Posts by "ប្រាថ្នា"

«កូន​ខ្ញុំ​មិន​ដល់​ថ្នាក់​ស្លាប់​ទេ បើ​ខ្ញុំ​នាំ​ទៅ​រៀន ប៉ុន្តែ​នាង​នឹង​ស្លាប់ បើ​គ្មាន​ចំណេះ​ដឹង»

«កូន​ខ្ញុំ​មិន​ដល់​ថ្នាក់​ស្លាប់​ទេ បើ​ខ្ញុំ​នាំ​ទៅ​រៀន ប៉ុន្តែ​នាង​នឹង​ស្លាប់ បើ​គ្មាន​ចំណេះ​ដឹង»

«កូនស្រីរបស់ខ្ញុំ ប្រហែលមិនដល់ថ្នាក់ស្លាប់ទេ ប្រសិនបើខ្ញុំនាំគេ ទៅសាលារៀន ប៉ុន្តែនាងនឹងស្លាប់ ប្រសិនបើមិនព្រម ទៅរៀន ឱ្យមានចំណេះដឹង» នេះជាការលើកឡើង របស់បុរសជាតិឥណ្ឌាម្នាក់ បន្ទាប់ពីលោក ត្រូវបាន​ធានាឱ្យនៅក្រៅ​ឃុំ ក្រោយពីធ្វើការឃុំខ្លួនមួយថ្ងៃ ដោយសារតែលោក បានចងកូនស្រីជាប់នៅលើម៉ូតូ នាំទៅសាលារៀន។

ហេតុការណ៍នៃការចាប់បង្ខំកូន ពីសំណាក់ឪពុក វ័យ៤០រូបនេះ បានកើតឡើង ស្របពេល ដែលលោកនាយករដ្ឋមន្ត្រី ឥណ្ឌាន រ៉េនត្រា ម៉ូឌី ជំរុញជាសាធារណៈ ឱ្យក្មេងស្រីបានទទួល ការសិក្សាអប់រំ ។

បណ្ដាញទូរទស្សន៍ BBC បានផ្សាយឱ្យដឹងថា បុរសខាងលើ ត្រូវបាននគរបាលឥណ្ឌាចាប់ខ្លួន ក្រោយពីកាសែតក្នុង​ស្រុក​ជាច្រើន នៅរដ្ឋឧត្តរប្រាដេស ផ្សព្វផ្សាយ ពីរឿងចងកូនស្រីជាប់ម៉ូតូ ដូចសត្វធាតុ។ រូបលោកត្រូវបានចោទប្រកាន់ ថាបានល្មើស លើសេចក្តីសុខរបស់កូន។

តែបុរសជាឪពុកខាងលើ ដែលមានអាជីពជាសន្តិសុខ នៅសាលារៀនឯកជន មួយរូបនោះ ត្រូវបានធានាឱ្យនៅក្រៅ​ឃុំវិញ។ តាមមន្រ្តីនគរបាលបានឱ្យដឹងថា បុរសជាឪពុក បានឆ្លើយថា គាត់បានព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីលួង​លោមកូនស្រី ឱ្យទៅសាលា រួមទាំងសន្យាថា នឹងឱ្យស្ករគ្រាប់ជារង្វាន់ ប៉ុន្តែត្រូវបាននាងបដិសេធ មិនព្រមទៅរៀន។ ដោយសារតែកូនស្រីរបស់គាត់ មិនព្រមចូលសាលា ហេតុនេះហើយ ទើបគាត់ខឹងយ៉ាងខ្លាំង ហើយយកខ្សែចងកូនស្រី ភ្ជាប់កែបម៉ូតូ ដើម្បីដឹកយកទៅសាលា។

បុរសវ័យកណ្ដាលរូបនេះ នៅតែបានអះអាងថា គាត់ធ្វើបែបនោះ ជារឿងត្រឹមត្រូវ ព្រោះគាត់ចង់ឱ្យកូនស្រី ទទួល​ចំណេះ​ដឹង៕

«ឃើញ​ពាក្យ​ទាំង​នេះ​ហើយ ចង់​ពន្លូត​ខ្ញុំ​ចេញ​ឬ​ទេ?»

