Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ក្រុមអ៊ីតាលី ណាប៉ូលី លត់គូប្រកួត ១៧-០ ក្នុងជំនួបមិត្តភាព

ក្រុមអ៊ីតាលី ណាប៉ូលី លត់គូប្រកួត ១៧-០ ក្នុងជំនួបមិត្តភាព

រកគ្រាប់បាល់បាន ដូចទទួលគ្រាប់ភ្លៀង! ក្រុមអាជីព ណាប៉ូលី (Napoli) ដែលជាប់លេខរៀងទី៣ នៅក្នុងចំណាត់ជើងឯកបូកពិន្ទុ កាលពីរដូវកាលកន្លងទៅ បានលត់ក្រុមក្រៅអាជីព ឈ្មោះ «Bassa Anaunia» ដោយពិន្ទុ១៧ ទល់នឹងសូន្យ នៅក្នុងជំនួបជាមិត្តភាពមួយ កាលពីយប់ថ្ងៃពុធ។

ពីក្នុងចំណោមគ្រាប់បាល់ទាំង១៧ ក្រុមណាប៉ូលី ហាក់ដូចជាចែកគ្នាទាត់បញ្ចូលទី សឹងតែគ្រប់គ្នា។ តែកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេ គឺកីឡាករជាតិប៊ែលហ្សិក ឈ្មោះ «Dries Mertens» ដែលរកបាន៦គ្រាប់ គ្រាន់តែនៅក្នុង ពាក់កណ្ដាលម៉ោងដំបូង ប៉ុណ្ណោះ។

យន្ដហោះ​រៀប​ងើប​ខ្លួន​ក្បែ​ឆ្នេរ បាញ់​ខ្យល់​ចំ​ស្ត្រី​ម្នាក់​ស្លាប់

យន្ដហោះ​រៀប​ងើប​ខ្លួន​ក្បែ​ឆ្នេរ បាញ់​ខ្យល់​ចំ​ស្ត្រី​ម្នាក់​ស្លាប់

ស្ត្រីរងគ្រោះ ដែលបានមកធ្វើវិសមកាល នៅលើកោះមួយនេះ បានស្ថិតនៅជាប់ ជាមួយរបងព្រលានយន្ដហោះ ដែលមានទីតាំងនៅក្បែរឆ្នេរខ្សាច់ មានពោរពេញដោយមនុស្ស។ ប៉ុន្តែនៅពេលយន្ដហោះបានតម្លើងកម្លាំងម៉ាស៊ីនប្រតិកម្ម ដើម្បីរុញតួយន្ដហោះ ឲ្យហោះងើបខ្លួនពីដី ស្ត្រីវ័យ៥៧ឆ្នាំ ទំនងជាបានទទួលខ្យល់ ដែលបាញ់ចេញពីម៉ាស៊ីនប្រតិកម្ម យ៉ាងពេញកម្លាំងតែម្ដង (វីដេអូបង្ហាញជូនខាងក្រោម)។

ជាការពិតហើយ ការសាងសង់ព្រលានយន្ដហោះ នៅក្បែរឆ្នេរ របស់កោះ «Sint Maarten» ជាផ្នែកមួយ នៃការទាក់ទាញទេសចរណ៍របស់ខ្លួន ហើយគេឧស្សាហ៍ឃើញរូបថត ឬវីដេអូជាច្រើន ស្ដីពីការហោះចុះ ឬការហោះឡើង នៃយន្ដហោះ ដែលស្ថិតនៅយ៉ាងប្រកៀក ពីលើក្បាលអ្នកទេសចរណ៍។ អ្នកទេសចរណ៍ខ្លះទៀត ថែមទាំងបានឆក់ឱកាស រករឿងសប្បាយ ដោយយកខ្លួន ទៅដាក់ឲ្យចំពីក្រោយកម្លាំងខ្យល់ ដែលបាញ់ចេញ​ដោយម៉ាស៊ីនប្រតិកម្ម​យន្ដហោះ​នោះទៀត។

ស្ថានភាពនេះ ត្រូវបានមនុស្សកាន់តែច្រើនឡើង សំដែងការព្រួយបារម្ភ អំពីគ្រោះថ្នាក់ ដែលអាចកើតមានដូចខាងលើ ឬប្រហាក់ប្រហែល។ ជាពិសេស នៅទីនោះ ថែមទាំងមានដាក់ ផ្លាកសញ្ញាបំរាម និងមានវត្តមានជាប្រចាំ របស់នគរបាល​ព្រលានយន្ដហោះ ដើម្បីរំលឹកអ្នកទេសចរណ៍ កុំឲ្យលលេងនឹងល្បែងបង្កគ្រោះដូចនេះ។

ប៉ុន្តែគ្រោះ បានកើតឡើង រួចស្រេចហើយ កាលពីថ្ងៃម្សិលម៉ិញ។ បើតាមនគរបាលកោះ បានរៀបរាប់ ឲ្យដឹងក្នុងថ្ងៃនេះថា បន្ទាប់ពីកើតហេតុ ស្ត្រីរងគ្រោះនៅមានជីវិតនៅឡើយ ប៉ុន្តែបានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលក្រុមអ្នកជួយសង្គ្រោះ បានបញ្ជូនជនរងគ្រោះ ដល់មន្ទីរពេទ្យ។ ស្ត្រីអ្នកទេសចរណ៍ បានលាចាកលោក នៅវេលាម៉ោង​ប្រមាណជា ១៨ល្ងាច នៅក្នុងមន្ទីរពេទ្យធំ របស់កោះ៕

មេធាវី​សុំ​ឲ្យ គឹម សុខ ​នៅ​ក្រៅ​ឃុំ ខណៈ​ត្រូវ​​ជំម្រះក្ដី​​នៅ​ចុង​ខែ​នេះ

មេធាវី​សុំ​ឲ្យ គឹម សុខ ​នៅ​ក្រៅ​ឃុំ ខណៈ​ត្រូវ​​ជំម្រះក្ដី​​នៅ​ចុង​ខែ​នេះ

សវនាការជំនុំជម្រះក្ដី លើករណីលោក គឹម សុខ អ្នកវិភាគបញ្ហាសង្គម ក្រោមបណ្ដឹងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ពីបទ«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​ បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ» នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកធ្វើនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៧នេះ វេលាម៉ោង១៤រសៀល។ នេះ បើតាមលិខិតមួយ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ របស់លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ដែលបានអញ្ជើញលោក ជូង ជូងី ដែលជាមេធាវីការពារក្ដី ឲ្យលោក គឹម សុខ។

ការប្រកាសបើកសវនាការនេះ បានធ្វើឡើងមុនប៉ុន្មានថ្ងៃ ពី​ពាក្យសុំ​មួយ​របស់លោកមេធាវី ជូង ជូងី ដែលដាក់ទៅ​សាលាដំបូង នៅថ្ងៃទី១៣ ខែកក្កដានេះ ស្នើឲ្យកូនក្ដីរបស់លោក​ បាននៅក្រៅឃុំ​ជាបណ្ដោះអាសន្ន។

លោកមេធាវី បានសរសេរនៅក្នុងលិខិតនោះថា មកដល់ពេលនេះ ការស៊ើបអង្កេត ត្រូវបានបំពេញចប់សព្វគ្រប់អស់ហើយ ហើយសំណុំរឿង ក៏ត្រូវបានបញ្ជូនទៅជំនុំជម្រះ និងបានកំណត់កាលបរិច្ឆេទសវនាការ រួចហើយដែរ ដូចនេះ មិនមានភាពចាំបាច់ ត្រូវរក្សាលោក គឹម សុខ ដើម្បីបន្តការស៊ើបអង្កេតទៀតនោះទេ។

លោក​ គឹម​ សុខ​ បានរងបណ្ដឹងពីរផ្ទួនៗគ្នា ពីសំណាក់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងការលើកឡើង របស់អ្នកវិភាគបញ្ហាសង្គមរូបនេះ នៅលើប្រព័ន្ធផ្សព្វផ្សាយ ថាគណបក្ស​ប្រជាជន​កម្ពុជា​ថា​ ជា​អ្នក​សម្លាប់​លោក​បណ្ឌិត​កែម​ ឡី​ និងរដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើតឲ្យមាន នូវ​ប្រព័ន្ធ​សម្លាប់​មនុស្ស​ ដែល​រក​ឃាតក​មិន​ឃើញ​។ 

