មកទាត់បាល់ បែរ​ជា​លេង​ខាំ៖ ស្វារ៉ែស សុំ​ទោស​ខ្សែ​ការពារ​ក្រុម​ឆែលស៊ី (Chelsea)

ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម លីវើភូល (Liverpool) ល្វីស ស្វារ៉ែស (Luis Suarez) បានសុំអភ័យទោស ដែលគាត់​បាន​ខាំដៃខ្សែការពាររបស់ក្រុម ឆែលស៊ី (Chelsea) ប្រែនីស្លាវ អ៊ីវ៉ានូវីក (Branislav Ivanovic) កំឡុងពេលប្រកួតស្មើគ្នា ២-២ នៅក្នុងកីឡាដ្ឋាន អេនហ្វៀល (Anfield) កាលពីថ្ងៃអាទិត្យកន្លងទៅ។

ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម លីវើភូល (Liverpool) ល្វីស ស្វារ៉ែស (Luis Suarez) បានសុំអភ័យទោស ដែលគាត់​បាន​ខាំដៃខ្សែការពាររបស់ក្រុម ឆែលស៊ី (Chelsea) ប្រែនីស្លាវ អ៊ីវ៉ានូវីក (Branislav Ivanovic) កំឡុងពេលប្រកួតស្មើគ្នា ២-២ នៅក្នុងកីឡាដ្ឋាន អេនហ្វៀល (Anfield) កាលពីថ្ងៃអាទិត្យកន្លងទៅ។


រូបភាពពេលធ្វើសកម្មភាព «ខាំ» ទាំងនៅកណ្ដាលពេលប្រកួត។

ហេតុការណ៏នោះ បានកើតឡើងនៅពាក់កណ្តាលវគ្គទី២ ខណៈដែលក្រុមលីវើភូល កំពុងតែត្រូវបានក្រុមឆែលស៊ី នាំមុខ ២-១ ដោយបាល់ពិន័យប៉េណាល់ទី។

កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយ បាននិយាយនៅលើបណ្តាញសង្គម ធ្វីតធឺ (Twitter) របស់ខ្លួនថា «ខ្ញុំសោកសៅ សំរាប់អ្វី​ដែលបានកើតឡើងនៅរសៀលថ្ងៃនេះ។ ខ្ញុំសុំទោស ដល់អ៊ីវ៉ានូវីក និងដល់អ្នកស្នេហាវិស័យបាល់ទាត់ទាំងអស់ ចំពោះ​ឥរិយាបថខុសឆ្គងរបស់ខ្ញុំ។ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់។»

គាត់បានបន្ថែមថា «ខ្ញុំក៏សូមអភ័យទោសដល់គ្រូបង្វឹករបស់ខ្ញុំ មិត្តរួមក្រុម និងអ្នកគ្រប់គ្នាដែលពាក់ព័ន្ធ​ក្នុងក្លឹបបាល់ទាត់​លីវើភូលទាំងអស់ ដែលខ្ញុំធ្វើឲ្យមានការអាម៉ាស។»

លោកអាជ្ញាកណ្តាល ឃេវីន ហ្រេន (Kevin Friend) មិនបានឃើញសកម្មភាពចំពោះហេតុការណ៏ ដែលបានកើតឡើង​នោះទេ បើទោះបីជាកីឡាករអ៊ីវ៉ានូវីក ព្យាយាមបង្ហាញនូវស្នាមខាំនៅលើដៃរបស់គាត់ក៏ដោយ។

ស្វារ៉ែស ក៏បានទទួលកាតលឿងចំនួន១ដែរ បន្ទាប់ពីយកដៃទៅប៉ះបាល់នៅក្នុងតំបន់គ្រោះថ្នាក់ ខណៈដែលកីឡាករ អេដិន ហាស្សាដ (Eden Hazard) ជាអ្នកទាត់បាល់ប៉េណាល់ទីបញ្ចូលទីបានសម្រេច ឲ្យក្រុមឆែលស៊ី នាំមុខ២-១។ ប៉ុន្តែស្វារ៉ែស បានបញ្ចប់ការប្រកួត ដោយរកគ្រាប់បាល់តាមបានស្មើមកវិញ នៅម៉ោងបន្ថែម ពោលគឺ នៅនាទី៩៧។

អ្នកចាត់ការក្រុមលីវើភូល លោក អ៊ីយ៉ាន អាយរ៉េ បាននិយាយថា «ល្វីសបានធ្វើការសុំទោស ជាប្រយោលមួយនៅថ្ងៃនេះ ចំពោះសកម្មភាពរបស់គាត់។ ឥរិយាបថរបស់គាត់នេះ មិនមានផលចំណេញអ្វីទេ ដល់កីឡាករដទៃទៀតនៅក្នុងក្រុម ហើយល្វីសក៏បាននិយាយរួចហើយដែរថា គាត់បានធ្វើឲ្យអ្នកគ្រប់គ្នា និងក្លឹបបាក់មុខ។ យើងនឹងរងចាំការដោះស្រាយ និងការកាត់ក្តីរបស់ សហព័ន្ធបាល់ទាត់អេហ្វអេ (FA) នៅពេលក្រោយ។»

លោក ប្រេដិន រ៉ដចឺ (Brendan Rodgers) គ្រូបង្វឹកក្រុមហង្សក្រហម បាននិយាយនៅលើគេហទំព័ររបស់ក្លឹបថា «ខ្ញុំបាន​មើលវីឌីអូ ឡើងវិញ ហើយខ្ញុំបាននិយាយទៅកាន់ល្វីស ថាឥរិយាបថរបស់គាត់មិនអាចទទួលយកបានទេ។ ហើយគាត់​ក៏ទទួលស្គាល់ខ្លួនគាត់ដែរថា ពិតជាដូច្នោះមែន។ ល្វីស នឹងធ្វើការសុំទោសជាផ្លូវការមួយ ដល់កីឡាករអ៊ីវ៉ានូវីក៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments