កូរ៉េខាងជើង៖ អ្នក​ការទូត​អ៊ឺរ៉ុប​ប្រជុំ​គ្នា ខណៈ​អាមេរិកមិន​​«ភ្ញាក់ផ្អើល»

ប្រមុខតំណាងការទូត នៃបណ្ដាប្រទេសអ៊ឺរ៉ុបដែលមានស្ថានទូតរបស់ខ្លួន ប្រចាំនៅទីក្រុងព្យុងយ៉ាង បានជួបប្រជុំគ្នា​នៅថ្ងៃ​សៅរ៍នេះ ដើម្បីសម្រេចយកនូវ«គោលជំហររួម»មួយ នៅក្រោយពេលដែលកូរ៉េខាងជើង បានជូនដំណឹងមកពួកគេ អោយ​ជម្លៀស​មន្ត្រីការទូតចេញ ចាប់ពីថ្ងៃទី១០ខែមេសាខាងមុខ។ ដោយឡែក សហរដ្ឋអាមេរិកថា មិន«ភ្ញាក់ផ្អើល» តែបាន​ត្រៀមលក្ខណៈ​សំខាន់ៗ​បន្ថែម​ទៀត នៅក្រោយដំណឹងដែលផ្សាយថា កូរ៉េខាងជើង បានបញ្ជូនទៅកាន់តំបន់ឆ្នេរខាងកើត នូវកាំជ្រួចម៊ីលស៊ីល សម្រាប់បាញ់​ក្នុងចម្ងាយមធ្យម នោះមក ។

ប្រមុខតំណាងការទូត នៃបណ្ដាប្រទេសអ៊ឺរ៉ុបដែលមានស្ថានទូតរបស់ខ្លួន ប្រចាំនៅទីក្រុងព្យុងយ៉ាង បានជួបប្រជុំគ្នា​នៅថ្ងៃ​សៅរ៍នេះ ដើម្បីសម្រេចយកនូវ«គោលជំហររួម»មួយ នៅក្រោយពេលដែលកូរ៉េខាងជើង បានជូនដំណឹងមកពួកគេ អោយ​ជម្លៀស​មន្ត្រីការទូតចេញ ចាប់ពីថ្ងៃទី១០ខែមេសាខាងមុខ។ ដោយឡែក សហរដ្ឋអាមេរិកថា មិន«ភ្ញាក់ផ្អើល» តែបាន​ត្រៀមលក្ខណៈ​សំខាន់ៗ​បន្ថែម​ទៀត នៅក្រោយដំណឹងដែលផ្សាយថា កូរ៉េខាងជើង បានបញ្ជូនទៅកាន់តំបន់ឆ្នេរខាងកើត នូវកាំជ្រួចម៊ីលស៊ីល សម្រាប់បាញ់​ក្នុងចម្ងាយមធ្យម នោះមក ។


មេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង គីម ជុង-អ៊ុន ក្នុងដំណើរត្រួតកងទ័ព ផ្លូវទឹករបស់ខ្លួន។ រូបថត KNS / Scanpix / AFP។

សហរដ្ឋអាមេរិក មិនភ្ញាក់ផ្អើលនឹងឃើញកូរ៉េខាងជើងប្រតិកម្មធ្វើអ្វីមួយ នោះទេ

អ្នកនាំពាក្យរបស់សេតវិមាន លោក ជៃ កាណី (Jay Carney) បានអះអាងមកវិញ  ថាការបាញ់កាំជ្រួចណាមួយ​របស់​កូរ៉េខាងជើង នឹងមិនបង្កការភ្ញាក់ផ្អើល ដល់រដ្ឋាភិបាលអាមេរិកាំងនោះទេ។ «យើងមិនភ្ញាក់ផ្អើល នឹងឃើញពួកគេ​ប្រតិកម្ម​ធ្វើអ្វីមួយនោះទេ» លោកជៃ កាណី បានថ្លែងដូច្នេះ ដោយបានបញ្ជាក់បន្ថែមថា ទីក្រុងព្យុងយ៉ាងបានធ្វើជាច្រើនដងហើយ កាលពីពេលកន្លងមក នូវការបាញ់កាំជ្រួចដដែលៗនេះ។