អ្នកវិភាគរូបនេះ ត្រូវបានតុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន ជាបណ្ដោះអាសន្ន ក្នុង​ពន្ធនាគារ​ព្រៃស​ ចាប់តាំងពីការបង្ហាញខ្លួន​លើកទីមួយ នៅក្នុងសាលាដំបូង កាលពី​រសៀល​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។​ ការតស៊ូប្ដឹងឧទ្ធរណ៍ ទៅកាន់តុលាការជាន់ខ្ពស់ ពីរថ្នាក់ទៀត ដើម្បីស្នើឲ្យមានការលប់ចោល នូវការសម្រេច«ឃុំខ្លួន» របស់សាលាដំបូងនេះ មិនទទួលបានលទ្ធផលអ្វីទេ។ លោក គឹម សុខ បានហៅរាល់ការសម្រេចទាំងនោះ ជាការធ្វើឡើង ដោយសារមានគំនាបនយោបាយ៕

ដីកា​ចៅក្រម​បង្គាប់​ឲ្យ​ឃុំខ្លួន ហេង លក្ខិណា «មាន​បញ្ហា»!

ដីកា​ចៅក្រម​បង្គាប់​ឲ្យ​ឃុំខ្លួន ហេង លក្ខិណា «មាន​បញ្ហា»!

តើលោក វ៉ាន់ សែនវិសុទ្ធ ចៅក្រុមស៊ើបសួរ របស់សាលាដំបូងរាជធានីភ្នំពេញ មានភាពប្រញាប់​ប្រញាល ក្នុងការសម្រេច ឲ្យដាក់ឃុំពលរដ្ឋម្នាក់ នៅក្នុងពន្ធនាគារ ដល់កម្រិតណាទៅ រហូតដល់ថ្នាក់ មិនត្រួតពិនិត្យឲ្យច្បាស់ ពីដីកាសម្រេច ដែលសរសេេរ និងចុះហត្ថលេខាដោយខ្លួនឯង យ៉ាងដូច្នេះ? គេបន្តឆ្ងល់ទៀតថា តើចៅក្រមស៊ើបសួរមួយទាំងមូល បានអនុវត្តតួនាទីរបស់ខ្លួន ក្នុងការស៊ើបសួរ ឬស៊ើបអង្កេតឬទេ មុននឹងសម្រេចយកពលរដ្ឋ ទៅដាក់ឃុំ?

ចម្ងល់ខាងលើ​បានផ្ទុះឡើង ចំពោះអ្នកដឹងពីច្បាប់ទម្លាប់មួយចំនួន នៅពេលដែលគេ​បាន​អាន​ដីកា បង្គាប់ឲ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរខាងលើ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ដែលបានសរសេរខុស (ឬមិនឆ្លុះបញ្ចាំង ពីការស៊ើបសួរត្រឹមត្រូវ) នៅត្រង់កន្លែងកើតហេតុ។ ក្នុងដីកានោះ (ដាក់ជូនអានទាំងស្រុង នៅខាងក្រោម) លោកចៅក្រម ដែលហៅខ្លួនឯងថា «យើង វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ» បានសរសេររៀបរាប់នៅត្រង់ឃ្លា ដូចតទៅ៖

- ជននេះ ត្រូវបានដាក់ឲ្យ​ស្ថិត នៅក្រោមការពិនិត្យ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោស តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ដីកាសម្រេចនេះ ត្រូវបានលោកចៅក្រមរូបនេះ បង្គាប់ឲ្យនាំខ្លួន ស្ត្រីដែលជាអ្នកលេងហ្វេសប៊ុក ( Facebook) ដាក់ឈ្មោះ ហេង លក្ខិណា (Heng Leakhena) និងដែលមានឈ្មោះពិត ហ៊ិន វ៉ាន់ស្រីពៅ យកទៅឃុំខ្លួន​ជាបណ្ដោះអាសន្ន នៅមន្ទីរ​ពន្ធនាគារ «ម២» បន្ទាប់ពីអាជ្ញាធរ​ក្រសួង​មហាផ្ទៃ បានឃាត់ខ្លួនស្ត្រីរូប​នេះ កាលពីម្សិលម៉ិញ នៅក្នុងចំណតរថយន្ដមួយ កណ្ដាលរាជធានីភ្នំពេញ។ 