«ឃើញ​ពាក្យ​ទាំង​នេះ​ហើយ ចង់​ពន្លូត​ខ្ញុំ​ចេញ​ឬ​ទេ?»

នេះជាពាក្យសម្តី ដែលបង្ហាញពីអារម្មណ៍ របស់ទារកនៅក្នុងផ្ទៃម្តាយ ដោយរំពឹងថា ខ្លួននឹងបានឃើញពន្លឺថ្ងៃ ប៉ុន្តែអ្វីៗ ប្រែខុសស្រលះ...

ខែទី១៖ ម៉ាក់ប្រហែលជាដឹងហើយ ថាមានខ្ញុំ។
ខែទី២៖ ប៉ាម៉ាក់ឈ្លោះគ្នា មកពីខ្ញុំហើយ មើលទៅ!
ខែទី៣៖ អ៊ុយ! ខ្ញុំរើខ្លាំងពេក សុំទោសម៉ាក់ ខ្ញុំអត់តាំងចិត្តទេ!
ខែទី៤៖ ប៉ាម៉ាក់ឈ្លោះគ្នាទៀតហើយ... មិនដឹងថារឿងអីទេ... និយាយពីខ្ញុំ? និយាយរឿងយកចេញ... ខ្ញុំអត់យល់»

ឃ្លាចុងក្រោយ ដែលគួរឱ្យសង្វេកទៀតនោះ គឺ៖ «ខែទី៥៖ ម៉ាក់ទៅរកពេទ្យ ពេទ្យឱ្យម៉ាក់គេងចុះ។ ខ្ញុំមានអារម្មណ៍ថា មាន​អ្វីម៉្យាង មកទាញជើងខ្ញុំចេញទៅ។ យ៉េ! ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំចង់ប្រាប់ថា ស្រលាញ់ម៉ាក់ តែ...? គ្រប់យ៉ាង ក៏​ងងឹត​ឈឹង។ ម៉ាក់ហ្អ៎ា! ម៉ាក់សម្លាប់ខ្ញុំធ្វើអី ម៉ាក់អត់ចង់ដឹងទេហ៎ ថាខ្ញុំស្រលាញ់ម៉ាក់ប៉ុណ្ណា?»។

នេះ គ្រាន់តែជាសារមួយ របស់ប្រិយមិត្តមួយរូប ដែលបានសរសេរ ចែករំលែក នៅលើបណ្តាញសង្គម ដើម្បីជាការ​ដាស់​តឿន ដល់មិត្តយុវវ័យមួយចំនួន ដែលភ្លើតភ្លើន នឹងស្នេហាភ្លើងចម្បើង ដែលបណ្តាលឱ្យខ្លួនឯង មានកូន តែបែរ​ជាចង់ពន្លូតគ្នាចោល។ សារនេះ ក៏បានដាស់តឿនផងដែរ ទៅរកអ្នកម្តាយទាំងឡាយ ដែលបានសម្រេចចិត្ត​បញ្ចប់​ជីវិត​កូន ដោយការរំលូតកូនចេញ ព្រោះមិនចង់ ឲ្យឈាមមួយតំណក់នេះ បានផ្ញើរជីវិត នៅក្នុងផ្ទៃរបស់ខ្លួន ព្រោះមូលហេតុ​ផ្សេងជាច្រើន ដូចជា៖ ស្អប់ឪពុក គ្មានសមត្ថភាពចិញ្ចឹម ឬនឹកឃើញ នៅចង់សប្បាយនៅឡើយ ជាដើម។

បើទោះជា វាមិនមែនជាសម្តីទារក ដែលហៀបនឹង ត្រូវរំលូតចោលនោះ ក៏ពិតមែន ប៉ុន្តែវាពិតជា គួរឱ្យអាណិតក្មេង ដែល​គ្នានៅមិនដឹងអី តែបែរជាត្រូវរងគ្រោះ ដោយសារភាព គ្មានការទទួលខុសត្រូវ របស់មនុស្សពីរនាក់ទៅវិញ។ សារ​នោះ ត្រូវ​បាន​អ្នកប្រើប្រាស់បណ្ដាញសង្គម ធ្វើការចែករំលែក ច្រើនជាង៤ពាន់នាក់មកហើយ។

