ភូមា៖ អង្គការ​សិទ្ធ​មនុស្ស បរិហា​ពី​ការ​«បោស​សម្អាត»​ជនជាតិ​មួយ

អង្គការអន្តរជាតិមួយ សម្រាប់ការឃ្លាំមើលសិទ្ធមនុស្ស បានអះអាងថាបណ្ដាជនភាគតិច កាន់សាសនាអ៊ីស្លាម រ៉ូហីនជីយ៉ា នៅក្នុងប្រទេសភូមា បានរងគ្រោះនឹង«យុទ្ធនាការបោសសម្អាត»ជនជាតិមួយ ដែលបានធ្វើឲ្យមនុស្សច្រើនជាង១០០នាក់​ស្លាប់​បាត់បង់ជីវិត និងប្រមាណជា ១២៥ពាន់នាក់ផ្សេងទៀត រត់ភៀសខ្លួន។

អង្គការអន្តរជាតិមួយ សម្រាប់ការឃ្លាំមើលសិទ្ធមនុស្ស បានអះអាងថាបណ្ដាជនភាគតិច កាន់សាសនាអ៊ីស្លាម រ៉ូហីនជីយ៉ា នៅក្នុងប្រទេសភូមា បានរងគ្រោះនឹង«យុទ្ធនាការបោសសម្អាត»ជនជាតិមួយ ដែលបានធ្វើឲ្យមនុស្សច្រើនជាង១០០នាក់​ស្លាប់​បាត់បង់ជីវិត និងប្រមាណជា ១២៥ពាន់នាក់ផ្សេងទៀត រត់ភៀសខ្លួន។


រូបភាពពីចម្ងាយនៃការដុតបំផ្លាញភូមិស្រុក របស់បណ្ដាជនអ្នកកាន់សាសនាអ៊ីស្លាម។

កាលពីថ្ងៃច័ន្ទទី២២ខែមេសានេះ អង្គការឃ្លាំមើលសិទ្ធមនុស្ស ដែលហៅជាភាសាអង់គ្លេសថា  Human Rights Watch បាន​បញ្ជាក់ថាយុទ្ធនាការនេះ ត្រូវ​បានបញ្ជាដោយ អាជ្ញាភូមា ដោយមានកិច្ចសហការ ពីសំណាក់សង្ឃនៃសាសនាព្រះពុទ្ធផង។

អង្គការដែលមានទីតាំងនៅទីក្រុងញ៉ូយក មួយនេះបាននិយាយថា រលកអំពើហឹង្សា ទៅលើតំបន់រ៉ាក់ឃីន (Rakhine) ផ្នែក​ខាងលិចនៃប្រទេស ជាឧក្រិដ្ឋកម្មមួយ ប្រឆាំងនឹងមនុស្សជាតិ។ អង្គការដដែលបានរិះគន់រដ្ឋាភិបាលភូមា នៃ​ប្រធានាធិបតី​លោក ថេន សេន (Thein Sein) ថាមិនបានដាក់ទណ្ឌកម្ម ទៅលើជនដៃដល់ទាំងឡាយ​ ដែលភាគច្រើនជាអ្នកកាន់​ព្រះពុទ្ធ​សាសនានោះទេ។

ប្រសិនជាមើលពីខាងក្រៅ ថាយោធាបានចូលអន្តរាគមន៍ ដើម្បីការពារសាសនិកអ៊ីស្លាមទាំងនោះក៏ដោយ តែធាតុពិតនិង​ជា​រឿយៗ គឺកងទ័ពខ្លួនឯង ដែលបានបង្កឱកាស ឲ្យអំពើហឹង្សាទាំងនេះកើតឡើង ឬក៏បានចូលរួមធ្វើដោយផ្ទាល់ ក្នុង​សកម្មភាព​​ហឹង្សានោះតែម្ដង។

សេចក្ដីថ្លែងការណ៍នេះរបស់អង្គការសិទ្ធិមនុស្ស បានធ្លាក់ចុះមក ចំពេលដែលសហគមន៍អ៊ឺរ៉ុប កំពុងត្រៀមលប់ចោល នូវ​ទណ្ឌកម្មទាំងឡាយប្រឆាំងប្រទេសភូមា លើកលែងតែការហាមឃាត់លក់អាវុធឲ្យប្រទេសនេះមួយប៉ុណ្ណោះ  ដើម្បីជាការ​លើកទឹកចិត្ត នៃការធ្វើកំណែទម្រង់កន្លងមករបស់ភូមា ឈានទៅរកលទ្ធិប្រជាធិបតេយ្យ។

សូមបញ្ជាក់ថា អំពើហឹង្សាផ្សេងទៀតក៏បានកើតឡើងដែរ កាលពីខែកន្លងទៅ រវាងអ្នកកាន់សាសនាអ៊ីស្លាម និង​ព្រះពុទ្ធ នៅខេត្តម៉ែទីឡា (Meikhtila)។ កាលពីថ្ងៃច័ន្ទដដែលនេះ ទូរទស្សន៍ប៊ីប៊ីស៊ី (BBC) របស់អង់គ្លេស បានផ្សាយរូបភាព​ជា​សាក្សី និងភស្ដុតាងជាច្រើន ដែលបានបញ្ជាក់ពីភាពមិនបានខ្វាយខ្វល់ នៃកងកម្លាំងនគរបាលនៅក្នុងពេលនោះ៕

សូមទស្សនាវីដេអូ ដែលទាក់ទងនឹងព័ត៌មាននេះ ដូចខាងក្រោយ៖

------------------------------------------------------
ដោយ កេសរកូល - ប៉ារីស​ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments