ភេវរកម្មនៅ​ប៊ូស្តុន៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់ និង​តាម​ប្រមាញ់​ម្នាក់​ទៀត

បុរសម្នាក់ពីចំណោមជនសង្ស័យទាំងពីរនាក់ ដែលទំនងជាបានដាក់បំផ្ទុះគ្រាប់បែកពីរគ្រាប់ នៅទីក្រុងប៊ូស្តុនកាលពីថ្ងៃច័ន្ទនោះ បានស្លាប់ក្នុងពេលបាញ់តតាំងគ្នា ជាមួយនឹងកម្លាំងសមត្ថកិច្ច កាលពីយប់ថ្ងៃព្រហស្បត្តិ៍។ ចំណែកឯជនសង្ស័យម្នាក់ទៀត កំពុងស្ថិតក្រោមការប្រមាញ់ ពីសំណាក់នគរបាល នៅព្រឹកថ្ងៃសុក្រនេះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសម្នាក់ពីចំណោមជនសង្ស័យទាំងពីរនាក់ ដែលទំនងជាបានដាក់បំផ្ទុះគ្រាប់បែកពីរគ្រាប់ នៅទីក្រុងប៊ូស្តុនកាលពីថ្ងៃ​ច័ន្ទ​នោះ បានស្លាប់ក្នុងពេលបាញ់តតាំងគ្នា ជាមួយនឹងកម្លាំងសមត្ថកិច្ច កាលពីយប់ថ្ងៃព្រហស្បត្តិ៍។ ចំណែកឯជនសង្ស័យ​​ម្នាក់​ទៀត កំពុងស្ថិតក្រោមការប្រមាញ់ ពីសំណាក់នគរបាល នៅព្រឹកថ្ងៃសុក្រនេះ។


ពីឆ្វេងមកស្ដាំ ជ័កហារ ត្សាណី ជាប្អូន និងតាមើឡាន ត្សាណី ជាបង។ (រូបថតរបស់នគរបាល)

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ជនសង្ស័យទាំងពីរជាបងប្អូនបង្កើតជនជាតិឆេកឆិន ដែលបានចូលមករស់​នៅ​ក្នុងសហរដ្ឋអាមេរិក តាំងពីមួយឆ្នាំមុន។ ជនសង្ស័យទីមួយដែលត្រូវបានបាញ់ស្លាប់នោះ មានឈ្មោះថា តាមើឡាន ត្សាណី (Tamerlan Tsarnaev) អាយុ២៦ឆ្នាំ។ រីឯម្នាក់ទៀតឈ្មោះ ជ័កហារ ត្សាណី (Dzhokhar  Tsarnaev) អាយុ១៩ឆ្នាំ កំពុងរត់​គេចពីការប្រមាញ់របស់នគរបាល ហើយទំនងជាកំពុងលាក់ខ្លួន នៅក្នុងតំបន់ វ័តធើថោន (Watertown) ស្ថិតនៅ១៦​គីឡូម៉ែត្រខាងលិចទីក្រុងប៊ូស្តុន។

អាជ្ញាធរបានសុំទៅបណ្ដាជនអ្នករស់នៅក្នុងតំបន់ ឲ្យសម្ងំនៅក្នុងផ្ទះ និងផ្អាកជាបណ្ដោះអាសន្ន នូវដំណើរការក្នុង​ មន្ទីរ​ការិយាល័យសហគ្រាស។ បណ្ដាញគមនាគមសាធារណៈ ត្រូវបានបញ្ឈប់រហូតដល់មានបញ្ជាជាថ្មី ខណៈអ្នកដែលបាន​មកចាំរថយន្ដក្រុង ឬនៅក្នុងរន្ធរថភ្លើងក្រោមដី ត្រូវបានសុំអោយត្រឡប់ទៅផ្ទះវិញ។

ស្នងការនគរបាលក្រុងប៊ូស្តុន លោកអេដ ដេវីស (Ed Davis) បាននិយាយថា អាជ្ញាធរកំពុងខ្វល់នឹងសំនុំរឿង ទាក់ទងនឹង​ភេវរជនម្នាក់ ដែលមានគម្រោងចង់ធ្វើអោយមាន ជនរងគ្រោះផ្សេងទៀត។ នគរបាលបានផ្សាយរូបជនសង្ស័យ ពាក់មួក​កាស្កែតពណ៌ស ដែលកំពុងរត់គេចខ្លួននោះ និងកំពុងស្ថិតក្រោមការប្រមាញ់ ពីសំណាក់កងកម្លាំងប្រដាប់អាវុធ។ ក្នុងពេល​នេះ កម្លាំងការពារសន្តិសុខ ប្រមាណជា៩០០០នាក់ ត្រូវបានដាក់ពង្រាយ នៅក្នុងនិងនៅជុំវិញតំបន់នោះ។

សូមរំលឹកឡើងវិញ ថាជនទាំងពីរ ត្រូវបានគេសង្ស័យថា បានបាញ់សម្លាប់នគរបាលម្នាក់ នៅក្នុងអន្តេវាសិកដ្ឋាន​សកល​វិទ្យាល័យ (វិទ្យាស្ថានបច្ចេកវិទ្យាម៉ាស្សាឈូសេត) កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ហើយបានលួចរថយន្ដមួយជិះចេញពីទីនោះ។ ជនទាំងពីរនេះទំនងជាបានធ្វើអោយរបួស អ្នកបើកបររថយន្ដក្រុងម្នាក់ទៀត នៅទីក្រុងប៊ូស្តុន។ អាជ្ញាធរបាននិយាយថា គេ​ទាំងពីរបានបោះគ្រឿងផ្ទុះចុះមកជាច្រើន នៅពេលនគរបាលដេញតាមពីក្រោយ រហូតដល់ក្រុងវ័តធើរថោន។ ជនម្នាក់ពី​ក្នុងចំណោមនោះ បានត្រូវគ្រាប់កាំភ្លើងរបួសធ្ងន់ នៅក្នុងការបាញ់តតាំងគ្នា ជាមួយនឹងនគរបាល ខណៈពេលដែល​ម្នាក់​ទៀតបានរត់គេចខ្លួន។

ជនរងរបួសធ្ងន់នេះ ត្រូវបានបញ្ជូនជាបន្ទាន់ទៅមណ្ឌលវេជ្ជសាស្ត្រមួយ នៅទីក្រុងប៊ូស្តុន ហើយបានស្លាប់នៅទីនោះ។ គ្រូ​ពេទ្យបាននិយាយថា បុរស​នេះរងរបួសជាច្រើនកន្លែង ដោយគ្រាប់កាំភ្លើង និងអំបែកគ្រាប់ផ្ទុះ។ សារព័ត៌មានក្នុងស្រុក បាន​អះអាងថា សាកសពនេះ ពិតជារាងកាយរបស់ជនសង្ស័យទីមួយ ដែលនៅក្នុងរូបថតស្វែងរកដោយអេហ្វប៊ីអាយ ពាក់​មួក​កាស្កែតពណ៌ខ្មៅ និងវែនតា​ការពារពន្លឺ។

សាក្សីដែលរស់នៅក្រុងវ័តធើថោន បានបញ្ជាក់ពីការលឺសូរ ស្នូកាំភ្លើង និងការផ្ទុះគ្រាប់ នៅវេលាម៉ោង០១ព្រឹកទាបភ្លឺ ថ្ងៃ​សុក្រទី១៩ខែមេសានេះ។ កងកម្លាំងដែលបំពាក់នៅនឹងខ្លួន ដោយអាវុធយ៉ាងសន្ធឹកសន្ធាប់នោះ បានកំពុងដើរចុះវែករក​ជនសង្ស័យ ពីកន្លែងមួយទៅកន្លែងមួយទៀត ដោយមានជំនួយពីឆ្កែ និងឧទ្ធម្ភាគចក្រ៕

-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...