អ៊ឺរ៉ូ២០១២៖​ អេស្ប៉ាញអតីតម្ចាស់ពានរង្វាន់ ផាត់បារាំងចេញ នៅឆ្នាំនេះ

តែគេក៏ត្រូវតែងាកមកមើល ក្រុមបាល់ទាត់ជំរើសជាតិបារាំង តើចំនុចខ្សោយអ្វីខ្លះ ដែលកើតមាននៅក្នុងការប្រកួត? តើបញ្ហាដែលចោទ វាចេញពីកីឡាករជំនាន់នេះ មិនមានឆន្ទះក្នុងការប្រកួត ឬយ៉ាងណា?

ពិតប្រាកដណាស់ថា ក្រុមបាល់ទាត់ជំរើសជាតិបារាំង បានចាញ់ក្រោមថ្វីជើង របស់ក្រុមជំរើសជាតិអេស្ប៉ាញ អតីតម្ចាស់ ពានរង្វាន់អ៊ឺរ៉ុប និងពិភពលោល ឆ្នាំមុន ដែលជាក្រុមបាល់ទាត់មួយ ក្នុងចំណោមក្រុមបាល់ទាត់ផ្សេងទៀតក្នុងពិភពលោក ដែលមានការរៀបចំ និងចេះលេងបាល់យ៉ាងល្អនោះ។ តែគេក៏ត្រូវតែងាកមកមើល ក្រុមបាល់ទាត់ជំរើសជាតិបារាំង តើ ចំនុចខ្សោយអ្វីខ្លះ ដែលកើតមាននៅក្នុងការប្រកួត? តើបញ្ហាដែលចោទ វាចេញពីកីឡាករជំនាន់នេះ មិនមានឆន្ទះក្នុង ការប្រកួត ឬយ៉ាងណា?


ក្រុមកីឡាករអេស្ប៉ាញ សប្បាយរីករាយ ក្រោយពីបាលនាំមុខមួយគ្រាប់។ Photo: uefa.com

បារាំងបានប្រកួតចាញ់អេស្ប៉ាញ ក្នុងពិន្ទុ ០ទល់នឹង២ ហើយត្រូវវិលត្រឡប់មកផ្ទះវិញភ្លាម នៅថ្ងៃអាទិត្យស្អែកឡើង។ ជា បរាជ័យលើកទីមួយ ក្នុងប្រវត្តិសាស្រ្ត ខណៈបារាំងមិនដែលចាញ់អេស្ប៉ាញម្ដងណាឡើយ ពីរាល់ការប្រកួតលើកមុខៗ។ រីឯក្រុមអេស្ប៉ាញ ដែលបានឆ្លងកាត់ឧបសគ្គលើកនេះហើយ នឹងត្រូវទៅជួបជាមួយនឹងព័រទុយហ្គាល់ នៅក្នុងវគ្គ ១ភាគ២ ផ្ដាច់ព្រ័ត្រ ដែលការប្រកួតនឹងប្រព្រឹត្រទៅ នៅថ្ងៃទី២៧មិថុនាខាងមុខ។

