ជុំវិញចំលាក់បូរាណខ្មែរនៅញ៉ូយក សង្គ្រាមពាក្យសំដីកំពុងបន្ត

Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 22, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សង្គ្រាមពាក្យសំដីកំពុងតែបន្ត យ៉ាងគគ្រឹកគគ្រេង ជុំវិញរូបចំលាក់បូរាណខ្មែរ ដែលតុលាការទីក្រុងញ៉ូយកយកមកធ្វើ ការអង្កេត តាំងពីឆ្នាំទៅម៉ិញមកហើយនោះ។

សូមអានអត្ថបទដែលនិយាយ ពីរូបចំលាក់នេះចុះផ្សាយ កាលពីថ្ងៃ១៤មេសា២០១២ កន្លងទៅ។

សូមបញ្ជាក់ឡើងវិញថា ការទាមទាររបស់​រដ្ឋាភិបាលខ្មែរ អោយរូបចំលាក់ថ្មចំណាស់ជាង ១០០០ឆ្នាំនេះ ត្រូវបញ្ជូន ត្រឡប់ទៅស្រុកដើមវិញ បានទទួលការគាំទ្រពីសំណាក់រដ្ឋាភិបាលអាមេរិកាំង និងពីយូណេស្កូផង​ ដោយឈរលើ ហេតុផលជាច្រើន បង្ហាញបញ្ជាក់ពីការលួចចេញពីប្រាសាទ ចិន Prasat Chen ក្នុងតំបន់កោះកែ Koh Ker នៃរូបចំលាក់ នេះក្នុងអំឡុងឆ្នាំ១៩៧០ ខណៈពេលកម្ពុជាកំពុងតែជ្រមុជក្នុងសង្គ្រាមរាំងជល់ដ៏រ៉ាំរ៉ៃនោះ។

កាលពីដើមខែមេសា រដ្ឋាភិបាលអាមេរិចកាំងបាន «ចាត់បង្ខំ» អោយមានការចាប់បញ្ជូនត្រឡប់ទៅកម្ពុជាវិញ តែចៅក្រម ម្នាក់ នៅតុលាការទីក្រុងញ៉ូយក បានចេញបញ្ជាបង្គាប់ដំបូងមួយ ដោយអោយ រូបចំលាក់នេះស្ថិតនៅក្រោមការគ្រប់គ្រង របស់ គ្រឹះស្ថានដេញថ្លៃ សុធើបាយ Sotheby's ជាបណ្ដោះអាសន្នសិន ដោយយោងទៅលើហេតុផលពីរ។ ទីមួយ គ្មានភស្ដុតាងណាមួយ ក្នុងអំឡុងពេលធ្វើអង្កេត បានបង្ហាញថា មានសកម្មភាពខុសច្បាប់ ឬលួចបន្លំ ដែលអាចដាក់បន្ទុក លើ គ្រឹះស្ថានដេញថ្លៃនេះបានទេ។ ហេតុផលមួយទៀត យោងទៅលើបញ្ហាបច្ចេកទេស ក្នុងការលើដាក់វត្ថុបូរាណ មួយនេះ ដែលអាចខុសពីក្បួនខ្នាត បណ្ដាលធ្វើអោយខូចខាតដល់រូបចំលាក់​ ហើយចៅក្រមគិតថា គ្រឹះស្ថានដេញថ្លៃ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរក្សាទុករូបចំលាក់នេះ ដើម្បីរងចាំសាលក្រមសំរេច។