បញ្ហានៅត្រង់ថា ស្ត្រីដាក់ឈ្មោះក្រៅ «ហេង លក្ខិណា» មិនបានធ្វើសកម្មភាព ដែលអាជ្ញាធរចោទ​ថា​«ល្មើស»​នោះ នៅក្នុង​រាជធានីភ្នំពេញទេ ដែល​ខុស​ស្រឡះ ពីការសរសេរ​នៅក្នុងដីកា​សម្រេច របស់លោក​ចៅក្រម។ តែសកម្មភាពសង្ស័យ​នោះ ត្រូវបាន«ហេង លក្ខិណា»ធ្វើ​នៅចំងាយ​ច្រើន​សិប​គីឡូម៉ែត្រ ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ពោល​គឺនៅក្នុងខេត្តតាកែវឯណោះ។

រឿងវ៉ាវ បានកើតចេញពីការថ្លែង របស់ស្ត្រីអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុករូបនេះ ដែលបានធ្វើឡើង ក្នុងវីដេអូផ្សាយផ្ទាល់ដ៏ខ្លីមួយ នៅលើគណនេយ្យហ្វេសប៊ុករបស់នាង កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ខណៈនាង កំពុងមានវត្តមានផ្ទាល់ នៅឯភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងពិធីបុណ្យគម្រប់ខួបមួយឆ្នាំ នៃមរណភាព​របស់លោក កែម ឡី។ នៅក្នុងការថ្លែងនោះ ស្ត្រីអ្នកប្រើប្រាស់បណ្ដាញសង្គមរូបនេះ បានថ្លែងចោទលោក ហ៊ុន សែន និងក្រុមគ្រួសារថា ជាអ្នកសម្លាប់ (ឬនៅពីក្រោយឃាតកម្ម បាញ់សម្លាប់) លោក កែម ឡី។

មិនអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំការបំភ្លឺជុំវិញ ការសរសេរដីកាខុស (ឬមិនឆ្លុះបញ្ចាំង ពីការស៊ើបសួរត្រឹមត្រូវ) របស់លោកចៅក្រម វ៉ាន់ សែនវិសុទ្ធ នេះបានទេ ដោយសារវេលានេះ ជាពេលយប់។

កង្វះភាពហ្មត់ចត់ របស់សាលាដំបូងរាជធានី មិនមែនទើបនឹងកើតមាន ជាលើកទីមួយទេ។ កាលពីខែកុម្ភៈកន្លងមក ក្នុងលិខិតប្រកាសបើកសវនាការ ចេញផ្សាយដោយសាលាដំបូង គ្រោងបើកសវនាការ ក្នុងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ដើម្បីជំនុំជម្រះក្ដី ទៅលើជនសង្ស័យឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ មានសរសេរឆ្នាំកំណើត របស់​ជន​សង្ស័យ «ខុស» ដោយដាក់ថា កើតនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៦។ បើតាមលិខិតប្រកាសនោះ ជួប សម្លាប់ ទើបនឹងមានអាយុ បានប្រមាណជាង២ខែប៉ុណ្ណោះ។

» អត្ថបទទាក់ទង៖ ជួប សម្លាប់ មាន​អាយុ​«មិន​ទាន់​បី​ខែ»​ផង​ទេ!

ប៉ុន្តែកំហុស ក្នុងការសរសេរឆ្នាំកំណើតខុស របស់ជនសង្ស័យ ជួប សម្លាប់ អាចរាប់ថា ជាកំហុសដោយអចេតនា ឬដោយវាយអក្សរ​«ច្រឡំ» ដោយសារអក្សរ (តួលេខ) មានលក្ខណៈប្រហាក់ប្រហែលគ្នា។ ដោយឡែក ករណីរបស់ស្ត្រី អ្នកលេងហ្វេសប៊ុក ទាក់ទងនឹងកន្លែងកើតហេតុ ដែលមានតួអក្សរ ច្រើនពាក្យ និងខុសគ្នាស្រឡះ «រាជធានីភ្នំពេញ និង ខេត្តតាកែវ» មិនអាចរាប់ថា ជាកំហុសដោយអចេតនា ព្រោះការវាយអក្សរ«ច្រឡំ» បានទេ៕

សម រង្ស៊ី៖ «ខ្ញុំ​នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ ក្នុង​ឆ្នាំ​២០១៨»

សម រង្ស៊ី៖ «ខ្ញុំ​នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ ក្នុង​ឆ្នាំ​២០១៨»