បច្ចេកទេសក្នុងការរៀបក្រឡាបាល់បារាំង មានចំនុចខ្សោយខ្លាំង

នៅក្នុងការប្រកួត បារាំងបានបង្កគ្រោះថ្នាក់បានខ្លះៗដែរ ទល់នឹងអេស្ប៉ាញ​ តែបើនិយាយពីមហិច្ឆតា និងបច្ចេកទេស ទាត់បាល់វិញ គឺបារាំងមានភាពខុសឆ្ងាយពី អតីតម្ចាស់ពានរង្វាន់ពិភពលោក និងអ៊ឺរ៉ុប នេះណាស់។ គ្រូបង្វឹកឡូរ៉ង់ ប្លង់ (Laurent Blanc) របស់ក្រុមបាល់ទាត់បារាំង ធ្លាប់និយាយ ជឿជាក់យ៉ាងខ្លាំង ពីក្រឡាបាល់ដែលគាត់បានរៀបដាក់ អោយកីឡាកររបស់គាត់ទាត់ ដែលមានលក្ខណះការពារដ៏រឹងមាំមួយ ដោយអោយ ខ្សែរបំរើកណ្ដាល ត្រូវចុះមកជួយ ខ្សែរការពារ នៅពេលគ្រោះថ្នាក់បង្កដោយអេស្ប៉ាញ មកដល់ជិតទីរបស់ខ្លួន ហើយបន្ទាប់មក ត្រូវទាត់បាល់វែងមួយភ្លាមៗ ឬបញ្ជូនបាល់ធ្វើយ៉ាងដូចម្ដេចក៏ដោយ ទៅអោយខ្សែរប្រយុទ្ធ​ ដែលមានកីឡាករ រីប៊េរី (Ribéry) និង​ប៊េហ្សេម៉ា (Benzema) ចាំទទួល នៅខាងលើ។


ស៊ាប៊ី អាឡុងស្សូ ប្រើក្បាល់ស៊ុតបញ្ចូលទី ធ្វើអោយអេស្ប៉ាញនាំមុខ បានមួយគ្រាប់។ Photo: uefa.com

តែគំរោងការនេះ បានទទួលផលល្អ ប្រមាណជា ១៩នាទីដំបូងប៉ុណ្ណោះ រហូតដល់កីឡាករ​អេស្ប៉ាញ ស្គាល់ពីចំនុចខ្សោយ ក៏បានទំលុះខ្សែរបំរើកណ្ដាលនេះបាន ហើយបញ្ជូលបាល់ទៅជិតទីរបស់បារាំង ជាឱកាសអោយកីឡាករអេស្ប៉ាញម្នាក់ ទៀត ឈ្មោះ ស៊ាប៊ី អាឡុងស្សូ (Xabi Alonso) ប្រើក្បាល់ស៊ុតបញ្ចូលទី ធ្វើអោយអេស្ប៉ាញនាំមុខ បានមួយគ្រាប់តាំង ពីពេលណ្នឹងរហូតមក។ នៅមុននិងនៅក្រោយ ការនាំមុខរបស់អេស្ប៉ាញនេះ បច្ចេកទេសទាត់បាល់របស់បារាំង មិនជា អាក្រក់ប៉ុន្មានទេ ព្រោះនៅនាទីទី ៣២ កីឡាករបារាំង កាប៊ៃ (Cabaye) បានមានឱកាស ទាត់បាល់ពិន័យពីចំងាយមួយ ធ្វើអោយ អ្នកចាំទីអេស្បាញ ហក់មកគៀសចេញសឹងតែមិនទាន់។

ក្រឡាបាល់របស់គ្រូបង្វឹកបារាំង ឡូរ៉ង់ ប្លង់ បានបង្ហាញចំនុចខ្សោយរបស់ខ្លួន នៅចំពោះមុខគូប្រជែង ដែលខ្លាំងជាង។ រាល់បាល់វែងដែលត្រូវបញ្ជូនទៅ ខ្សែរប្រយុទ្ធរបស់បារាំង ភាគច្រើនត្រូវអេស្ប៉ាញឆក់យកបាន ដែលតំរូវអោយ កីឡាករ ខ្សែរប្រយុទ្ធរបស់បារាំង រីប៊េរី និង​ប៊េហ្សេម៉ា ត្រូវរត់ត្រឡប់មកក្រោមវិញ ដើម្បីមករកបាល់ ហើយបញ្ជៀសខ្លួន ពីការបង្ខាំង ជាប់របស់ខ្សែរការពារអេស្ប៉ាញផង។


កីឡាករខ្សែរប្រយុទ្ធបារាំង រីប៊ែរី ត្រូវខាងខ្សែរការពារអេស្ប៉ាញទាញអាវ បង្ខាំងជាប់។ Photo: uefa.com