សម្រាប់ប្រទេស នៅបស្ចឹមលោកមួយចំនួន បានដាក់ការហាមប្រាម ការរំលូតកូននេះ នៅពេលដែលម្ដាយមានផ្ទៃពោះ ចាប់ពី៣ខែឡើងទៅ។ បើមិនអញ្ចឹងទេ នឹងមានទោសស្មើនឹង«មនុស្សឃាត»។ ប៉ុន្តែក្នុងអំឡុងពេល ពី០ ទៅ៣ខែ (ប្រទេស​ខ្លះ៥ខែ) អ្នកម្ដាយនៅតែអាចសម្រេចចិត្ត ធ្វើការ​រំលូតចេញបាន ដោយសារវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បាន​បញ្ជាក់​ថា ក្នុងចន្លោះពេលនេះ កូនតូចនោះ នៅមិនទាន់ក្លាយ ជា​ទារកពេញលក្ខណៈ ឬនៅមិនទាន់ក្លាយជាមនុស្ស នៅ​ឡើយ (នៅត្រឹមជាកូនក្អុក មួយ​ប៉ុណ្ណោះ)។ «សម្រេចចិត្ត មិនចង់មានកូន» ជាជម្រើស និងជាសេរីភាពផ្ទាល់ខ្លួន ដែល​ត្រូវ​តែ​ពិចារណា ឲ្យបានដិតដល់ ជៀសជាងទុកកូននោះ ឲ្យកើតចេញមក ហើយរស់ទាំងពិបាក៕

រ៉ូលីន មាន​អ្នក​នៅ​ក្នុង​ចិត្ត... ជា​ស្រី!

រ៉ូលីន មាន​អ្នក​នៅ​ក្នុង​ចិត្ត... ជា​ស្រី!

រ៉ូលីន បានធ្វើឱ្យប្រិយមិត្ត មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកបាននិយាយថា លោកកំពុងសេបគប់មនុស្ស ដែល​អនាគត អាចជាអ្នករួមដំណើរជីវិត ជាមួយលោក។ អ្វីដែលធ្វើឱ្យគេ កាន់តែភ្ញាក់ផ្អើល ថែមទៀតនោះ មនុស្សដែល​លោក កំពុងសេបគប់នោះ គឺជាមនុស្សស្រី។ គេស្ទើរតែមិនជឿថា គូស្នេហ៍របស់លោកជាស្រីឡើយ ព្រោះថា ជារឿយៗ លោកចូលចិត្ត ធ្វើខ្លួនជាមនុស្សស្រី ដែលគេតែងតែហៅលោក ថា«ខ្ទើយ»។

តាមរយៈសារព័ត៌មានក្នុងមួយ តារាដែលតែងហៅខ្លួនឯងថា ប្រពន្ធរបស់លោកតាប៊ុយរូបនេះ បានបង្ហើបថា បច្ចុប្បន្ន​នេះ លោកកំពុងមានទំនាក់ទំនង ជាមួយស្រីម្នាក់ ហើយក៏កំពុងសិក្សាមើលចិត្តគ្នា មើលថ្លើមគ្នា ទៅវិញទៅមកផង​ដែរ។ ហើយអ្នកទាំងពីរបានស្គាល់គ្នា ជាងមួយឆ្នាំមកហើយ។

រ៉ូលីនបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេល ដែលលោក មានទំនាក់ទំនងស្នេហា ជាមួយមនុស្ស ម្នាក់នោះ មានអនុស្សាវរីយ​ជាច្រើនជាមួយគ្នា ទាំងសប្បាយ និងទឹកភ្នែក។ លោកបានសរសើរដៃគូ ម្នាក់នោះថា ជាមនុស្សពូកែអត់ទ្រាំ បើទោះជា​រាល់ថ្ងៃ លោកតុបតែងខ្លួន បែបជាមនុស្សស្រីក៏ដោយ ប៉ុន្តែគេនៅរង់ចាំលោក មិនត្អូញត្អែរឡើយ។ យ៉ាងណាម៉ិញ លោក​នៅមិនទាន់ដឹងច្បាស់ថា នឹងចូលរោងការ នៅថ្ងៃណានោះទេ រីឯនារីជាគូរស្នេហ៍របស់លោក មិនត្រូវបាន​លោក​បង្ហើប អត្តសញ្ញាណ​ឡើយ។