«ខ្ញុំនឹងត្រឡប់ ទៅប្រទេសកម្ពុជាវិញ នៅឆ្នាំ២០១៨ខាងមុខ។ លោក ហ៊ុន សែន មិនមែនអមតៈទេ។ (I will return to Cambodia in 2018. Hun Sen is not eternal)» នេះ ជាសារដ៏ខ្លី របស់អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅលើទំព័រទ្វីសធើរ (Twitter) ផ្លូវការ​របស់លោក ដែលបានសរសេរបង្ហោះ នៅមុននេះបន្តិច ដើម្បីដាក់បញ្ចប់ នូវការសង្ស័យទាំងឡាយ ដែលបានលើកឡើង ពីលទ្ធភាព នៃការវិលត្រឡប់ចូលមាតុប្រទេស ដែលពោរពេញដោយមន្ទិល របស់លោក។

ពោរពេញដោយមន្ទិល ដោយហេតុថា ទិដ្ឋភាពនយោបាយចុងក្រោយបង្អស់នេះ បានបង្ហាញថា លោក សម រង្ស៊ី ទំនងត្រូវបានកម្ចាត់ចេញ សឹងតែជាស្ថាពរ ពីឆាកនយោបាយខ្មែរ ក្រោមការធ្វើវិសោធនកម្ម ដល់ពីរដងផ្ទួនៗ ទៅលើច្បាប់ស្ដីពីគណបក្សនយោបាយ ដែលកើតចេញពីបញ្ជា របស់លោក ហ៊ុន សែន គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក។

មិនមែនត្រឹមតែការកែច្បាប់ខាងលើនេះទេ តែលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់​បានប្រកាស កាលពីពាក់​កណ្ដាល​ខែ​មិថុនា ឆ្នាំ២០១៧នេះ ថាលោក សម រង្ស៊ី នឹងមិនត្រឡប់មកកម្ពុជាវិញ អស់មួយជីវិត ដោយលោកបានចំអក ហៅមេដឹកនាំប្រឆាំងរូបនេះ ថាជា​«អ្នក​ក្លាហាន» ដែល​«កំសាក» និង​នៅតែ​«កំសាក» ទោះជាលោកនាយករដ្ឋមន្ត្រី បានលើកចេញ នូវបម្រាម ហាមប្រាម​ក្រុមហ៊ុន​យន្ដហោះ មិនឲ្យដឹក​មេ​ដឹកនាំ​​ប្រឆាំង​ ត្រឡប់ចូល​កម្ពុជាវិញ នោះក៏ដោយ។

អតីតប្រធានគណបក្សប្រឆាំង បានថ្លែងតបនៅពេលនោះថា លោកចង់ឲ្យមានការធានា ពីការបោះបង់ចោល នូវគម្រោងរបស់លោក ហ៊ុន សែន ទាក់ទង​នឹងការ​​កំចាត់​ចោល នូវបណ្ដាជន​ប្រឆាំង ១០០ ទៅ២០០នាក់ នៅមុនលោកត្រឡប់ចូល ​ប្រទេសកម្ពុជាវិញ។

បុរសខ្លាំងកម្ពុជា បានប្រកាសបន្ថែមទៀតថា លោកនឹង«មិនស្នើសុំ»ព្រះមហាក្សត្រ ដើម្បីការព្រះរាជទាន​លើកលែងទោស ឲ្យលោក សម រង្ស៊ី សារជាថ្មីទៀតឡើយ។ លោកនាយករដ្ឋមន្ត្រី ថែមទាំងបានបញ្ជា ទៅកងកម្លាំងប្រដាប់អាវុធ ឲ្យត្រៀម​ចាប់ខ្លួនលោក សម រង្ស៊ី ប្រសិនណាជាមេដឹកនាំប្រឆាំង បង្ហាញវត្តមាន នៅលើទឹកដីកម្ពុជា។

» អានអត្ថបទដែលទាក់ទង៖ ហ៊ុន សែន៖ សម រង្ស៊ី នឹង​មិន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ មួយ​ជីវិត

