បារាំង​នឹង​ទទួល​ធាតុ​អាកាស​ត្រជាក់ រហូត​១៥អង្សា​ក្រោម​សូន្យ

ក្នុងភាគខាងកើត នៃប្រទេសបារាំង ចាប់ពីថ្ងៃសុក្រស្អែកនេះ សីតុណ្ហភាពនឹងចុះត្រជាក់ខ្លាំង ចាប់ពី៨អង្សា​ក្រោម​សូន្យ រហូតដល់១៥អង្សា​ក្រោមសូន្យ ដោយសារប្រទេសនេះ ត្រូវរងសំពាធធាតុអាកាស ដែល​ធ្លាក់​ចុះ​មក​ពី​តំបន់ ស្កង់ឌីណាវ (Scandinav) ស្ថិតនៅ​ប៉ូលខាង​ជើង នៃផែនដី។
បារាំង​នឹង​ទទួល​ធាតុ​អាកាស​ត្រជាក់ រហូត​១៥អង្សា​ក្រោម​សូន្យ
ការធ្លាក់ដុំទឹកកក ប៉ុនៗពងមាន់ នៅរដ្ឋធានីប៉ារីស កណ្ដាលរដូវផ្ការីក កាលពីឆ្នាំ២០១៤។ (រូបថត MONOROOM.info/ D. KEO)
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៥ មករា ២០១៧
  • កែប្រែចុងក្រោយ: January 05, 2017
  • ប្រធានបទ: ធាតុអាកាស
  • អាន និងបញ្ចេញយោបល់

ជាដំណឹងសម្រាប់បង្ការខ្លួន របស់អ្នករស់នៅ ក្នុងប្រទេសបារាំង (ឬអាចប្រាប់បន្តគ្នា សម្រាប់អ្នកដែល​មាន​បង​ប្អូន រស់នៅទីនោះ)។ សីតុណ្ហភាព នឹង​ចុះ​ត្រជាក់ខ្លាំង ហើយធាតុអាកាស​នឹងមានចុះអ័ព្ទច្រើន រាប់​ចាប់​តាំង ពីថ្ងៃ​​សុក្រ​​នេះ រហូតដល់ថ្ងៃអាទិត្យខាងមុខ សម្រាប់ប្រទេសមួយចំនួន នៅក្នុង​ទ្វីបអ៊ឺរ៉ុបខាងលិច។

ស្ថាប័នឧត្តុនិយមបារាំង «Météo-France» បានប្រកាសឲ្យដឹងថា សំពាធធាតុអាកាសដ៏មហាត្រជាក់ បាន​ធ្លាក់​ចុះ​មកពីតំបន់ ស្កង់ឌីណាវ (Scandinav) ដែលស្ថិតនៅក្បែរ ប៉ូលខាងជើង ហើយបានឆ្លងកាត់ ទ្វីប​អ៊ឺរ៉ុប​ភាគ​កណ្ដាល នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ មុននឹងមកដល់ប្រទេសបារាំង នៅថ្ងៃស្អែក ឬខាន​ស្អែក។

នៅភាគខាងកើត នៃប្រទេសបារាំង ជាពិសេេស នៅជុំវិញក្រុង អាហ្សាស (Alsace) សីតុណ្ហភាព អាច​នឹង​ធ្លាក់​ចុះក្រោមសូន្យ ពី-៨អង្សា រហូតដល់ -១៥អង្សា។ សីតុណ្ហភាពនេះ ជាសីតុណ្ហភាព ដែលប្រកាសឲ្យដឹង ប៉ុន្តែ​ជា​ទូទៅ សីតុណ្ហភាព ដែលទទួលអារម្មណ៍ សម្រាប់មនុស្សម្នាក់ អាចត្រជាក់​ជាង​នេះ រហូតដល់ទៅ ២អង្សា (បាន​ន័យ​ថា បើសីតុណ្ហភាពប្រាប់ថា មានកម្រិត-១៥អង្សា ខ្លួនមនុស្ស អាចមានអារម្មណ៍ថា វាត្រជាក់​រហូត​ដល់ -១៧អង្សា ឬ-១៨អង្សា)។

ធាតុអាកាសនេះ នឹងអាចបង្កឲ្យមានចុះអ័ព្ទ ឬឈានដល់ចុះព្រិល យ៉ាងក្រាស នៅតាមតំបន់មួយចំនួន។ ប៉ុន្តែ​សម្រាប់អ្នកមានរថយន្ដ គួរបង្ការ​កង់​រថយន្ដ​របស់ខ្លួន ពីការរអិល ដែលបណ្ដាលមកពីព្រិលកក ដែល​ក្លាយ​ជា​ទឹកកក នៅ​លើ​ដងផ្លូវ។

នៅមានដំណឹងល្អមួយដែរ គឺប្រទេសបារាំង នឹងត្រូវរង់ចាំសីតុណ្ហភាពសមល្មមមកវិញ ចាប់ពីថ្ងៃអាទិត្យ​នេះ​៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់