តារាសម្តែងចម្រុះជំនាញរូបនេះ បានប្រកាសថា ប្រសិនបើលោកបានរៀបការ ជាមួយមនុស្សស្រី ដែលលោក​ស្រលាញ់ លោកនឹងបញ្ចប់ ការតែងខ្លួនជាមនុស្សស្រី។

តាមពិតទៅ តារាដែលមានដើមកំណើត មកពីខេត្តកំពង់ស្ពឺ លោក ជួប ច័ន្ទកក្កដា ដែលគេតែហៅថា Miss Photo City ឬកញ្ញារ៉ូលីន ក៏ជាប្រុសដើមទ្រូង៥ហត្ថ ដូចគេឯងដែរ។ ដូចដែលលោកធ្លាប់លើកឡើង កន្លងមកហើយថា មូលហេតុ ដែលលោកតែងខ្លួន ជាមនុស្សស្រី ដោយសារតែ ដើម្បីតម្រូវចិត្ត ទស្សនិកជន និងអាជីពសិល្បៈ និងជាពិសេសនោះ គឺដើម្បីរកលុយ ចិញ្ចឹមគ្រួសារ។ លោកមិនចង់តុបតែងខ្លួន ជាមនុស្សស្រីឡើយ ប៉ុន្តែដោយសារហេតុផលខាងលើ លោក​សុខចិត្តធ្វើគ្រប់យ៉ាង ទោះជាលោក មិនចង់ក៏ដោយ៕

សីហា ថា​បទ​«អូន​អ៊ូក​ប្រពន្ធ​ខ្ញុំ»​របស់ ព្រាប សុវត្ថិ លួច​គំនិត​​ខ្លួន

សីហា ថា​បទ​«អូន​អ៊ូក​ប្រពន្ធ​ខ្ញុំ»​របស់ ព្រាប សុវត្ថិ លួច​គំនិត​​ខ្លួន

«និយាយទៅ លួចគំនិតគេរហូត អត់ចេះខ្មាស់គេ (Yey tov loch concept ke lhot Ort jes kmas ke)» នេះសារឌឺដង ជាភាសាប្រកប របស់តារាចម្រៀងវ័យក្មេង របស់ផលិតកម្មអ៊ឹម លោក សីហា ដែលសរសេរថា អមជាមួយ នឹងចម្រៀង ប្រម៉ូសិន របស់ផលិតកម្ម ហង្សមាស ដែលមានចំណងជើងថា «អូនអ៊ូកប្រពន្ធខ្ញុំ» នៅលើទំព័រហ្វេសប៊ុករបស់លោក។

បើទោះបីជាលោក សីហា មិនបានប្រើពាក្យ ថានរណាម្នាក់លួចចម្លង គំនិតអ្នកណាក៏ដោយ ប៉ុន្តែគេច្បាស់ណាស់ថា តារាចម្រៀងរូបនេះ សំដៅដល់ដល់ផលិតកម្ម ហង្សមាស ថាបានលួចគំនិតរបស់ខ្លួន ក្នុងបទចម្រៀង ដែលមាន​ចំណង​ជើងថា «អូនអ៊ូក» ដែលកំពុងទទួល បានកាគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តយុវវ័យ។

រីឯបទចម្រៀង របស់លោក ព្រាប សុវត្ថិ «អូនអ៊ូកប្រពន្ធខ្ញុំ»មានសន្ទុះនៃការគាំទ្រមិនតិចផងដែរ។ គ្រាន់ដាក់ផ្សាយ​ពាណិជ្ជកម្ម តែប៉ុន្មានថ្ងៃ បទចម្រៀងនេះ ទទួលបានការគាំទ្រ យ៉ាងក្រាស់ក្រែង ពីទស្សនិកជន ទាំងចាស់ទាំងក្មេង។ រហូតមកដល់ពេលនេះ បទចម្រៀង របស់លោក ព្រាប សុវត្ថិ មួយនេះ ទទួលបានប្រជាប្រិយភាព ដោយមានអ្នក​ចុច​ចូល​មើល ប្រមាណជាង៣ម៉ឺននាក់។