ការខ្វះនូវ «មហិច្ឆតាចង់ឈ្នះ» និងរារែក

រហូតមកដល់នាទីទី៦០ ដែលកីឡាករបារាំង ដឺប៊ូឈី (Debuchy) បានប្រើក្បាលស៊ុតចូលទីអេស្ប៉ាញ តែមិនចំគោលដៅ និងមានការផ្លាស់ប្ដូរកីឡាករបារាំង ដល់ទៅបីនាក់នាទីទី៧០  ដើម្បីបង្កើតជាយុទ្ធសាស្រ្តថ្មី សំរាប់ខ្សែរបំរើកណ្ដាល នៃ ក្រឡាបាល់របស់ ក្រុមបាល់ទាត់បារាំង។ តែមិនមានអ្វី ដែលអាចធ្វើអោយ រង្គោះរង្គើ ដល់ក្រុមជំរើសជាតិអេស្ប៉ាញមួយ ដែលមានជំហរទប់បាល់យ៉ាងរឹងមាំ នោះឡើយ។ ហើយបន្ថែមពីលើណ្នឹង កំហុសរបស់កីឡាករបារាំង ទល់មុខនឹងទីរបស់ ខ្លួន នៅនាទីទី៩១ បង្កអោយអាជ្ញាកណ្ដាល់ផ្លុំកន្ចែ អោយអេស្ប៉ាញទាត់បាល់ពិន័យ ៩ម៉ែត្រ  ធ្វើអោយអេស្ប៉ាញ បានឈ្នះ បារាំងក្នុងពិន្ទុ ២-០ នៅពេលបញ្ចប់ការប្រកួត។


កីឡាករបារាំងណាស្រ៊ី បានចូលមកជួយ​ តែនៅតែធ្វើអ្វីអេស្ប៉ាញមិនកើត។ Photo: uefa.com


គ្រាប់ចុងក្រោយរបស់អេស្ប៉ាញ ដែលជាបាល់ពិន័យ ៩មែត្រ។ Photo: uefa.com

ជាការពិតហើយ ដែលការជួបប្រកួតលើកនេះ កីឡាករបារាំងបានខិតខំ ស្ដាមុខមាត់ខ្លួនឡើងវិញ ពីពេលដែលខ្លួនបានជួប ប្រកួត ជាមួយនឹងក្រុមបាល់ទាត់ របស់ប្រទេសស៊ុយអែដ កាលពីថ្ងៃអង្គារមុន។ តែបើនិយាយជាលទ្ធផល គឺបារាំងចាញ់ ស៊ុយអែដ និងនៅតែចាញ់អេស្ប៉ាញ ២-០ ដូចគ្នា។ ក្រុមអ្នកគាំទ្របាល់ទាត់បារាំង សំដែងការខកចិត្តមិនតិចទេ ជាមួយ នឹងការប្រកួតលើកមុន និងក៏ដូចជាលើកនេះ ហើយអ្វីដែលគេសោកស្ដាយជាងនេះ គឺក្រុមបាល់ទាត់បារាំងមិនបាន ខំប្រឹង អោយបាន ច្រើនជាងនេះ។ ប្រហែលជាមក ពីផ្នត់គំនិតរបស់ កីឡាករជំនាន់នេះផងក៏មិនដឹង ដែលមើលទៅ ដូចជារារែក មិនមានមហិច្ឆតាពិតប្រាកដ ក្នុងការចង់ឈ្នះនោះ។ ការរារែក និងខ្វះនូវ «មហិច្ឆតាចង់ឈ្នះ»នេះ ជាបរាជ័យធំបំផុតរបស់ កីឡាបាល់ទាត់ ហើយជាក់ស្ដែង វាបានធ្វើអោយ​ ដំណើរទៅដណ្ដើមពានរង្វាន់អ៊ឺរ៉ូនៅឆ្នាំនេះ របស់ក្រុមបាល់ទាត់ជំរើស ជាតិបារាំង បានបញ្ចប់នៅត្រឹម ១ភាគ៤ផ្ដាច់ព្រ័ត្រ តែប៉ុណ្ណោះ៕

---------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


សូមស្វាគមន៍! មតិ ដំណឹង ឬផលិតផល...