នៅក្រោយការប្រកាស របស់បុរសខ្លាំងកម្ពុជា ដែលត្រូវបានក្រុមអ្នកគាំទ្រ បន្ទរតាម​នៅគ្រប់ទីកន្លែងនោះ មនុស្សជំនិតរបស់លោក សម រង្ស៊ី គឺលោក អេង ឆៃអ៊ាង ដែលសព្វថ្ងៃជាអនុប្រធាន គណបក្សសង្គ្រោះជាតិ បានអះអាងថា៖ «រឿងដែលសំខាន់ បើ​លោក(អតីត)​ប្រធាន សម រង្សុី ចូលមក នាំឲ្យ​គណបក្ស​សង្គ្រោះជាតិ ទទួលជោគជ័យ ក្នុងការបោះឆ្នោត ឆ្នាំ២០១៨ នោះ​លោក(អតីត)​ប្រធាន ដាច់ខាតត្រូវតែចូល ទោះជាប់គុក ឬបាត់បង់ជីវិតក៏ដោយ។»។

ប៉ុន្តែការថ្លែងទាក់ទងគ្នា រវាងលោក សម រង្ស៊ី ដែលបានលាលែងពីគណបក្ស និងមន្ត្រីជាន់ខ្ពស់ របស់គណបក្ស ទំនងជាធ្វើឲ្យលោក ហ៊ុន សែន មិនសប្បាយចិត្ត រហូតបានបញ្ជាជាថ្មី ឲ្យធ្វើវិធិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ នៅចុងខែមិថុនា ឆ្នាំ២០១៧ នៅក្នុងបុព្វហេតុមួយ ដែលលោក សុខ ឥសាន អ្នកនាំពាក្យ របស់គណបក្ស​ប្រជាជន​កម្ពុជា អះអាងថា ដើម្បី«សម្លាប់ជីវិតនយោបាយ របស់លោក សម រង្ស៊ី»។

យ៉ាងណាក៏ដោយ ក៏ការលើកឡើងរបស់លោក សម រង្ស៊ី ទាក់ទងនឹងការវិលត្រឡប់ចូលកម្ពុជាវិញ មិនមែនទើបនឹងធ្វើឡើង ជាលើកទីមួយទេ បន្ទាប់ពីការនិរទេសខ្លួន​របស់លោក អស់ជាច្រើនឆ្នាំ រាប់ចាប់តាំង​ពីចុងខែវិច្ឆិកា ឆ្នាំ២០១៥។ កាលពីពេលកន្លងមក លោកក៏ធ្លាប់ប្រកាសដែរថា លោកនឹង​វិល​ត្រឡ​ប់​ចូលកម្ពុជាវិញ ឲ្យបានមុន​ការបោះឆ្នោត ជ្រើសរើសឃុំ-សង្កាត់ ក្នុងឆ្នាំ២០១៧នេះ។

ក្រុមអ្នកតាមដាន​ស្ថានការណ៍នយោបាយកម្ពុជា បានមើលឃើញថា ការសម្រេចណាមួយ ដើម្បីវិលត្រឡប់ចូលមកកម្ពុជាវិញ អាចមិនមែនជាការសម្រេច តែម្នាក់ឯង ដោយលោក សម រង្ស៊ី នោះឡើយ។ តាំងពីចុងខែមិថុនាកន្លងមក និងរហូតមកដល់ថ្ងៃនេះ សមាជិកសភាអ៊ឺរ៉ុប​យ៉ាងហោច៧រូប បានចោទសួរទៅកាន់​ស្ថាប័នកំពូលអ៊ឺរ៉ុប យ៉ាងហោចចំនួនបី ក្នុងគោលបំណង​ស្វែង​រកការធានា ពីរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យលោក សម រង្ស៊ី បានវិលចូលវិញ ដោយ​«សុវត្ថិភាព និងការដើរហើរ ដោយស្របច្បាប់» ក្នុងប្រទេសកម្ពុជា។

» អត្ថបទដែលទាក់ទង៖ សមាជិក​សភា​អ៊ឺរ៉ុប​សួរ​ពី​ការ​ធានា​ឲ្យ សម រង្ស៊ី វិល​ចូល​ប្រទេស​វិញ

ការស្វែង​រកចម្លើយរបៀបនេះ ត្រូវបានគេមើលឃើញថា នឹងមានទំងន់ ទោះតិចឬច្រើន ទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន ដោយសារតែសហភាពអ៊ឺរ៉ុប ជាដៃគូពាណិជ្ជកម្ម​​ធំជាងគេបង្អស់ នៅក្នុងពិភពលោក សម្រាប់ដង្ហើម​សេដ្ឋកិច្ច​កម្ពុជា៕