ទន្ទឹមនឹងការគាំទ្រ ក៏មានការរិះគន់ផងដែរ ដោយប្រិយមិត្តខ្លះ បានលើកឡើងថា បទ«អូនអ៊ូកប្រពន្ធខ្ញុំ» លួចចម្លងពីបទ​ចម្រៀង ប្រទេសជិតខាង គឺប្រទេសថៃ។ ប៉ុន្តែក៏មានប្រិយមិត្តមួយចំនួនទៀត លើកឡើងថា វាត្រឹមតែស្រដៀង ជាមួយ​បទ​ថៃតែប៉ុណ្ណោះ មានអត្ថន័យផ្សេងគ្នា៕

ក្រសួងរ៉ែ និង​ថាមពល ប្រើ​យុទ្ធសាស្រ្ត​ថ្មី លើ​អាជីវកម្ម​«បូម​ខ្សាច់»

ក្រសួងរ៉ែ និង​ថាមពល ប្រើ​យុទ្ធសាស្រ្ត​ថ្មី លើ​អាជីវកម្ម​«បូម​ខ្សាច់»

ក្រសួងរ៉ែ និងថាមពល បានសម្រេចផ្អាក ជាបណ្តោះអាសន្ន នូវការអាជ្ញាប័ណ្ឌថ្មី ទៅលើអាជីវកម្មបូមខ្សាច់ និងធ្វើការ​ពិនិត្យ និងវាយតម្លៃឡើងវិញ នូវក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណស្រាប់ និងសកម្មភាពអនាធិបតេយ្យ ជីកយករ៉ែ​ទាំង​ឡាយ នៅប្រទេសកម្ពុជា។ ក្រសួងបានបង្កើតក្រុមការងារ អធិការកិច្ច៣ក្រុម ដែលមានតួនាទី ត្រូវដោះស្រាយជាបន្ទាន់ គឺការចេញអាជ្ញាប័ណ្ណខ្សាច់ ឱ្យធ្វើអាជីវកម្មបានទាន់ពេលវេលា និងការដោះស្រាយភាពមិនប្រក្រតី នៃការធ្វើ​អាជីវកម្ម​រ៉ែ​ផ្សេងទៀត ដោយអនាធិបតេយ្យ និងមិនត្រឹមត្រូវ តាមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងក្រសួង។

ថ្លែងនៅក្នុងសន្និសីទកាសែត នៅថ្ងៃទី២៥ មីនា ២០១៥នេះ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បាន​ឱ្យ​ដឹងថា ក្រសួងនឹងធ្វើការសិក្សា ពីទីតាំង នៅតាមដងស្ទឹង ទន្លេ ដើម្បីកំណាត់ថាកន្លែងណាអាចបូមខ្សាច់បាន ដើម្បី​បង្ក​ងាយស្រួល ក្នុងការផ្តល់អាជ្ញាប័ណ្ណដល់អាជីវករ ដែលធ្វើអាជីវកម្មបូមខ្សាច់។

លោកបន្តថា៖ «កន្លងទៅ យើងមិនបានធ្វើអញ្ចឹង គឺគាត់អ្នកសុំកន្លែងណា ស្រេចតែអ្នកអាជីវករគាត់សុំ គាត់សុំប៉ុណ្ណេះ សុំប៉ុណ្ណោះរួចយើងទៅសិក្សាម៉ាកន្លែង ដូច្នេះវាយឺត បើសិនជាយើងសិក្សាម៉ាបណ្តោយស្ទឹង បណ្តោយទន្លេឱ្យហើយ កំណត់ទីតាំងហើយស្រេច ពេលមានទីតាំងហើយអ្នកស្នើសុំធ្វើអាជីវកម្មយើងមានកន្លែងឱ្យគាត់ គាត់ត្រូវតែធ្វើទៅតាម​ទីតាំងដែលយើងតម្រូវឱ្យធ្វើ»។

