទៅកាន់មន្ទីរពេទ្យ ខណៈដែលសុខភាពរបស់ទារក បានចុះខ្សោយ​ខ្លាំង តែនៅមានសង្ឃឹមនៅឡើយ។ ទារកមានទម្ងន់២,៨គីឡូក្រាម មានស្នាមរលាត់បន្តិចបន្តួច និងមានដំណើរបេះដូង​បាន​ចុះខ្សោយខ្លាំង តែគេហទំព័រផ្លូវការនៃខេត្តជេជៀន បានអះអាងថា ស្ថានភាព​របស់​ទារកនៅអាចសង្គ្រោះបាន។

មនុស្សជាច្រើនបានប្រមូលផ្ដុំគ្នានៅខាងក្រៅមន្ទីរពេទ្យ ដើម្បីពាំនាំយកអំណោយបន្តិចបន្តួចទៅឲ្យទារក ដូច​ជា​ល្បែងលេង កំណាត់រំគូថ ម្សៅទឹកដោះគោ ហើយអ្នកខ្លះទៀតចង់សុំទារកនោះមកចិញ្ចឹមថែមទៀត។

នគរបាលបានបើកសំនុំរឿងស៊ើបអង្កេតមួយឡើង ពីបទមនុស្សឃាតដោយចេតនា។ ម្ដាយទារក ទំនង​ជា​ត្រូវបានគេរក​ឃើញហើយ តែការស៊ើបអង្កេតនៅបន្តធ្វើតទៅទៀត។ ម្ចាស់អាគារស្នាក់នៅ បានថ្លែងប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយថា ម្ដាយ​ទារក​មិនទំនងជាបានឆ្លងទន្លេ នៅក្នុងបន្ទប់ទឹកនោះទេ ដោយហេតុគេ​មិនបាន​រក​ឃើញស្នាមឈាម នៅទីនោះឡើយ។ ម្ចាស់​អាគារក៏មិនបាន​ធ្វើការ​កត់សម្គាល់ថា មានស្ត្រីពោះធំ នៅក្នុង​ចំណោម​អ្នក​ជួល​ផ្ទះរបស់គាត់ដែរ។

ហេតុការណ៍នៃទារកបោះបង់ចោល កើតមានជាញឹកញាប់នៅប្រទេសចិន ហើយបានបង្កឲ្យ​មានការ​ខឹង​សម្បារ​យ៉ាងខ្លាំង ទល់នឹងនយោបាយរឹតបន្តឹង របស់រដ្ឋាភិបាលកុម្មុយនីស ដែលដាក់កំហិតឲ្យប្រជាជនចិន មានកូនតែមួយប៉ុណ្ណោះ។ ទារក​ដែលត្រូវគេបោះបង់ចោល ច្រើនមានភេទជាស្រី ព្រោះសង្គមចិនឲ្យ​តម្លៃ​ទៅ​កូន​ប្រុស​សំខាន់ជាង៕

សូមទស្សនាវីដេអូ ស្ដីពីព្រឹត្តិការណ៍នោះ ដូចតទៅ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់