Posts tagged as "Isabelle Adjani"

ដឺប៉ាឌីយើ ដើរតូ ដូមីនិកស្ត្រូកាន់ ដោយសារមិនចូលចិត្ត គាត់

ដឺប៉ាឌីយើ ដើរតូ ដូមីនិកស្ត្រូកាន់ ដោយសារមិនចូលចិត្ត គាត់

«ខ្ញុំនឹងដើរតួ ជា ដូមីនិក ស្ត្រូកាន់ ហើយនេះ គឺដោយសារតែ ខ្ញុំមិនចូលចិត្តគាត់» ហ្សេរ៉ា ដឺប៉ាឌីយើ ដែលជាតួសំដែង ខ្សែរភាពយន្ត ជនជាតិបារាំង បាននិយាយ នៅក្នុងកិច្ចសំភាស របស់ វិទ្យុនិងទូរទស្សន៍មួយ នៅប្រទេសស្វីស (RTS) ។ គាត់បានបញ្ជាក់ថា គាត់មិនដែល ញញើតញញើម នឹងនិយាយ អាក្រក់ៗ ពី ដូមីនិក ស្ត្រូកាន់ អតីត នាយក មួលនិធី រូបីយវត្ថុអន្តរជាតិ នោះទេ។ បើតាម ហ្សេរ៉ា ដឺប៉ាឌីយើ លោក ដូមីនិក ស្ត្រូកាន់ គ្រាន់តែជាមនុស្សម្នាក់ មិនដែលច្បាស់លាស់ និងមិនមានអ្វីអស្ចារ្យ នោះទេ ។

ហ្សេរ៉ា ដឺប៉ាឌីយើ​ ត្រូវបានជ្រើសរើស អោយដើរតួសំដែង នៅក្នុងខ្សែរភាពយន្តមួយ របស់សមិទ្ធិករ ឈ្មោះ អាប៊ែល ហ្វែរ៉ារ៉ា ដែលនឹងដក់ស្រង់ យកគំរូតាម ខ្សែររឿងជីវិតពិតរបស់  អតីតនាយក មួលនិធី រូបីយវត្ថុអន្តរជាតិ​ លោក ដូមីនិក ស្ត្រូកាន់​ ។​ លោក ដូមីនិក ស្ត្រូកាន់ បានផុងខ្លួនយ៉ាងជ្រៅមួយ ក្នុងរឿងអាស្រូវ ជំលោះក្ដីក្ដាំ ជាមួយស្ត្រីជាអ្នក បំរើការក្នុងបន្ទប់សណ្ឋាគារ នៅទីក្រុង ញ៉ូយក ប្រទេស់អាមេរិក ហើយលោកក៏កំពុងជាប់ រឿងក្ដីក្ដាំ ចំនួន ២ផ្សេងទៀត ក្នុងប្រភេទរឿងដូចគ្នានេះ នៅក្នុងប្រទេសបារាំង ផងដែរ។

ហ្សេរ៉ា ដឺប៉ាឌីយើ​ បានបញ្ជាក់បន្ថែម ៖ «យើងទាំងអស់បានឃើញហើយ គឺជារឿយៗ មនុស្សដែលមានអំណាច បុណ្យស័ក្តិ និងលុយកាក់ បានកាន់ស្ថាប័នកំពូល ដូចជា  មួលនិធី រូបីយវត្ថុអន្តរជាតិ ជាដើម នេះ គេបែរជា យកវាទៅ ប្រើប្រាស់ ជាមួយនឹងស្រីញ៉ីទៅវិញ» ។ គាត់បានបញ្ចប់ ដោយ ឃ្លាយ៉ាងដូច្នេះថា « ខ្ញុំមិនដែល រំជួលចិត្ត ទាល់តែសោះ ជាមួយនឹងមនុស្ស ដែលគ្មានភាពថ្លៃថ្នួ ប្រភេទនេះ !»

ខ្សែរភាពយន្ដនេះ នឹងចាប់ផ្ដើមថត នៅខែ មិថុនាខាងមុខ នៅទីក្រុងចំនួន ៣ គឺ ប៉ារីស វាស៊ីនតោន និងញ៉ូយក ។ ​សមិទ្ធិករ លោក អាប៊ែល ហ្វែរ៉ារ៉ា ក៏បានជ្រើសរើសផងដែរ តារាស្រ្តី ឈ្មោះ អ៊ីហ្សាបែល អាដចានី អោយមកធ្វើជា តូ​ លោកស្រី អាន​ សាំងក្លែ ដែលជា ប្រពន្ធ របស់លោក ដូមីនិក ស្ត្រូកាន់។

ដោយ ៖ សេក មនោរកុមារ​​ -​ ប៉ារីស ថ្ងៃទី ១៥ មិនា​ ២០១២
Crédit Photo : wikimedia.org