ចំណេកឯខាងគ្រឹះស្ថានដេញថ្លៃវិញ នៅក្នុងអត្ថបទមួយដែលចេញផ្សាយ លើគេហទំព័រ Liveauctioneers.com បាន អោយដឹងថា ការលក់ដោះដូរ រូបចំលាក់ក្នុងកន្លែងរបស់ខ្លួន មានភាពស្របច្បាប់ទាំងស្រុង អនុលោមទាំងតាមច្បាប់នៃ សហរដ្ឋអាមេរិច និងទាំងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ គ្រឹះស្ថានដេញថ្លៃ ក៏បានបញ្ជាក់បន្ថែមពីភាពស្អាតស្អំ របស់ ម្ចាស់រូបចំលាក់ជនជាតិប៊ែលហ្សិច ដែលទទួលបានភាពជាម្ចាស់ទ្រព្យ តាំងពី៤០ឆ្នាំកន្លងទៅហើយ ហើយភាពស្អាតស្អំ នេះ មិនអាចមាននរណាម្នាក់យកមកជជែកវែកញ៉ែកបាននោះទេ។​ ភាពស្របច្បាប់របស់គ្រឹះស្ថានដេញថ្លៃ បានលើក សង្កត់ធ្ងន់ថា ហេតុផលឬភស្ដុតាងដែលបានទាញបញ្ជាក់ ពីរូបចំលាក់ត្រូវបានលួចចេញពីកន្លែងដើមនោះ​ មានតិចតួច ស្ដួចស្ដើងជាទីបំផុត  ហើយក៏គ្មានអំណេះអំណាងណាមួយនិយាយពីកាលបរិច្ឆេតពិតប្រាកដ នៃការគាស់រំលើងលួចរូប ចំលាក់នេះផងទេ។

ប៉ុន្តែ ផ្ទុយពីការអះអាងខាងលើ ប្រតិកម្មជាច្រើនបានឆ្លើយប្រឆាំងតបទៅនឹង ឫកពាពាក្យសំដីរបស់ គ្រឹះស្ថានដេញថ្លៃ នេះ ជាពិសេសទៅលើការអះអាង លើកមិនចេះចប់មិនចេះហើយ ពី«ភាពស្អាតស្អំ»របស់ម្ចាស់រូបចំលាក់ជនជាតិ ប៊ែលហ្សិច។ លោកបូរាណវិទូជនជាតិអង់គ្លេសម្នាក់ឈ្មោះ ផូល បារហ្វ័ដ Paul Barford បានធ្វើសេចក្ដីប្រកាសនៅក្នុង គេហទំព័រផ្ទាល់ខ្លួន មួយថា៖

«តើ “ភាពស្អាតស្អំ” ចង់និយាយមានន័យថាយ៉ាងដូចម្ដេច? តើគេអាចទិញយ៉ាងដូចម្ដេចបាន នូវវត្ថុបុរាណ នៃរចនាបថ ខ្មែរមួយ ដោយបើគេបានដឹងថា ជើងរបស់វាទើបនឹងកាត់ផ្ដាច់ចេញជើងទ្រនៅកន្លែងដើម ហើយរូបនេះទៀតសោត មានប្រភពចេញពីប្រទេសមួយ ក្នុងខណៈដែលគេដឹងសឹងតែគ្រប់ៗគ្នា ពីសង្គ្រាមរាំងជល់ដ៏រ៉ាំរ៉ៃនោះ?  តើគេអាចនិយាយ យ៉ាងដូចម្ដេចបាន ពី“ភាពស្អាតស្អំ” [...] ខណៈដែលការដឹកជញ្ជូន គ្មានលិខិតបញ្ជាក់បញ្ជូនចេញដោយត្រឹមត្រូវនោះ​?​ ខ្ញុំមិនមើលឃើញថា វាស្អាតស្អំជាងអ្វី​ដែលខ្ញុំសូមធ្វើការប្រៀបធៀប ទៅនឹងការទិញ ក្ដាបញ្ជា iPad ដែលគេទំលាក់តំលៃ យ៉ាងថោក ក្រោយពេលមានការជ្រួលច្របល់ នៅទីក្រុងឡុងដ៍នោះទេ។»

តាមគេហទំព័រមួយឈ្មោះហៅថា Entlawdigest.com របស់ស្ថាប័នយុត្តិធម៌អាមេរិចកាំង អង្គជំនុំជំរះលើកក្រោយ លើរឿងក្ដីនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែមិថុនាខាងមុខ៕

សូមអញ្ជើញទស្សនាខ្សែរវីដេអូមួយនិយាយពីរឿងនេះ ផលិតដោយវិទ្យុសំលេងសហរដ្ឋអាមេរិច ដូចខាងក្រោម៖

ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២
ប្រភពពត៌មាន៖ artmediaagency.com
Crédit Photo : paul-barford.blogspot.com
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...