លោកថាយុទ្ធសាស្រ្តថ្មីនេះ គឺជាវិធានការមួយ គឺដើម្បីដោះស្រាយបញ្ហា នៃការធ្វើអាជីវកម្មខ្សាច់ ក្នុងពេលខាងមុខនេះ ដោយលុបបំបាត់ ការធ្វើអាជីកម្មដោយអនាធិបតេយ្យ ដោះស្រាយបញ្ហា ការផ្តល់អាជ្ញាប័ណ្ណឱ្យបានឆាប់ និងដើម្បីឱ្យ​មាន​ខ្សាច់​គ្រប់គ្រាន់ បម្រើទីផ្សារសំណង់

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងផងដែរថា ក្រសួងបរិស្ថានបានតៀមខ្លួនជាស្រេច ក្នុងការ​សហការ​ជាមួយក្រសួងរ៉ែ និងថាមពលក្នុងការធ្វើការសិក្សា វាយតម្លៃឱ្យបានច្បាស់លាស់ នូវទីតាំងសម្រាប់ផ្តល់​អាជ្ញា​ប័ណ្ណ​ ធ្វើអាជីកម្មបូមខ្សាច់។

លោកបន្តថា ការសិក្សាត្រូវធ្វើជាប្រចាំយ៉ាងហោចណាស់ ក៏ត្រូវធ្វើក្នុងឆ្នាំម្តងដែរ សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងសម្រេច​ចិត្ត នៅពេលដែលមានក្រុមហ៊ុន ស្នើសុំធ្វើអាជីវកម្មបូមខ្សាច់។

រដ្ឋមន្រ្តីក្រសួងបរិស្ថានរូបនេះ ពន្យល់បន្ថែមថា៖ «ការដុះដីនៅតំបន់ខ្លះ ក៏អាចថាវាខូងដីនៅកន្លែងផ្សេង នេះជាគឺជា​រឿង​មួយ ដែលយើងត្រូវសិក្សាឱ្យបានច្បាស់លាស់ ព្រោះកន្លែងខ្លះ ទាមទារឱ្យយើងបូមហើយ បើយើងមិនបូមទេ ការ​ធ្វើចរាចរណ៍កប៉ាល់ នឹងមានការពិបាក ហើយកន្លែងខ្លះ បើសិនជាយើងមិនបូមទេ វាធ្វើឱ្យច្រាំងទន្លេ កាន់តែបាក់​ខ្លាំង​ថែមទៀត ហើយយើងក៏ត្រូវឱ្យច្បាស់ដែរ ថាតើបូមត្រឹមកម្រិតប៉ុណ្ណាអាចបូមបាន ហើយយើងត្រូវតែតាមដាន ត្រួត​ពិនិត្យ​ឱ្យបានច្បាស់។ ឧទហរណ៍យើងបូម បូមតែក្នុងកម្រិតតែមួយម៉ែត្រ។ យើងសង្ឃឹមថាតាមរយៈវិធានការណ៍ថ្មីនេះ យើងអាចកាត់បន្ថយបានច្រើន នូវផលប៉ះពាល់ទៅនឹងបងប្អូនប្រជាជនយើង។»

សូមបញ្ជាក់ថា ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្ មបូមខ្សាច់ នៅកម្ពុជា ទាំងអស់១៤២ ក្នុងមាននៅរាជធានីភ្នំពេញមាន ៧  នៅខេត្តកណ្តាល មាន៤១ ខេត្តព្រៃវែងមាន៦ ខេត្តកំពង់ឆ្នាំងមាន៣ ខេត្តកំពង់ធំមាន១២ ខេត្តកំពង់ស្ពឺមាន១៣ ខេត្ត​កោះកុងមាន១០ ខេត្តកំពតមាន២២ ខេត្តព្រះសីហនុមាន៧ ក្រុងកែបមាន៣ ខេត្តតាកែវមាន៣ ខេត្តពោធិ៍សាត់៩ ខេត្ត​សៀមរាប៤ និងខេត្តស្ទឹងត្រែង មាន៦ក្រុមហ៊ុន។ ហើយក្រុមហ៊នទាំងនោះ មានបូមនៅតាមស្ទឹង ទន្លេ ដូចជា​ទន្លេ​បាសាក់ ទន្លេមេគង្គជាដើម៕