ដោយឡែក មន្ទីប៉ង់តាហ្គោន បានវិន្និច្ឆ័យថា «រាល់សកម្មភាពបង្កហេតុបន្ថែមទៀត នឹងជាការសោកស្ដាយជាទីបំផុត»។ លោក ហ្សក លីថល (George Little) អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «កូរ៉េខាងជើង ត្រូវអនុវត្តន៍តាមច្បាប់អន្តរជាតិ និងគោរពកិច្ចសន្យារបស់ខ្លួន»។ «ការសាកល្បងបាញ់កាំជ្រួច​ទាំងឡាយ​ណា ដែលខុសពីកិច្ចសន្យារបស់ខ្លួន  នឹងជាការបង្កហេតុមួយ» លោកបានសង្កត់ធ្ងន់។

ការទូតអ៊ឺរ៉ុប ជួបប្រជុំគ្នា នៅទីក្រុងព្យុងយ៉ាង

ប្រមុខតំណាងបេសកកម្មការទូត របស់សហគមន៍អ៊ឺរ៉ុប ដែលមានវត្តមាននៅប្រទេសកុម្មុយនីស បានជួបប្រជុំគ្នា​នៅ​ថ្ងៃ​សៅរ៍នេះ ក្នុងទីក្រុងព្យុងយ៉ាង ដើម្បី«ជួបពិភាក្សា ពីគោលជំហររួម និងធ្វើសកម្មភាពរួមមួយ» ដែលទាក់ទងនឹង​មន្ត្រី​ការទូត នៃប្រទេសទាំងនោះ។ នេះជាការអោយដឹង របស់ក្រសួងការបរទេស នៃប្រទេសប៊ុលហ្គារី។

រីឯទីក្រុងប៉ារីស បានចាត់ទុកថាជាបានការ នូវស្ថានភាពសព្វថ្ងៃនៅកូរ៉េខាងជើង ហើយស្នើអោយទីក្រុងព្យុងយ៉ាង​បញ្ឈប់​«ភ្លាម» នូវការបង្កហេតុថ្មីៗទៀត។ អ្នកនាំពាក្យក្រសួងការបរទេសបារាំង បានអះអាងថា ប្រទេសបារាំងនៅមិនទាន់​បាន​គិត ពីការ«ជម្លៀស» ជនជាតិបារាំងប៉ុន្មាននាក់ ដែលកំពុងធ្វើការនៅនឹងកន្លែងនោះនៅឡើយទេ។

អ្នកនាំពាក្យរបស់ទីក្រុងម៉ូស្គូ បានថ្លែងទៅកាន់អ្នកកាសែតដូចគ្នាថា ដោយយោលទៅលើស្ថានភាព«ធ្ងន់ធ្ងរ» កើតមាននៅ​ក្នុងឧបទ្វីបកូរ៉េ ទីក្រុង​ព្យុងយ៉ាងបានស្នើអោយប្រទេសរ៉ូស្សី «ត្រៀម»ជម្លៀសមន្ត្រីតំណាងទូតរបស់រ៉ូស្សីចេញ។ អាជ្ញាធរ​អង់គ្លេស​ក៏បាន​រាយការណ៍ដែរថា កូរ៉េខាងជើងបានសួរខ្លួន ពីបំណងចង់ជម្លៀសឬមិនចង់ នូវមន្ត្រីទូតពី​ស្ថានទូត​អង់គ្លេស ប្រចាំ​នៅ​ព្យុងយ៉ាង។ តែទីក្រុងឡុងដ៍ បានបញ្ជាក់ថា «ខណៈនេះ អង់គ្លេសនៅមិនមានគម្រោង ជម្លៀសនរណាម្នាក់​ទេ»។

អ្នកនាំពាក្យក្រសួងការបរទេសអង់គ្លេស បាននិយាយថា «ពាក្សសម្ដីរបស់រដ្ឋាភិបាលកូរ៉េខាងជើង មានន័យថា ចាប់ពី​ថ្ងៃ​ទី១០ខែមេសា ខាងមុខ ប្រទេសនេះនឹងគ្មានសមត្ថភាព​ធានាសុវត្ថិភាព អោយស្ថានទូត ក៏ដូចជាអង្គការអន្តរជាតិ​ទាំង​នោះ​ទៀតទេ ក្នុងករណីមានជម្លោះជាយថាហេតុ»។ អ្នកនាំពាក្យនោះបានបន្ថែមថា «យើងគិតថា កូរ៉េខាងជើង បានបង្កើត​នូវ​ជំហាន​នេះ​ឡើង ជា​របៀប​នៃការវាយលុកថ្មីមួយ ដែលនឹងដាក់កំហុសទៅអោយសហរដ្ឋអាមេរិក ថាជាការគម្រាមដ៏សំខាន់ សម្រាប់​មន្ត្រី​ទូត​ទាំង​នោះ»។

ការបង្ហាញរិទ្ធ នៅថ្ងៃ១៥ខែមេសាខាងមុខ ?

កាសែតមួយរបស់ជប៉ុន សង់កី ស្សីមប៊ន (Sankei Shimbun) បានរាយការណ៍មកថា យោធាអាមេរិកដែលមានមូលដ្ឋាន នៅលើទឹកដីជប៉ុន បានកំពុងដាក់អោយដំណើរការ នូវយន្ដហោះស៊ើបការណ៍មួយ ដែលគ្មានមនុស្សបើក ដើម្បីពង្រឹក​ការ​ត្រួតពិនិត្យ លើកូរ៉េខាងជើង។ យន្ដហោះមានឈ្មោះថា គ្លបប៊លហាក (Global Hawk) ត្រូវបានតម្លើងនៅលើកោះ មីសាវ៉ា (Misawa) ផ្នែកខាងជើងប្រទេសជប៉ុន ហើយជាយន្ដហោះដំបូងគេ ដែលមានវត្តមាននៅក្នុងតំបន់។

តាមប្រភពស្និតនឹងយោធាកូរ៉េខាងត្បូង ស្រង់សម្ដីដោយ ទីភ្នាក់ងារព័ត៌មានយ៉ុងហាប់ (Yonhap) បានឲ្យដឹងថា ប្រទេស​កូរ៉េខាងជើងអាចនឹងបាញ់កាំជ្រួច គ្រាប់ដំបូងរបស់ខ្លួន នៅថ្ងៃទី១៥មេសាខាងមុខ ដែលជាថ្ងៃខួបកំណើត របស់​ស្ថាបនិក​ដ៏«មហិមា» នៃប្រទេសកុម្មុយនីសមួយនេះ ឈ្មោះ គីម អ៊ីល-ស៊ុង (Kim Il-Sung)។ រដ្ឋបុរស«ប្រវត្តិសាស្ត្រ» នៃ​ប្រទេស​កូរ៉េខាងជើងរូបនេះ បានស្លាប់កាលពីឆ្នាំ១៩៩៤ ហើយកូនរបស់លោកឈ្មោះ គីម ជុង-អ៊ីល (Kim Jong-il) បាន​ឡើង​គ្រប់គ្រងប្រទេសបន្ត មុននឹងតំណែងនេះ បានត្រូវបន្តមកទៀតនៅឆ្នាំមុន មកដល់ចៅរបស់លោក ដែលទើបនឹង​មាន​អាយុ៣០ឆ្នាំឈ្មោះ គីម ជុន-អ៊ុន (Kim Jong-un)។

អ្នកទទួលខុសត្រូវជាន់ខ្ពស់មួយរូប នៃប្រទេសកូរ៉េខាងត្បួង បានបញ្ជាក់ថា «កូរ៉េខាងជើង អាចនឹងបាញ់កាំជ្រួចទាំងនេះ ដោយមិនបានប្រាប់មុន»។

លោកបានគី-មូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ធ្លាប់បានរំលឹកកូរ៉េខាងជើងម្ដងទៀត កាលពីថ្ងៃព្រហស្បត្តិ៍ ទី​០៤ខែមេសា ថា «ការគម្រាមទាំងឡាយ​ដែលទាក់ទងនឹងនុយក្លេអ៊ែរ មិនមែនជាល្បែងលេងនោះទេ»។ លោកបាន​សម្ដែង ការព្រួយបារម្ភថា «រាល់ការសម្រេចចិត្ត នៅក្នុងស្ថានភាពនេះ អាចនឹងបង្កអោយមានវិបត្តិដ៏ធ្ងន់ធ្ងរមួយ»៕

-------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៣
ប្រភពយោង៖ AFP
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments